www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរៀបចំ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ជូនប្រជាពលរដ្ឋទូទៅអាយុពី១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញ និងទីប្រជុំជនខេត្តកណ្តាល ឲ្យបានលឿន និងរហ័ស ក្នុងរយៈពេលខ្លី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ រៀបចំ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ឱ្យបានលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី ជូនបងប្អូនប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅឱ្យបានគ្រប់រូបនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងទីប្រជុំជនធំៗនៃខេត្តកណ្តាល។ (ដោយលែងគិតលើជនអទិភាពចាក់មុន ឬចាក់ក្រោយទៀតហើយ)។ការបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងតាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលចេញផ្សាយ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងដូច្នេះថា៖ «គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំកែសម្រួល វិធីសាស្ត្រ និងផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឱ្យក្លាយទៅជា "យុទ្ធនាការជាតិចាក់វ៉ាក់សាំង" ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ ដើម្បីជំរុញការចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅឱ្យបានគ្រប់រូប នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងទីប្រជុំជនធំៗនៃខេត្តកណ្តាល ដែលមានមនុស្សច្រើនកុះករធ្វើការ និងរស់នៅសំដៅបង្កើតឱ្យមានភាពស៊ាំសហគមន៍ (Herd Immunity) ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេស បញ្ចសឱ្យបាននូវការបិទខ្ទប់ជាថ្មីសម្រាប់ភូមិសាស្ត្រនេះ»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏ណែនាំឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវអនុវត្ត «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ត្រូវធានាឱ្យបាននូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃកិច្ចដំណើរការនេះ ពិសេសតាមរយៈគោលការណ៍នាំយកសេវា ទៅកៀកបំផុតជូនប្រជាពលរដ្ឋ។សូមជម្រាបថា ត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,២៩៥,៦៦០នាក់៕










Post a Comment

0 Comments