គណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានសម្រេចរំលាយគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រីស៊ូជី ដោយចោទប្រកាន់គណបក្សនេះបានបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០។សារព័ត៌មាន Myanmar Now បានផ្សាយថា ការសម្រេចខាងលើ កើតឡើងក្រោយកិច្ចប្រជុំរបស់កម្លាំងយោធា និងគណបក្សនយោបាយមួយចំនួនដែលគាំទ្រយោធា។
ប្រធាន គណៈកម្មាធិការរៀបចំការបោះឆ្នោត UEC ដែលជ្រើសតាំងដោយកម្លាំងយោធា លោក Thein Soe បានឱ្យដឹងថា ការបោះឆ្នោតដែលរៀបចំឡើងដោយគណបក្ស NLD គឺជារឿងខុសច្បាប់។លោក Thein Soe បានបន្តទៀតថា «ទាំងនោះហើយទើបយើងសម្រេចរំលាយគណបក្ស NLD ។ អ្នកដែលធ្វើរៀងរ៉ាវទាំងនោះ ត្រូវបានចាត់ទុកថាជាជនក្បត់ ហើយយើងចំបាច់ត្រូវធ្វើសកម្មភាព»។
អ្នកនាំពាក្យគណបក្សសាមគ្គីនិងអភិវឌ្ឍន៍បានបញ្ជាក់ថា មានតំណាងចូលរួមក្នុងកិច្ចប្រជុំ តែមិនទាន់មានការបញ្ចេញមតិនៅឡើយទេ ។
កម្លាំងទាហាន មីយ៉ាន់ម៉ា បានដណ្តើមការគ្រប់គ្រងរដ្ឋាភិបាល កាលពីដើមខែកុម្ភៈ ដោយចោទប្រកាន់ការបោះឆ្នោតមានការបន្លំសន្លឹកឆ្នោត ប៉ុន្តែគណៈកម្មាធិការរៀបចំការបោះឆ្នោត បានច្រានចោលការចោទប្រកាន់ទាំងនោះ ។ ចាប់តាំងពីការធ្វើរដ្ឋប្រហារមកទល់ពេលនេះមានមនុស្ស៨០០នាក់ហើយបានស្លាប់ ដោយអំពើហិង្សារវាងក្រុមបាតុករនឹងកម្លាំងយោធា ៕
No comments:
Post a Comment