ភ្នំពេញ ៖ បន្ទាប់ពីចៅក្រមស៊ើបសួរលើសុំណុំរឿង ដែលមន្ត្រីនគរបាលខណ្ឌ៧មករា ប្រើហិង្សាទៅលើស្រ្តីម្នាក់រងរបួសបែកក្បាល នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនយកទៅដាក់ពន្ធនាគារបណ្តោះអាសន្នហើយ។សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានបញ្ជូនមន្ដ្រីនគរបាលដែលបង្កឲ្យមានគ្រោះថ្នាក់ដល់នារីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
បន្ទាប់ពីព្រះរាជអាជ្ញា នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើការស៊ើបសួរ ក៏បានសម្រេចចោទប្រកាន់ មន្ដ្រីនគរបាលខណ្ឌ ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈអ្នកបើកម៉ូតូ ត្រូវបានចោទប្រកាន់ពីបទ «បដិសេធមិនស្តាប់បង្គាប់បញ្ជា» រួចក៏បញ្ជូនទៅចៅក្រមស៊ើបសួរបន្តរហូតព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួនជនជាប់ចោទ នៅពន្ធនាគារជាបណ្តោះអាសន្ន។
គួររំលឹកថា នៅវេលាម៉ោងប្រមាណ ៨៖២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កើតមានករណីហិង្សាមួយរវាងមន្ត្រីនគរបាលខណ្ឌ៧មករា ជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយក អាយកូម វាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូផងដែរ។
ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ រីឯអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ ដោយឡែកមន្ត្រីនគរបាលដែលប្រើហិង្សា ត្រូវបានគេស្គាល់ថា មានឈ្មោះ ម៉ាត់ ពិសី។សូមបញ្ជាក់ថា, បើតាមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ឱ្យ ឲ្យដឹងថា ការចោទប្រកាន់បុគ្គលទាំងពីរ ធ្វើឡើងដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។បច្ចុប្បន្នជនជាប់ចោទ ដែលជាមន្ត្រីនគរបាលខណ្ឌ៧មករាម្នាក់នេះត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួន នៅពន្ធនាគារជាបណ្តោះអាសន្នហើយ៕
No comments:
Post a Comment