ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដកតំណែង លោកឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា បន្ទាប់ពីរដ្ឋលេខាធិការរូបនេះ បានសរសេរឌឺដងសពអតីតមេដឹកនាំរបស់ខ្លួន នេះបើយោងតាមផេកហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះនៅមុននេះបន្តិចនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
នៅលើគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖«ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណៈភាព បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩»។
សម្ដេចតេជោ បានបន្តថា៖ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារ ផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។លើគណនីហ្វេសប៊ុករបស់សម្ដេចបានបញ្ជាក់ថា« ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌៕
No comments:
Post a Comment