បន្ទាយមានជ័យ៖ក្នុងរយៈពេលមិនទាន់បាន ការអនុញ្ញាតច្បាប់ ឈ្មួញបានដំណើរការ នាំចូលគ្រឿងក្នុងសត្វជ្រូក ពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជា ជាយូរមកហើយ ដោយជ្រកក្រោមស្លាក ក្រុមហ៊ុននាំជលផល ពិសេសគឺ ត្រីចំណីក្រពើ ។ គេត្រូវបង្កប់ទំនិញនោះ ក្នុងរថយន្តទូក្លាស្សេ ហើយសមត្ថកិច្ចគយ និងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានអនុញ្ញាត ឬធ្វើជាមិនត្រួតពិនិត្យ ហើយបណ្តោយអោយចូលមក រាប់សិបតោន ក្នុង១ថ្ងៃៗ ។ប្រភពព័ត៌មានពីប៉ោយប៉ែត បានអោយកាសែតរស្មីកម្ពុជា ដឹងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថាៈ ការនាំចូល គ្រឿងក្នុងសត្វជ្រូកទាំងនោះ គឺផ្ទុកក្នុងរថយន្តធុនធំរបស់ថៃ ទូក្លាស្សេនៃផលិតផលផល និងត្រីចំណីក្រពើ ដែលដឹកជញ្ជូន ដោយក្រុមហ៊ុនស្របច្បាប់ ក្នុងនោះមាន វរសេនីយ៍ទោ (នាយរងនគរបាលវរៈ៨០៧ ថ្មពួក) លោក តាំង កុកឆាយ ហៅ ឡេង ជួយមើលការខុសត្រូវ។
ពេលដឹកជញ្ជូនតាមរថយន្តទូក្លាស្សេ ឬរថយន្តឃ្លុប ពីប្រទេសថៃ ត្រូវយកមកស្តុក នៅទីតាំងរក្សាទុក ដែលមានបញ្ហាប្រឈម ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដើម្បីចែកចាយ រួមមាន ២ ទីតាំងសំខាន់៖
១. ក្នុងស្តង់ត្រីផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត និង ២. នៅឃ្លាំងជិតសាលា សង្កាត់ប៉ោយប៉ែត ក្នុងភូមិមិត្តភាព ស្ថិតក្នុងសង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តែក៏មាន មានទីតាំង មួយចំនួនផ្សេងទៀត ផងដែរ ។
លោកវរសេនីយ៍ទោ តាំង កុកឆាយ ហៅ ឡេង បានប្រាប់សារព័ត៌មានថាៈ ទីតាំងទាំងនោះ គឺជារបស់លោកប្រើប្រាស់ សម្រាប់ស្តុកក្លាស្សេមែន ។ ប៉ុន្តែ តទៅមុខ លោកនឹងប្រមូលក្រុមឈ្មួញ ម្ចាស់ទំនិញ ដែលនាំចូល ដោយជ្រកក្រោម ក្រុមហ៊ុន ត្រូវនាំចូលប្រមូលផ្តុំ មកចូល ក្នុងទីតាំងក្រុមហ៊ុនទាំងអស់ គឺត្រូវត្រួតពិនិត្យ លើការដឹកជញ្ជូន និងរក្សាទុក អោយមានស្តង់ដា ។ រាល់ឡានទាំងអស់ ត្រូវចូលមកក្នុងក្រុមហ៊ុន ។
លោកបានបន្តថាៈ លោកទុកពេលឱ្យរយៈពេល ២ អាទិត្យ ដល់ឈ្មួញ ។ បើមិនចូលទេ លោកនឹងស្នើសុំប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ ចាត់ការបង្ក្រាប ពោលគឺ បើមានមន្ត្រីមានសមត្ថកិច្ចណា គេចុះចាប់ លោកមិនទទួលស្គាល់នោះទេ ហើយក៏កុំយកឈ្មោះ ក្រុមហ៊ុនលោក ទៅប្រើ ។ទោះជាយ៉ាងណា លោកវរសេនីយ៍ទោ បានព្រមានថាៈ កុំភ្ជាប់លោក អោយពាក់ព័ន្ធគ្រឿងក្នុងជ្រូក និងស្រមោលក្រុមហ៊ុននោះអី ព្រោះលោកជា មន្ត្រីនគរបាលឯណោះទេ ។
