ខេត្តបាត់ដំបង ៖ បន្ទាប់ពីបើកការអង្កេតអស់រយៈពេលជាង០២ខែលើករណី«អំពើឃា.ត.កម្ម»ដ៏ឃោ.រឃៅមួយ នៅស្រុកគាស់ក្រឡ ទីបំផុត សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ គឺជាលោកអធិការរងស្រុកគាស់ក្រឡ ដែលជននេះ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះតែម្តង (សា.ក.ស.ព) ។ បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដាក សុខា មានតួនាទីជាអធិការរងស្រុកគាស់ក្រឡ ទទួលបន្ទុកផ្នែកគ្រឿងញៀន។ ជននេះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្តឃាត់ខ្លួននិងដោះឯកសណ្ឋាននគរបាលជាតិ ហើយញាត់ចូលទ្រុងនៅយប់ថ្ងៃទី ០៤ វិច្ឆិកា ក្រោយពីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើឃា.ត.កម្ម (សម្លា.ប់បងថ្លៃរបស់ខ្លួន) កាលពីចុងខែសីហា កន្លងទៅនេះ នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ។
នៅក្នុងសំណុំរឿងនេះ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង០២ខែ បន្ទាប់ពីកើតហេតុ ទើបលេចចេញនូវតម្រុយនៃមុខសញ្ញាជនសង្ស័យ ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ ហើយក៏មានតួនាទីជា «អធិការរងស្រុកគាស់ក្រឡ» ទៀតផង។ស្នងការខេត្តបាត់ដំបង លោក សាត គឹមសាន ហាក់មានការស្ទាក់ស្ទើរក្នុងការផ្ដល់ព័ត៌មាន ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនសង្ស័យ ដែលមានតួនាទីជាអធិការរងម្នាក់នេះ។ ប៉ុន្តែយ៉ាងណាក្ដី លោកសាត គឹមសាន បានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទយ៉ាងខ្លី នៅព្រឹកថ្ងៃទី០៥ វិច្ឆិកានេះថា «ពិតជាឃាត់ខ្លួនលោកអធិការរងម្នាក់នេះមែន តែកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ»។
សូមរំលឹកថា ជនរងគ្រោះនៅក្នុងសំណុំរឿងនេះ ឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិព្រៃភ្ងាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ។ ក្រុមគ្រួសារនិងសមត្ថកិច្ចបានអះអាងថា ជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី ។ ជនរងគ្រោះត្រូវបានឃាតករ ដែលគេមិនស្គាស់អត្តសញ្ញាណ វាយស.ម្លា.ប់រួចទៅកប់ក្នុងដីក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិស្រែបា ឃុំដូនបា ស្រុកគាស់ក្រឡ ហើយត្រូវអ្នកភូមិប្រទះឃើញសា.ក.ស.ពនេះ នៅព្រឹកថ្ងៃទី ៣១ សីហា កន្លងទៅនេះ។ មន្ត្រីបច្ចេកទេស នៃស្នងការការខេត្ត និងមន្ត្រីជំនាញអធិការស្រុក បានចុះទៅពិនិត្យសា.ក.ស.ពជនរងគ្រោះ នៅកន្លែងកើតហេតុ ក្រោយពីទទួលបាននូវដំណឹងនេះពីប្រជាពលរដ្ឋ។
