ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារនេះ រដ្ឋបាលរាជធានីភ្នំពេញបាននាំយកនូវអំណោយបន្ថែមដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារដែលមានជីវភាពខ្វះខាតនិងកំពុងតែធ្វើចត្តាឡីស័ក ក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់ បន្តទៀត នៅព្រឹកថ្ងៃទី៦ មេសានេះ បើទោះបីកាលពីយប់ថ្ងៃទី៥ មេសា លោកបានចុះសួរសុខទុក្ខ និងបាននាំយក នូវស្បៀងអាហារ ផ្តល់ជូនម្តងរួចមកហើយក្តី។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង នៅពេលនេះ ខណៈដែលទទួលបានព័ត៌មាន ពីបងប្អូនដែល កំពុងធ្វើចត្តាឡីស័ក នៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ សម្តេចបានឱ្យអាជ្ញាធរ រាជធានី ភ្នំពេញ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងនាំយកនូវ ថវិកា ស្បៀងអាហារមួយចំនួន មកចែកជូនបងប្អូនភ្លាមតែម្តង បើទោះបីនៅពេលយប់ក៏ដោយ។
លោកអភិបាកបានបន្តទៀតថាៈ សម្ដេចតេជោ ហ៊ុន សែន នៅតែជាជួរមុខ ក្នុងជួយបងប្អូនប្រជា ពលរដ្ឋ បើទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ។ ជាក់ស្តែង ខណៈដែលបងប្អូន ជួបការលំបាកក្នុងជីវភាព ពេលកំពុងធ្វើចត្តាឡីស័កនេះ គឺសម្តេចបានណែនាំអោយចុះ ជួយភ្លាមៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង សូមឱ្យប្រជាពលរដ្ឋមានការ យោគយល់ ចំពោះការបិទភូមិមួយនេះ មិនអោយចេញចូល ដោយសារតែនេះជាវិធាន របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រទេសណា ក៏គេធ្វើដូច្នេះដែរ សំដៅធ្វើយ៉ាងណា កុំអោយជំងឺនេះ រាលដាលកាន់តែខ្លាំង។
មន្ត្រីរដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថាៈ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង ៣០០ គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋ ដែលអាជ្ញាធរ របស់យើង តម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក នៅពេលនេះ មានចំនួន១៦០ គ្រួសារ ។អំណោយដែលប្រគល់ជូន នៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបានថវិកា ៣០ ម៉ឺនរៀល សាច់ជ្រូក ២ គីឡូក្រាម ត្រីខ១០កំប៉ុង និងទឹកបរិសុទ្ធ១កសេ ខណៈដែលកាលពីយប់ ថ្ងៃទី៥ មេសា លោក ឃួង ស្រេង បានប្រគល់ជូននូវអង្កចំនួន ២៥ គីឡូក្រាម ក្នុង១គ្រួសារ ដែលទទួលបានរួចហើយនោះ៕
No comments:
Post a Comment