សៀមរាប ៖ នៅថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០២២ អ្នកស្រី លី អ៊ុំអេង ជាប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប បាន ដាក់ ពាក្យបណ្ដឹងទៅកាន់ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តសៀមរាប កាលពីរថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ នៅក្នុងកម្មវត្ថុស្នើសុំប្ដឹងលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយ ស្រីពីបទ”ញុះញង់ រំលោភលើកម្មសិទ្ធិឯកជន”និងបទ”មិនគោរពតាមសេចក្ដី សម្រេច របស់តុលាការ” ប្រព្រឹត្តនៅភូមិវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២។
ជុំវិញនឹងការចោទប្រកាន់ និងមានបណ្ដឹងនៅតុលាការនេះ លោក ឃឹម ហ្វីណង់ បានឆ្លើយតបនៅលើទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២២។ តាមរយៈទំព័រហ្វេសប៊ុកលោក អភិបាលស្រុកបន្ទាយស្រី បានបដិសេធទាំងស្រុង ចំពោះការប្រឌិតរឿងឡើង ពីសំណាក់លោកស្រី លី អ៊ុំអេង ដើម្បីចោទប្រកាន់មកលើរូបលោក លើករណីដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ការដោះស្រាយទំនាស់ដីធ្លី គឺជាការបំពេញតួនាទីរបស់លោក ជាអភិបាលស្រុក ដោយឈរលើគោលការណ៍ច្បាប់ ភាពមិនលម្អៀង និងតម្លាភាព តំបន់ដែលមានវិវាទដូចដែលបានលើកឡើងនេះ គឺជាតំបន់ ដែលស្ថិតនៅក្រោមគម្របព្រៃឈើឆ្នាំ ២០០២ ដែលនៅតែជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាកម្មសិទ្ធិឯកជននោះទេ បើទោះជាមានការកាន់កាប់អាស្រ័យផលជាក់ស្តែងក៏ដោយ។
តែ តំបន់ទាំងនេះ តែងមានការទាមទារត្រួតគ្នា ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ សម្បូរ ទៅដោយវិវាទ និងមានភាពស្មុគស្មាញខ្លាំង ដែលទាម ទារឲ្យមានការប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ មុននឹងការដោះស្រាយទំនាស់ អាចដំណើរការទៅបាន។លោកបន្តទៀតថា ការដោះស្រាយវិវាទ លើដីសាធារណៈរបស់រដ្ឋបែបនេះ ច្បាប់មិនអនុញ្ញាតឲ្យធ្វើឡើងតាមប្រព័ន្ធតុលាការបាននោះទេ ហើយក៏មិនទាន់មានការសម្រេចណាមួយ របស់តុលាការប្រគល់កម្មសិទ្ធិទៅឲ្យភាគីណាមួយនៅឡើយដែរ តែមិនគួរយកពាក្យ «តុលាការ» មកប្រើប្រាស់ ដែលនាំឲ្យប៉ះពាល់ដល់កិត្តយស របស់ស្ថាប័នតុលាការឡើយ ពោលគឺមានតែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ តែប៉ុណ្ណោះដែលអាចធ្វើទៅបាន។ ការសម្រេចរបស់តុលាការ ទៅលើករណីព្រហ្មទណ្ឌនានានៅក្នុងតំបន់នេះ មិនមែនជាការប្រគល់កម្មសិទ្ធិដីរដ្ឋ ទៅឲ្យបុគ្គលណាមួយគ្រប់គ្រងនោះទេ និងមិនត្រូវបកស្រាយពន្លើសឡើយ ហើយមានតែការធ្វើអនុបយោគ និងការទទួលបានប្រទានកម្មដោយអនុក្រឹត្យតែមួយគត់ទើបអាចធ្វើដូច្នេះបាន។
