សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់​ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ឯកឧត្តម  Park Heung-kyeong អគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានមានប្រសាសន៍អបអសាទរចំពោះ សមិទ្ធផលផ្លូវជាតិលេខ២១នាពេលនេះ ដែលកើតចេញពីចំណងមិត្តភាព កម្ពុជា-កូរ៉េ។ ឯកឧត្តមបានលើកឡើងទៀតថាតាមរយៈផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសការដឹកទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរ ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១នាពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនៅចងចាំពីស្ថានភាពដ៏លំបាកនៃផ្លូវជាតិលេខ២១ កាលពីអតីតកាល ហើយក្រៅតែកង្វល់ពីស្ថានភាពលំបាកនៃផ្លូវជាតិលេខ២១ហើយនោះ សម្តេចតេជោក៏កង្វល់ពីការបាក់ច្រាំងនៅតាមបណ្តោយនេះផងដែរ។ តែឥឡូវនេះ បានដោះស្រាយក្តីកង្វល់នេះអស់ហើយ តាមរយៈការសាងសង់ថ្មី និងធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ២១នេះ។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ២១នេះ គ្រោងសម្ពោធតាំងពីអំឡុងខែមីនាឆ្នាំ២០២១មកម្លេះ ក៏ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ-១៩ ទើបត្រូវពន្យាររហូតមកដល់ពេលនេះទើបសម្ពោធ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ២១ នេះជាផ្លូវដែលបានបម្រើយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ សម្រាប់ការផ្តល់ប្រាក់កម្ចី ក្នុងការសាងសង់ផ្លូវជាតិលេខ២១នេះ។ សមិទ្ធផលដែលកម្ពុជាទទួលបាននាពេលនេះ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េខាងត្បូង។ 

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្ររួចហើយ។ សម្តេចតេជោបានបង្ហាញក្តីរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ដែលទើបជាប់ឆ្នោតថ្មី នឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នេះបានសម្រេចសាងស្ពាន២កន្លែង ដោយទី១យកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងស្ពាន១ទៀតចេញជ្រោយចង្វា ទៅតំបន់អរិយក្សត្រតែម្តង។សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ២១នាថ្ងៃនេះ។ សម្តេចតេជោបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវជាតិលេខ២១នេះចាប់ពីពេលនេះតទៅ៕






















No comments:

Post a Comment

Pages