ជប៉ុនផ្តល់ឥណទានសម្បទាន ១៨៥លានដុល្លារ ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ១៩ នៅកម្ពុជា ដំណាក់កាលទី២ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជប៉ុនផ្តល់ឥណទានសម្បទាន ១៨៥លានដុល្លារ ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ១៩ នៅកម្ពុជា ដំណាក់កាលទី២


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខា ដែលជប៉ុន ផ្តល់ឥណទានសម្បទានដែលមានទឹកប្រាក់ប្រមាណ ១៨៥លានដុល្លារ ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ១៩ នៅកម្ពុជា ។

ពិធីចុះហត្ថលេខានេះ រួមមាន៖ ទី១-ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ចំនួន ២០ប៊ីលានយ៉េន ស្មើនឹងប្រមាណ ១៨៥ លានដុល្លារអាមេរិក សម្រាប់ អនុវត្តគម្រោងគាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩២ ដំណាក់ កាលទី២ នៅកម្ពុជា ។ទី២- ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KAME Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិន ប្រទេសជប៉ុន (JICA) មេត្តាចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងគាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ នៅកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លិខិតប្ដូរសារសម្រាប់ឥណទានសម្បទាន ដែលចុះហត្ថលេខានៅពេលនេះ ជាការឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាង ប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ឥណទានសម្បទានដែលមានទឹកប្រាក់សរុបចំនួន ២០ប៊ីលានយ៉េន ប្រមាណជា ១៨៥លានដុល្លារអាមេរិក។ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩(ជំហ៊ានទី២)- ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ២០ ប៊ីលានយ៉េន (ប្រមាណ ១៨៥ លានដុល្លារអាមេរិក) ដល់កម្ពុជាដែលកំពុង រងផលប៉ះពាល់ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ១៩។ 

តាមរយៈសហប្រតិបត្តិការជាមួយ ធនាគារពិភពលោក ឥណទាននេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ រក្សាលំនឹង និងភាព សកម្មនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម និងការពារកិច្ចគាំពារសង្គម។ឥណទាននេះ គឺបន្ថែមពីលើឥណទាន សម្បទាន២៥ ប៊ីលានយ៉េន (ប្រមាណ ២២៧ លានដុល្លារអាមេរិក) ដែលត្រូវបានផ្តល់កាលពីខែមករាឆ្នាំមុន ក្នុងគោលបំណងប្រហាក់ប្រហែលគ្នា។ តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាព យើងរំពឹងថា សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការ ពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ និងការផ្តល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុដល់សហគ្រិនរួមទាំងសហគ្រាសធុនតូច និងមធ្យម។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងទៀតថា ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងបន្តការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋម្នាក់ៗ ស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល គឺមានសារៈសំខាន់ណាស់។ ជប៉ុន មានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា ។ដោយឡែក យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ថវិកាឥណទានសម្បទាននេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាប់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កាលពីឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានជាង ២៣៧លានដុល្លារផងដែរ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នៅកម្ពុជានេះ។ សរុបទាំងពីរលើកជប៉ុនផ្តល់កម្ចីដល់កម្ពុជាជាង ៤២០លានដុល្លារ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ថវិកាជាកម្ចីរបស់ជប៉ុនកាលពីឆ្នាំ២០២០ ជាង ២៣៧លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ។ក្រោមចំណងទំនាក់ទំនងដ៏ជ្រាលជ្រៅជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងច្រើនឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ ទូដាក់វ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត ៕ 














No comments:

Post a Comment

Pages