លោក ឃឹម ហ្វីណង់ បានឲ្យដឹងបន្តទៀតថា រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសជាចំហ និងបានជូនដំណឹងជាសាធារណៈតាំងពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ទៅដល់គ្រប់ម្ចាស់ដីទាំងអស់ នៅក្នុងតំបន់ដែលតែងតែមានវិវាទខាងលើ រួមទាំងលោកស្រី លី អ៊ុំអេង ឲ្យផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ ដើម្បីផ្តល់ជាមូលដ្ឋានឲ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងពិនិត្យដោះស្រាយបញ្ចប់វិវាទទាំងឡាយនៅក្នុងតំបន់ ដែលមានភាពស្រពិចស្រពិលមួយនេះ មុននឹងបញ្ចូនករណីទាំងនេះទៅរាជរដ្ឋាភិបាលស្នើសុំ ការកាត់ឆ្វៀលចេញពីគម្រប់ព្រៃឈើ និងសម្រេចថាតើអាចធ្វើប្រទានកម្ម ជូនដីដែលដោះស្រាយទំនាស់ចប់ហើយនេះបាន ឬយ៉ាងណា។លោកបន្ថែមថា ការប្រមូលទិន្នន័យ ដើម្បីដោះស្រាយវិវាទ គឺជាសិទ្ធិស្របច្បាប់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រសិនបើដីទាំងនោះ គឺជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាការញុះញង់ដូចការចោទប្រកាន់នោះទេ ហើយក៏មិនមែនជាការប្រពឹត្តផ្ទុយ ពីការសម្រេចណាមួយ របស់តុលាការនោះដែរ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា «ក្នុងនាមតួរនាទីខ្ញុំជាអភិបាលស្រុក ខ្ញុំពុំមានសិទ្ធិកំណត់ទីតាំងព្រំប្រទល់ភូមិ ឬធ្វើការផ្លាស់ប្តូរឈ្មោះភូមិ ដោយអត្តនោម័តិឡើយ ហើយរឹតតែមិនអាចអនុញ្ញាតឲ្យបុគ្គលណាម្នាក់មកបង្គាប់ ឲ្យអាជ្ញាធរមូលដ្ឋានទទួលស្គាល់ ទីតាំងភូមិណាមួយខុស ពីទិន្នន័យដែលមានស្រាប់នោះដែរ ក្នុងអំឡុងពេលជាង ២ឆ្នាំក្នុងតួនាទីរបស់ខ្ញុំ ក៏មិនដែលមានករណីផ្លាស់ប្តូរព្រំប្រទល់ភូមិ នៅក្នុងស្រុកបន្ទាយស្រីនោះទេ។លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ច្បាស់ៗទៀតថា រាល់ការចោទប្រកាន់ទាំងនេះ លើការញុះញ៉ុង ការមិនគោរពសេចក្តីសម្រេចរបស់តុលាការ ការរំលោភលើកម្មសិទ្ធិឯកជន ឬការផ្លាស់ប្តូរទីតាំងភូមិ សុទ្ធតែជាការប្រឌិត និងជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ តែលោកសូមធ្វើការបដិសេធច្រានចោលទាំងស្រុងដែលប្ដឹងលោកពីរបទញុះញ៉ងរំលោភលើកម្មសិទ្ធិឯកជន ហើយលោកក៍មានសិទ្ធិប្តឹងតបវិញដែរ។
ជាចុងក្រោយនេះក្នុងនាមលោកជាអភិបាលស្រុកបន្ទាយស្រីក្នុងន័យការពារកិត្តិយសមន្ត្រីរាជការ ដែលកំពុងបម្រើជួនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន លោកសូមស្វាគមន៍ការបើកស៊ើបអង្កេត និងការធ្វើអធិការកិច្ចលើករណីនេះ ពីសំណាក់រដ្ឋបាលខេត្ត ឬស្ថាប័នមានសមត្ថកិច្ចណាមួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក និងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទី រដ្ឋបាលរបស់មន្ត្រីរាជការទាំងអស់ ហើយលោកត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់លោកនិងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ តែប្រសិនបើរកឃើញថាមានកំហុស និងបានប្រព្រឹត្តដូចការចោទប្រកាន់ របស់លោកស្រី លី អ៊ុំអេង ពិតប្រកត់មែន៕
No comments:
Post a Comment