ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។
ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក នេះបើតាមការឲ្យដឹងពីក្រសួងការបរទេស។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះ រួមមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងណាពិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។
ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ។
ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណង ដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ៕
Home
Unlabelled
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលករួមវេទិកាសេដ្ឋកិច្ចពិភពលោក រយៈពេល៥ថ្ងៃ នៅប្រទេសស្វីស
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment