សម្តេតេ​ជោ ហ៊ុន សែន និងសម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេតេ​ជោ ហ៊ុន សែន និងសម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​



ព្រះសីហនុ៖នៅព្រឹក ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​។រូបសំណាក “​ព្រះថោង​នាងនាគ​” ត្រូវបាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលជា​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ។ រូបសំណាក ព្រះថោង​តោង​ស្បៃ​ព្រះ​នាងនាគ ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១​ម៉ែត្រ រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវបាន​សាងសង់ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​២៥ ខែមីនា ២០២២​។

រូបសំណាក “​ព្រះថោង​នាងនាគ​” បានដាក់​បែរ​ព្រះ​ភក្ត្រ ឆ្ពោះទៅ​សមុទ្រ ដោយសារ​រឿងព្រេង ការ​កកើត​នគរ​ខ្មែរ គឺ​ព្រះ​នាងនាគ​បាន​ឲ្យ​ព្រះថោង តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅកាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះ​នាង ហើយ​នោះ គឺជា​និម្មិត​រូប នៃ​ការកកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​នគរ​ខ្មែរ គោកធ្លក ដែល​គេ​ឃើញ​មាន​តរៀងមក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ រហូតដល់​សព្វថ្ងៃ​។ក្រោយពីធីសាសនាដែលបានប្រារព្ធឡើងទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែររួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងថ្លែងទៅកាន់បងប្អូនជនរួមជាតិប្រកបដោយអត្ថន័យសំខាន់ៗដូចខាងក្រោម:

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចពិតជាមានការកោតសរសើរចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារទាំងអស់ដែលបានរៀបចំរូបសំណាកព្រះថោងតោងស្បៃនាងនាគ នៅខេត្តព្រះសីហនុ នាពេលនេះ ដែលជាផ្នែកមួយនៃការទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀតនៅលើទឹកដីនៃខេត្តព្រះសីហនុនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្រុងព្រះសីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយអតីតព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលក្នុងនោះមានរូបតំណាងព្រះនាមព្រះអង្គនៅរង្វង់មូលតោពីរស្រាប់តែម្ដង។

ទាក់ទងទៅនឹងរូបសំណាកព្រះថោងនាងនាគនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដើមកំណើតនៃប្រពៃណីព្រះថោងតោងស្បៃនាងនាគ ដែលមានការផ្សារភ្ជាប់នូវអរិយធម៌ វប្បធម៌របស់ខ្មែរយើងជាពិសេសទំនៀមទម្លាប់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ដែលតែងតែមានការផ្សារភ្ជាប់ព្រះថោងនាងនាគ ជាពិសេសទំនៀមទម្លាប់ប្រុសចូលដណ្ដឹងស្រី ដែលកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ សម្ដេចតេជោបានមានប្រសាសន៍ថាការសាងសង់រូបសំណាកនេះមិនត្រឹមតែបង្ហាញអំពីអរិយធម៌ វប្បធម៌ដ៏ល្អផូផងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ស្របពេលដែលខេត្តព្រះសីហនុ បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៧ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើនទៀតនោះ។

ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល សម្រាប់ការលេងកម្សាន្តនៅបុណ្យចូលឆ្នាំនេះ តែសម្ដេចតេជោសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការអនុវត្តនូវវិធានការសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដទាំងអស់គ្នា។ ទោះបីជាមានខេត្ត៤ អនុញ្ញាតឱ្យប្រជាជនជ្រើសរើសក្នុងការពាក់ ឬមិនពាក់ម៉ាស់ ក៏ដោយ ក៏ប៉ុន្តែ៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី គឺភាគច្រើនមិនមានការពាក់ម៉ាស់នោះទេ។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលអាជ្ញាធររៀបចំ នៅតាមកន្លែងកម្សាន្តមួយចំនួន នៅថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំនេះ។ទាក់ទងទៅនឹងសុខសន្តិភាពប្រទេសជាតិ សម្តេចតេជោបានមានប្រសាសន៍ថា សន្តិភាពមានតម្លៃខ្លាំងណាស់ សម្រាប់ប្រទេសនីមួយៗ។ សម្ដេចតេជោបានបញ្ជាក់ថា កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព យើងត្រូវចូលរួមរក្សាសន្តិភាពឱ្យខាងតែបាន។សម្តេចតេជោមិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់សម្ដេចនៅពីក្មេងនោះទេ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសឱកាសបុណ្យចូលឆ្នាំ ព្រោះថាកូវីដ-១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់រាល់ថ្ងៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ និងបង្កើនការការពារប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ហើយសម្តេចក៏បានកោតសរសើរផងដែរ ចំពោះអាជ្ញាធរក្នុងការចូលរួមអនុវត្តវិធានការការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ ថ្ងៃកន្លងមកនេះ។សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនៅថ្ងៃចុងក្រោយនេះ និងជូនពរជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕














































No comments:

Post a Comment

Pages