ឃាតករបានជីកដីកប់ស.ពបុរសនេះ តែកប់មិនជិតទេ តែសា.ក.សពបានហើយស្អុយទៅហើយ ពេលដែលគេប្រទះឃើញ ។ ក្រោយធ្វើការពិនិត្យកោសល្យវិច័យ លោក ប៉ាង ហៀង អធិការស្រុកគាស់ក្រឡ បានសរសេរក្នុងរបាយការណ៍ថា «សា.ក.ស.ពជនរងគ្រោះ មានស្លាកស្នាមវាយនឹងវត្ថុរឹងត្រូវចំផ្ទៃមុខខាងឆ្វេង និងក្បាលផ្នែកខាងក្រោយ»។ លោកអធិការរូបនេះ ក៏បានធ្វើការសន្និដ្ឋានផងដែរលើករណីនេះថា «វាជាអំពើឃា.ត.ក.ម្ម»។ ពាក់ព័ន្ធការស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដាក សុខា ដែលមានតួនាទីជាអធិការរងស្រុកគាស់គ្រឡ ហើយក៏ត្រូវជាប្អូនថ្លៃជនរងគ្រោះផងដែរនោះ បើតាមប្រវត្តិរឿង ដែលសមត្ថកិច្ចបានចុះស្រាវជ្រាវក្រោយកើតហេតុ គឺ នៅថ្ងៃទី ២៨ សីហា កម្លាំងអធិការស្រុកគាស់ក្រឡ បានឃាត់ខ្លួនជនរងគ្រោះ(សា.ក.ស.ព)ដឹកយកមកកាន់អធិការស្រុក ដើម្បីសួរនាំដោយសារតែជនរងគ្រោះបង្កហិង្សាក្នុងគ្រួសារ។ ប៉ុន្តែនៅរសៀលថ្ងៃដដែល សមត្ថកិច្ចបានដោះលែងបុរសនេះវិញ ដោយបានប្រគល់ឲ្យលោក ដាក សុខា អធិការរង ដែលត្រូវជាប្អូនថ្លៃផង ជាអ្នកដឹកគាត់យកទៅផ្ទះ។
ពេលដែលដឹកជនរងគ្រោះទៅផ្ទះ គេឃើញលោក ដាក សុខា ដាក់ខ្នោះដៃបងថ្លៃរបស់ខ្លួន ដឹកតាមរថយន្តម៉ាកព្រូស ដែលបើកបរដោយមន្ត្រីនគរបាលក្រោមឱវាទម្នាក់ឈ្មោះ ផាន់នី ។ ពេលនោះ គេមិនបានដឹងថា តើលោកអធិការរងរូបនេះ ដឹកបងថ្លៃខ្លួនយកទៅផ្ទះ ឬដឹកទៅណាទេ ក្រោយចាកចេញពីអធិការ គឺបាត់ដំណឹងឈឹង ? លុះរំលងបានប៉ុន្មានថ្ងៃ ស្រាប់តែនៅព្រឹកថ្ងៃទី ៣១ សីហា បែរជាអ្នកភូមិប្រទះឃើញឈ្មោះ យ៉ង សារ៉ាត់ ហៅ តាក់ ក្លាយជាសា.ក.ស.ពហើមស្អុយកប់ក្នុងដីនៅក្នុងព្រៃជាយភូមិ បង្កឲ្យមានការភ្ញាក់ផ្អើល។ នៅពេលចុះពិនិត្យសា.ក.ស.ព មន្ត្រីជំនាញបានហៅក្រុមគ្រួសារ រួមទាំងលោក ដាក សុខា អធិការរងផង ទៅសួរនាំអំពីរឿងនេះ តែគ្មានតម្រុយទេ។
ប៉ុន្តែលោកស្នងការបានដាក់ផែនការនេះឲ្យទៅកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បើកការស៊ើបអង្កេត និងបានចុះទៅកាន់មូលដ្ឋាន ដើម្បីស្រាវជ្រាវជាបន្តបន្ទាប់។ ការស៊ើបអង្កេតនេះ មន្ត្រីជំនាញហាក់មានការសង្ស័យខ្លាំងទៅលើលោកដាក សុខា អធិការរង ដែលបានដឹកបងថ្លៃចេញពីអធិការ រួចធ្វើឲ្យមានអំពើឃាតកម្មនេះកើតឡើង។ ហើយម្យ៉ាងទៀត ក្រុមគ្រួសារជនរងគ្រោះហាក់មិនសូវយកចិត្តទុកដាក់លើការស្លា.