លោក ស៊្រុន ណាត ប្រធានស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគីដូនរ័ត្ន កំពុងល្បីឈ្មោះថាជាអ្នកនៅពីក្រោយខ្នងបទល្មើសឆ្លងដែន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ស៊្រុន ណាត ប្រធានស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគីដូនរ័ត្ន កំពុងល្បីឈ្មោះថាជាអ្នកនៅពីក្រោយខ្នងបទល្មើសឆ្លងដែន

ត្បូងឃ្មុំ៖ជាច្រើនឆ្នាំកន្លងមកនេះ ទំនិញខុសច្បាប់ជាច្រើនប្រភេទដែលរាជរដ្ឋាភិបាលហាមឃាត់ មិនឲ្យមានការនាំចេញ បានសម្រុកដឹកចេញឆ្លងដែនយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងតាមច្រកទ្វារទ្វេភាគីដូនរ័ត្ន ដែលមានលោក ស៊្រុន ណាតជាប្រធានស្នាក់ការ និងលោក នូរ និច នាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន ហើយកំពុងរង់ការរិះគន់ថា ជាអ្នកនៅពីក្រោយខ្នងនៃបទល្មើសឆ្លងដែន និងជាដើមចមធ្វើឲ្យបាត់បង់ថវិកាចំណូលពន្ធរដ្ឋយ៉ាងច្រើនសម្បើមក្នុងមួយឆ្នាំៗ។មន្ត្រីគយចល័តប្រចាំខេត្តត្បូងឃ្មុំមួយរូបសុំមិនបញ្ចេញឈ្មោះបាឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦កក្កដាឆ្នាំ២០២១នេះ មន្ត្រីគយចល័តបានចុះប្រតិបត្តិការនៅក្បែរច្រកទ្វារទ្វេភាគីដូនរ័ត្ន ធ្វើការឃាត់រថយន្តដឹកជ័រកៅស៊ូស្អុយខុសច្បាប់ និងធ្វើកិច្ចសន្យាជាបន្តបន្ទាប់ជាមួយម្ចាស់រថយន្ត មិនឲ្យបន្តដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាតឡើយ ដើម្បីខិតខំគៀងគរបង្កើនចំណូលពន្ធរដ្ឋ តាមគោលការណ៍របស់ក្រសួងហិរញ្ញវត្ថុ។

មន្ត្រីគយខាងលើបន្តថា រដ្ឋាភិបាលពុំទាន់មានចេញអនុក្រឹត្យណាមួយ អនុញ្ញាតឲ្យមានការនាំចេញជ័រកៅស៊ូស្អុយទៅក្រៅប្រទេសនៅឡើយទេ ដោយរដ្ឋតម្រូវឲ្យមានក្រុមហ៊ុនជាច្រើន បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូក្រែបត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនការងារជូនពលរដ្ឋខ្មែរ ក៏ដូចជាការប្រមូលពន្ធបង្កើនចំណូលរដ្ឋ ពេលក្រុមហ៊ុនស្នើសុំនាំចេញកៅស៊ូក្រែបទៅក្រៅប្រទេស។ជាក់ស្តែងបន្ទាប់ពីមន្ត្រីគយចល័តប្រចាំខេត្តត្បូងឃ្មុំចុះឃាត់រថយន្តដឹកជ័រកៅស៊ូស្អុយ ហៅម្ចាស់រថយន្តមកអប់រំណែនាំឲ្យយល់ពីច្បាប់ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យបន្តដឹកជ័រកៅស៊ូស្អុយឆ្លងដែនខុសច្បាប់នេះ ស្រាប់តែមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មន្ត្រីខិលខូចដែលធ្លាប់ទទួលប្រយោជន៍ពីក្រុមឈ្មួញ ជាពិសេសមន្ត្រីស្នាក់ការច្រកទ្វារទ្វេភាគីដូនរ័ត្នតែម្តង ដោយហ៊ានធ្វើរបាយការណ៍កុហក់ថ្នាក់នាំខេត្តថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឲ្យប៉ះពាល់ដល់ការងារបក្ស ក្នុងបំណងបិទបាំងការពិត ដើម្បីបក្ខពួកខ្លួនមានឱកាសបន្តក្តោបក្តាប់ប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីច្បាប់ ឬចំណូលពន្ធរដ្ឋឡើយ ដែលធ្វើឲ្យរដ្ឋបាត់ចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗពីពន្ធនាំចេញកៅស៊ូកែច្នៃទៅក្រៅប្រទេស ។

