SHARE- TWEET
ព្យុះទីហ្វុងមានឥទ្ធិពលបំផុតក្នុងឆ្នាំនេះឈ្មោះ Goni បានបង្កឲ្យមានការបាក់ដីនៅប្រទេសហ្វីលីពីនជាមួយនឹងល្បឿនខ្យល់អតិបរមា២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។សេវាកម្មអាកាសធាតុរដ្ឋបាននិយាយថា ព្យុះទីហ្វុងនេះបានវាយប្រហារកោះ Catanduanes នៅថ្ងៃអាទិត្យនេះវេលាម៉ោង៤និង៥០នាទីព្រឹក (ម៉ោងក្នុងស្រុក)។
គេរំពឹងថា ព្យុះនេះនឹងវាយប្រហារកោះ Luzon នៅពេលយប់ដោយឆ្លងកាត់រដ្ឋធានី ម៉ានីល។នៅក្នុងសេចក្តីប្រកាសព័ត៌មានអំពីអាកាសធាតុ រដ្ឋបាលសេវាកម្មភូគព្ភសាស្ត្រ រូបវិទ្យានិងតារាសាស្ត្រហ្វីលីពីន (Pagasa) បានព្រមានអំពីទឹកជំនន់ ការបាក់ដីនិងទឹកហូរនាំដីល្បាប់នៅក្នុងតំបន់នានានៃកោះ Luzon ក៏ដូចជានៅកោះ Visayas និង Mindanao ផងដែរ។ព្យុះទីហ្វុង Goni ឬត្រូវបានគេស្គាល់ថា Rolly នៅក្នុងប្រទេសហ្វីលីពីនគឺជាព្យុះខ្លាំងបំផុតដែលវាយប្រហារប្រទេសនេះចាប់តាំងពីព្យុះទីហ្វុង Haiyan បានសម្លាប់មនុស្សជាង៦,០០០នាក់កាលពីឆ្នាំ២០១៣។
លើកនេះ ការត្រៀមខ្លួនគឺមានភាពស្មុគស្មាញដោយសារតែជំងឺកូវីដ១៩ដែលបានឆ្លងដល់មនុស្ស៣៨០,៧៣៩នាក់រួចទៅហើយនិងបណ្តាលឲ្យមានអ្នកស្លាប់៧,២២១នាក់នៅហ្វីលីពីន។ប្រមុខការពារស៊ីវិលលោក Ricardo Jalad បាននិយាយថា ប្រជាជនជិតមួយលាននាក់នៅតំបន់ Bicol ភាគខាងកើតកោះ Luzon បានចាកចេញពីផ្ទះរបស់ពួកគេរួចទៅហើយ។ប្រជាជនកំពុងត្រូវបានជំរុញឲ្យត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការជន់លិចនិងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរនិងខ្យល់បក់ខ្លាំង។
លោក Mark Timbal នៃករុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងគ្រោះមហន្តរាយជាតិបានប្រាប់ទូរទស្សន៍ក្នុងស្រុក ABS-CBN ថា “ខ្យល់ព្យុះកំពុងបក់បោកមកលើឆ្នេរសមុទ្រខាងកើតរបស់យើង។ យើងកំពុងតាមដានភ្នំភ្លើង Mayon និង Taal ចំពោះលទ្ធភាពនៃលំហូរភក់ដែលអាចកើតមាននៅភ្នំភ្លើង”។
កំពង់ផែនិងអាកាសយានដ្ឋានត្រូវបានបិទហើយសាលារៀន ក្លិបហាត់ប្រាណនិងមជ្ឈមណ្ឌលជម្លៀសដែលគ្រប់គ្រងដោយរដ្ឋាភិបាលកំពុងត្រូវបានប្រើសម្រាប់ជម្រកគ្រាអាសន្ន។ប្រទេសហ្វីលីពីនត្រូវរងការវាយប្រហារដោយខ្យល់ព្យុះនិងព្យុះទីហ្វុងជាមធ្យម២០ព្យុះក្នុងមួយឆ្នាំ។ មនុស្ស២២នាក់ត្រូវបានសម្លាប់កាលពីសប្តាហ៍មុនដោយសារព្យុះទីហ្វុង។
No comments:
Post a Comment