ប់របស់ជនរងគ្រោះ ឬដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្វែងរកឃាតករឡើយ ដែលជាហេតុធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំង ទៅលើលោកសាច់ញាតិ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះស្រាវជ្រាវជាបន្តបន្ទាប់របស់មន្ត្រីជំនាញ ចាប់តាំងពីកើតហេតុ ហាក់មានតម្រុយតិចតួចនៃមុខសញ្ញាជនសង្ស័យ។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពីមន្ត្រីជំនាញហៅអ្នកបើករថយន្តឈ្មោះ ផាននី ជាមន្ត្រីនគរបាលដែរ ដែលបានដឹកជនរងគ្រោះជាមួយលោក ដាក សុខា មកសួរដេញដោលទើបបែកធ្លាយអាថ៌កំបាំងនៃរឿងឃា.ត.កម្ម។ មន្ត្រីជំនាញ បានដាក់ការសង្ស័យកាន់តែខ្លាំងទៅលើលោក ដាក សុខា អាចជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ អ្នកបើ់ករថយន្ត ឈ្មោះ ផាន់នី បានបំភ្លឺនៅការិយាល័យជំនាញ ហើយត្រូវបានគេស្រង់សម្ដីថា នៅរសៀលថ្ងៃទី២៨ សីហា ពេលដឹកជនរងគ្រោះចេញពីអធិការស្រុកគាស់ក្រឡ គឺ មិនបានដឹកជនរងគ្រោះត្រឡប់ទៅផ្ទះទេ គឺលោកដាក សុខា ដែលជិះក្នុងរថយន្តជាមួយគ្នាដែរ បានបញ្ជាឲ្យខ្លួនដឹកជនរងគ្រោះទាំងដៃជាប់ខ្នោះបង្វែរទិសទៅបាត់ដំបងវិញ ។
មន្ត្រីរូបនេះបាននិយាយទៀតថា នៅថ្ងៃនោះ ខ្លួននិងលោកដាក សុខា បានបើករថយន្តដឹកជនរងគ្រោះរហូតដល់ទឹកដីស្រុកថ្មគោល ឆ្វែលចុះឡើងរហូតដល់យប់ទើបដឹកជនរងគ្រោះត្រឡប់ទៅស្រុកគស់ក្រឡវិញ ហើយក៏មិនបានដឹកជនរងគ្រោះទៅផ្ទះដែរ ដោយលោកដាក សុខា បញ្ជាឲ្យខ្លួនដឹកគាត់និងជនរងគ្រោះទៅទម្លាក់ខាងក្រោយវត្តមួយកន្លែងដែលស្ងាត់ រួចប្រាប់ឲ្យខ្លួនបើករថយន្តទៅផ្ទះម្នាក់ឯង។ ប៉ុន្តែខ្លួនមិនបានដឹងថា លោកដាក សុខា និង ជនរងគ្រោះទៅណាទៀតទេ លុះរំលងបាន០៣ថ្ងៃ ស្រាប់តែឮថា ឈ្មោះ តាក់ ដែលខ្លួនដឹកត្រូវគេសម្លា.ប់។ ទោះយ៉ាងណា ពេលនេះលោកដាក សុខា ត្រូវបានកម្លាំងការិយាល័យជំនាញ ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅក្នុងស្នងការខេត្តហើយ ។
ប៉ុន្តែមន្ត្រីខ្លះបានដាក់ការសង្ស័យថា ក្នុងសំណុំរឿងឧក្រិដ្ឋនេះ បើលោក ដាក សុខា អធិការរងម្នាក់នេះ ប្រព្រឹត្តមែន ក៏មិនមែនធ្វើម្នាក់ឯងដែរ គេសង្ស័យអាចមានជាប់ព័ន្ធនឹងមនុស្សដទៃទៀត។ ប៉ុន្តែយ៉ាងណា គេកំពុងរង់ចាំមើលថា តើសំណុំរឿងនេះ មានជាប់ទាក់ទិនមនុស្សប៉ុន្មាននាក់ តែបើតាមប្រភពព័ត៌មាន បែបមិនស៊ីជម្រៅទេ។ ព្រោះឮថា មានអ្នកជួយសម្រាលចម្លើយជនសង្ស័យសម្បើមណាស់។
No comments:
Post a Comment