ខេត្តរតនគិរី៖ មន្ត្រីនគរបាលជានាយប៉ុស្តិ៍នៅខេត្តរតនគិរីមួយរូបរងការចោទប្រកាន់ ល្បួងលួងលោមក្មេងស្រីជាអនីតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច កាលពីវេលាម៉ោងប្រហែល១០និង០០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុងបានលុង ខេត្តរតនគិរី។ក្រោយកើតហេតុអាណាព្យាបាលក្មេងស្រីរងគ្រោះបានស្វះស្វែងរកជំនួយផ្នែកច្បាប់ ដើម្បីដាក់ពាក្យបណ្តឹង តែត្រូវបានលោកនាយប៉ុស្តិ៍រូបនោះ សុំការសម្រួលដោយសុំសងសំណងជាប្រាក់ដើម្បីបញ្ចប់រឿង។
បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ម.ល អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានកំណើត កើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៧ នៅភូមិចងរា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្នរស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ចំណែកជនសង្ស័យរងការចោទប្រកាន់ឈ្មោះ ទួន មេសា តួនាទីជានាយប៉ុស្តិ៍ច្រករបៀងភូមិភិ។
ប្រភពបន្តថា ក្នុងរឿងហេតុមន្ត្រីនគរបាលនោះអាងមានខ្សែធំនៅក្នុងស្នងការនគបាលខេត្តរតនគិរី មិនគោរពការសន្យាទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រួសារក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងសារជាថ្មី។ ប្រភពទម្លាយប្រាប់ឲ្យដឹងថា មានការចេញមុខជួយចរចាដោយសម្ងាត់ពីមន្ត្រីនគរបាលថ្នាក់ធំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមសងសំណងជាលុយ ដោយមិនឲ្យអាណាព្យាបាលក្មេងរងគ្រោះទម្លាយរឿងចេញទៅខាងក្រៅឡើយ។
ប្រភពដែលស្និទ្ធនឹងក្មេងស្រីបានបង្ហើបឲ្យដឹងថា ក្មេងស្រីរងគ្រោះទទួលបានលុយចំនួន៦លានរៀល។ ពាក់ព័ន្ធករណីរឿងនេះអ្នកសារព័ត៌មានបានខលទូរសព្ទសុំការបំភ្លឺ ពីលោក ទួន មេសា ដោយលោកបញ្ជាក់យ៉ាងខ្លីថា៖ “នេះជារឿងចោទប្រកាន់ទេ ពីព្រោះគេស្រលាញ់លោក ហើយលោកមិនព្រមស្រលាញ់ ទើបគេប្ដឹងចោទប្រកាន់លោកតែម្ដងទៅ”។
ចំណែកលោក ស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនជួញដូរ ការពារអនិត្តិជន និងយិនឌ័រ បានបញ្ជាក់ថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដែរ តែដាក់បានប៉ុន្មានម៉ោងអាណាព្យាបាលក៏ដកពាក្យបណ្តឹងទៅវិញ ហើយមិនពាក់ព័ន្ធនឹងការរំលោភអីនោះទេ ដោយគាត់ខឹងក៏ធ្វើអញ្ចឹងទៅដោយខាងម្តាយគេមកដកវិញ។ដោយឡែកលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ករណីនេះមានពិតមែន តែខាងជំនាញកំពុងអនុវត្តតាមនិតិវិធី។
No comments:
Post a Comment