(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបករណីគ្រឿងញៀន ត្រូវបានជនសង្ស័យដណ្តើមបានកាំភ្លើងបាញ់រះ ៥គ្រាប់ផ្ទួនៗ ផ្អើលរត់ជាន់ជើងគ្នាទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយនៅក្នុងហេតុការណ៍បានបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្លូវលំ តំបន់សម្បុកគ្រឿងញៀនគោកបញ្ជាន់ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មនុស្សចំនួន ២នាក់ ដែលត្រូវគ្រាប់កាំភ្លើងមានឈ្មោះ ទេព សាវឿន ភេទស្រី អាយុ ៦៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ និងម្នាក់ទៀតឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅកន្លែងកើតហេតុខាងលេី។
យោងតាមប្រភពដដែរបានបន្តថា នៅក្នុងតំបន់គោកបញ្ជាន់នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិសែនជ័យជាប់ចំណាត់ថ្នាក់ ល្បីខាង ជួញដូរ, ប្រេីប្រាស់គ្រឿងញៀន មិនចាញ់តំបន់បឹងឈូកនៅមុខមន្ទីរពេទ្យលោកសង្ឃកន្លងមក។ ហើយនៅមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ចុះមកធ្វេីការបង្ក្រាបនេះ គឺមួយក្រុមមានគ្នាប្រមាណ ៥ទៅ៦នាក់ ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើ ហេីយភ្លាត់ស្នៀត ត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ បានវាយតដៃរួចដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ចយកមកបាញ់សំដៅលើសមត្ថកិច្ច មួយគ្រាប់ ត្រូវដៃរបួសម្នាក់ ផ្អើលឆោឡោ រួចមកជនសង្ស័យក៏រត់គេចខ្លួនបាត់។
សូមបញ្ជាក់ថា?ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបាននាំគ្នាដេញតាមចាប់ ក៏ត្រូវបានជនសង្ស័យបាញ់រះចំនួន ៤គ្រាប់ទៀត បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយត្រូវស្ត្រីម្នាក់ដែលកំពុងនៅក្នុងផ្ទះ និងត្រូវចំនារីម្នាក់កំពុងអង្គុយនៅមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ រីឯជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន រួចនាំគ្នាដណ្តើមយកកាំភ្លើងមកវិញ។ ប្រភពដដែរបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនជនសង្ស័យ ដណ្តើមយកកាំភ្លើងបានវិញហេីយ កម្លាំងសមត្ថកិច្ចបាននាំឡើងរថយន្ត ហេីយនាំគ្នាបើកយកចេញទៅអស់ដោយបន្សល់ទុកតែប្រជាពលរដ្ឋចំនួន ២នាក់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យដោយខ្លួនឯង៕
No comments:
Post a Comment