បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រុស ស្រី២នាក់ ត្រូវក្របីឡើងកមួយក្បាល ដេញវ័ធរងរបួសនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ហើយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែក ។ជនរងគ្រោះដោយក្របីវ័ធនោះ ទី១មានឈ្មោះ ហង្ស ខៀវ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិគីឡូត៌ម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះទី២មានឈ្មោះ សុវណ្ណ ស្រីលាក់ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់បាយមានស្រុកកំណើតនៅខេត្តបាត់ដំបង។
ក្នុងនោះមានម៉ូតូមួយចំនួន ក៏ត្រូវក្របីមួយក្បាលនេះវ័ធបណ្ដាលឲ្យខូចខាតផងដែរ។សេចក្ដីរាយការណ៍ថា៖ ក្របីឡើងកមួយក្បាលនោះបានបោលចេញពីភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយបោលតាមបណ្ដោយផ្លូវជាតិលេខ៥ មកចូលក្នុងផ្សារអគ្គ និងបានវ័ធទៅលើជនរងគ្រោះ កំពុងតែជិះម៉ូតូបណ្ដាលឲ្យរងរបួសតែម្ដង។ ប្រភពបញ្ជាក់ថា៖ ក្រោយពីវ័ធទៅលើជនរងគ្រោះក្របីឡើងកមួយក្បាលនោះ បានព្យាយាមបោលដេញវ័ធអ្នកស្រុក និងអ្នកធ្វើដំណើរតាមផ្លូវមួយចំនួន និងនៅតាមបណ្ដាលផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋផងដែរ។
ទោះយ៉ាងណាក្របីឡើងកមួយក្បាលនោះ ត្រូវសមត្ថកិច្ច និងពលរដ្ឋបាននាំគ្នាដេញតាមព័ទ្ធចាប់ ដើម្បីកុំឲ្យដេញវ័ធមនុស្សបន្តទៀត។លោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន បានឲ្យដឹងថា៖ ក្របីឡើងកខាងលើនោះ ត្រូវបានកម្លាំងលោកព័ទ្ធចាប់បានហើយ តែកំពុងស្វែងរកម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយ ជាមួយជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិអ្នកដទៃ៕
No comments:
Post a Comment