សូមបញ្ជាក់ថា យោងលើសារាចរលេខ ០៧ សរ ចុះថ្ងៃទី ៣១ ខែកកដ្កា ឆ្នាំ២០១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់ ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផល មានដើមកំណើត ពីសត្វជ្រូក គ្រប់ប្រភេទ ដោយខុសច្បាប់ ម្ចាស់ទីតាំង ដែលរក្សាទុកគ្រឿងក្នុងជ្រូក ខាងលើ (ផ្កាយ៣ និងឃ្លាំងជិតសាលាសង្កាត់ប៉ោយប៉ែត) បានឱ្យដឹងថាៈ ទីតាំងលោក បានបង់លុយថ្ងៃផលិតជ្រកក្រោមក្រុមហ៊ុនរបស់ (ង) ហើយ ។ម្ចាស់ស្តង់ បានបន្តថាៈ បើមិនមានច្បាប់អី ក្រុមហ៊ុនក៏មិនអាចដឹកទៅភ្នំពេញ និងខេត្តនានាបានដែរ ។
នៅក្រុងប៉ោយប៉ែត គេបានឃើញក្រុមឈ្មួញ និងអ្នកស៊ីឈ្នួលដឹក បានដឹកសាច់ និងគ្រឿងក្នុងជ្រូកទាំងនោះ តាមម៉ូតូ ម៉ូតូកង់៣ រុឺម៉ក ដោយគ្មានធុង ឬឡានក្លាស្សេ អោយមានស្តង់ដា ត្រឹមត្រូវតាមគោលការណ៍ បទដ្ឋានណែនាំ តាមផ្លូវច្បាប់នោះទេ។ ឯទីតាំងរក្សាស្តុកទុក ក៏មិនបានក្លាស្សេអីដែរ គឺមានតែឃ្លាំង និងផ្ទះធម្មតាប៉ុណ្ណោះ ។លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ បាននិយាយថាៈ ករណីនេះ ត្រូវសួរទៅ មន្ត្រីនគរបាល ដែលថា ជាអ្នកមើលការខុសត្រូវនោះ ឬទៅក្រុមហ៊ុន ព្រោះជំនាញខាងលោក លែងមានសមត្ថកិច្ច នៅច្រកព្រំដែន ដូចមុនឡើយ។ចំណែកមន្ត្រីគយ ការិយាល័យច្រកទ្វារព្រំដែនអន្តជាតិ ក៏ដូចនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ក៏មិនព្រមបំភ្លឺដែរ ដោយរុញពីមួយ ទៅមួយ។
សូមបញ្ជក់ថា កន្លងមក សមត្ថកិច្ចគយ , នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន មន្ត្រីពេទ្យសត្វ មន្ត្រីនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច មន្ត្រី ក.ប.ប (អតីតកាំកុងត្រួល) តំណាងអយ្យាការ អមសាលាដំបូងខេត្ត នៅខេត្តបន្ទាយមានជ័យ និងនៅច្រកទ្វារព្រំដែន ឧស្សាហ៍ឆ្មក់ចាប់ បង្ក្រាប និងនាំទៅកម្ទេចចោល នូវសាច់ជ្រូក គ្រឿងក្នុងជ្រូក គោក្របី មាន់ ទា ក្នុងម្តងៗ រាប់ពាន់គីឡូក្រាម និងតោន ហើយនាំគ្នាធ្វើកំណត់ហេតុ កសាងសំណុំរឿង ហើយនាំទៅកម្ទេចចោល តាមបច្ចេកទេស ។ ប៉ុន្តែ ឥឡូវ ក៏ប្រែប្រួលទៅជាអនុញ្ញាត អោយនាំចូលទៅវិញ៕/
No comments:
Post a Comment