ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី ជូនដល់សិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៥៣ ដល់៦៣ ដែលបានប្រឡងជាប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១,៥២០នាក់ ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ដែលបានប្រព្រឹត្តទៅនៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២ (ស្ពានអាកាសចោមចៅ)។
លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅបានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា (២៤សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី១,០០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៥៨,១៨៤នាក់ (នារី ២៩,០៩២នាក់) ព្រមទាំងមានកម្មវិធីសិក្សាធំៗចំនួន៥ និង បានបញ្ជូលកម្មវិធីសិក្សា បន្ថែមចំនួន៩ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ។ ចំពោះកម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំ ឡើងយ៉ាងសម្រិតសម្រាំងលើ កម្មវិធីសិក្សា មុខវិជ្ជាសិក្សាសំខាន់ៗ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រ ដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ សិស្សដែលបានបញ្ចប់ថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) មានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ និងមាន សមត្ថភាពប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) បានគ្រប់ៗគ្នា ។
គិតត្រឹមឆ្នាំសិក្សា២០២១-២០២២ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត ១២ (Level 12) ដែលបានប្រឡងបញ្ចប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១២,០៨៥នាក់ ។ ក្នុងនោះសិស្សដែលប្រឡងបានពិន្ទុអាយអែល (IELTS) 5.0 ឡើងទៅ ចំនួន ៧,៩៨៧នាក់ ស្មើនឹង ៦៦.០៩% ដែលនឹងទទួលបានសញ្ញាបត្រចំនួនពីរគឺ៖ ១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយ ក្រុមប្រឹក្សាភាសាអង់គ្លេស នៃចក្រភពអង់គ្លេស (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់ បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និង ស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និង គុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និងទទួល បានសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើ ដល់ក្មួយៗ ទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ លើការរៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ក្នុង ចាប់យក អាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសដើរឲ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតី និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ១,៥២០នាក់ នាពេលនោះផងដែរ ៕
No comments:
Post a Comment