ភ្នំពេញ ៖ បុរសម្នាក់ជាឪពុកចុងប្រើប្រាស់គ្រឿងញៀនដែលប្រើអំពើហិង្សាយកជង្គង់អុកទៅលើដើមទ្រូងកូនស្រីចុងអាយុ០២ឆ្នាំស្លាប់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតក្នុងនោះក៏មានការចូលរួមពីមន្ត្រីអង្គការការពារកុមារ ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យឪពុកចុង ក្រោយពីកម្លាំងសមត្ថកិច្ចទទួលពាក្យបណ្តឹងពីម្តាយបង្កើតក្មេងស្រីរងគ្រោះ ។ លោកវរសេនីយ៍ឯក ម៉េង វិមានដារ៉ា អធិការនគរបាលខណ្ឌមានជ័យឱ្យដឹងថា កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ផ្លូវ លំ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញគឺជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទស្រី អាយុ០២ ឆ្នាំ និងជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា អាយុ២៩ឆ្នាំ បាននៅក្នុងផ្ទះជួលតែ០២នាក់ ខណៈនោះជនរងគ្រោះបានវាយក្បាល និងយកជើងធូបចាក់ភ្នែកជនសង្ស័យ ។
ភ្លាមនោះជនសង្ស័យខឹងក៏បានចាប់ជនរងគ្រោះវាយខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក៏បាននាំជនរងគ្រោះទៅឲ្យជីតារបស់ជនរងគ្រោះឈ្មោះ ម៉ី ថុល ដោយភូតកុហកថារូបគេរអិលជើងដួលក្នុងបន្ទប់ទឹកសង្កត់លើក្មេងរងគ្រោះបណ្ដាលឲ្យស្លាប់ ហើយជីតាក្មេងរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសាកសពជនរងគ្រោះ ឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែងមិនអាចរអិលជើងដួលសង្កត់លើដូចការអះអាងរបស់ជនសង្ស័យនោះទេ ។
បន្ទាប់មក សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យឈ្មោះ សុខ រដ្ឋា យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ រយៈពេលយ៉ាងយូរទើបជនសង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថារូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។លោកអធិការប្រាប់ឱ្យដឹងទៀតថា ឈ្មោះ ផុន សុខហាក់ ភេទ ស្រី អាយុ២៧ ឆ្នាំ (ត្រូវជាម្ដាយបង្កើតរបស់ក្មេងរងគ្រោះនិងជាប្រពន្ធជនសង្ស័យ បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកសាកសពក្មេងស្រីរងគ្រោះបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ រដ្ឋា ត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
No comments:
Post a Comment