លោក ចឹម ចា រស់នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ជាឈ្មួញម្នាក់រកសុីដឹកជ័រកៅស៊ូស្អុយឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្ធារទ្វេភាគីដូនរ័ត្ន បានឲ្យដឹងថា ឈ្មួញជ័រកៅស៊ូស្អុយ ភាគច្រើនមកពីខេត្តផ្សេងៗដូចជាក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាមជាដើម។ល។ ដូចរូបលោក គឺដើរម្រមូលទិញជ័រកៅស៊ូស្អុយដឹកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ដោយមិនដឹងថាជាទង្វើល្មើសច្បាប់ឡើយ។ លោកបន្តឲ្យដឹងថា ការដឹកជ័រកៅស៊ូឆ្លងដែន លោកបានបង់ឲ្យស្នាក់ការច្រកទ្វារដូនរ័ត្ន ទើបសមត្ថកិច្ចបើកប៉ារ៉ាស់ឲ្យរថយន្តរបស់លោកឆ្ងងដែនបាន។ប្រភពពីពលរដ្ឋក្នុងស្រកមេមត់ ខេត្តត្បូងឃ្មុំ ដែលរស់នៅក្បែរច្រកទ្វារទេ្វភាគីដូនរ័ត្នបានឲ្យដឹងថា ក្រៅពីទំនិញកសិផលស្របច្បាប់ ទំនិញខុសច្បាប់ជាច្រើនដែលរដ្ឋហាមឃាត់ដូចជា ឈើ ធ្យូង ជ័រកៅស៊ូស្អុយ អុសកៅស៊ូ ។ល។ ត្រូវបានក្រុមឈ្មួញសម្រុកដឹកឆ្លងដែនតាមរថយន្តតូចធំទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃតាមគ្រប់រូបភាព ទាំងថ្ងៃទាំងយប់ ដោយសារតែច្បាប់លុយ ផ្ទុយពីច្បាប់រដ្ឋ ក្រោមការការគប់គិតរវាងមេឈ្មួញល្បីឈ្មោះជាច្រើននាក់ ជាមួយលោក ស៊្រុន ណាត ប្រធានស្នាក់ច្រកទ្វារ និងលោក នូរ និច នាយនគរបាលដុះស្លែ ប្រចាំប៉ុស្តិ៍ព្រំដែនដូនរ័ត្ននេះតែម្តង។ 

ក្រៅពីនោះ កាលពីពេលកន្លងទៅ លោកស៊ុ្រន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន ក៏ល្បីខាងលួចអនុញ្ញាតឲ្យមានការដឹកជញ្ជូនខ្សាច់ខុស ច្បាប់ តាមច្រកទ្វារព្រំដែនក្រោមការគ្រប់គ្រងរបស់ខ្លួនដែរ ហើយត្រូវបានកម្លាំងអាវុធហត្ថធ្វើការបង្ក្រាប  បែរជារបាយការណ៏ទៅថ្នាក់ដឹកនាំរដ្ឋបាលខេត្តថា ពលរដ្ឋខ្មែរដឹកខ្សាច់ទៅសាងសង់ផ្ទះនៅជាប់នឹងព្រំដែនទៅវិញ។ប្រជាពលរដ្ឋខាងលើឲ្យដឹងដែរថា មេឈ្មួញមានអំណាចល្បីឈ្មោះនៅច្រកទ្វារព្រំដែនដូនរ័ត្ននេះមានដូចជា លោក ថៃ គា ជាមន្ត្រីកងទ័ព លោក យ៉ាន់ ឃុនមុនី ជាអ្នកកាសែត ល្បីខាងនាំធ្យូងខុសច្បាប់រាប់រយតោនក្នុងមួយថ្ងៃៗ ឆ្លងដែនតាមច្រកមួយនេះ ឯមេឈ្មួញឈ្មោះ ឌី ជាមេឈ្មួញធំជាងគេប្រចាំច្រកទ្វារព្រំដែនដូនរ័ត្ន ក្នុងការនាំជ័រកៅស៊ូស្អុយឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។

តាមប្រភពពីម្ចាស់រថយន្តសុីឈ្នួលដឹកធ្យូងឆ្លងដែនមួយរូប បានខ្សិបប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា បើនិយាយពីរថយន្តដឹកធ្យូងឆ្លងដែនគឺចាំបាច់ត្រូវចំណាយ ចាប់ពី៣០មុឺនរៀល ដល់៦០មុឺនរៀល សម្រាប់ប្រភេទរថយន្តសាំងយ៉ុង១គ្រឿង ទៅតាមចំណុះទម្ងន់ធ្យូងជាក់ស្តែង ឯរថយន្តកូរ៉េកង់១០ឡើងទៅ គឺត្រូវចំណាយចាប់ពី១លាន ដល់១លាន៦០មុឺនរៀលក្នុងមួយគ្រឿង បង់ឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នជំនាញដែលឈរជើងនៅស្នាក់ការច្រកទ្វារព្រំដែន។ដោយឡែក សម្រាប់ការដឹកជ័រកៅស៊ូស្អុយឆ្លងដែនវិញ គឺត្រូវបង់លុយឲ្យគ្រប់ស្ថាប័ននៅស្នាក់ការច្រកទ្វារព្រំដែនដូនរ័ត្ននេះ  ដោយមួយស្ថាប័នចាប់២មុឺនរៀលដល់៤មុឺនរៀល សម្រាប់រថយន្តសាំងយ៉ុងមួយគ្រឿង; រថយន្តកូរ៉េកង់១០ ចំនួន៨មុឺនរៀលក្នងមួយស្ថាប័ន; រីឯរថយន្តវ៉េអង គឺ២០មុឺនរៀលក្នុងមួយស្ថាប័ន។ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ស៊្រុន ណាត ប្រធានស្នាក់ការច្រកទ្វារដូនរ័ត្នបានទេដោយសារគ្មាលេខទូរស័ព្ទទាក់ទង ឯលោក នូរ និច នាយនគរបាលប៉ុស្តិ៍ច្រកទ្វារ មិនលើកទូរស័ព្ទ៕















No comments:

Post a Comment

Pages