ភ្នំពេញ៖នាពេលថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់ឃើញមានការចុះផ្សាយតាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ពាក់ព័ន្ធនឹងការចុះផ្សាយដូចខាងលើនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ការចុះចាប់និងដកហូតទូរសព្ទខាងលើនេះជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, មន្ត្រីនៃស្នងការដ្ឋាននគរបាល, និង អាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង និងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនីមួយចំនួន។អគរ សូមជម្រាបសាធារណជនជ្រាបថា អនុលោមតាមមាត្រា ៨ នៃច្បាប់ស្ដីពីគយជាធរមាន, ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រកាសលេខ ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។
ជាក់ស្ដែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥ គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។ បច្ចុប្បន្ន ទូរសព្ទទាំងនេះត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ននៅ ទីតាំងឈរជើង របស់ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថាជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ។
សូមជម្រាបជូនសាធារណជនមេត្តាជ្រាបផងដែរថា កន្លងមក អគរ តែងចុះផ្សព្វផ្សាយជាប្រចាំ ក្នុងការបញ្ជ្រាបការយល់ដឹងដល់អាជីវករតាមអាជីវកម្មដ្ឋាននានា តាមរាជធានី-ខេត្ត ឱ្យស្វែងយល់ពីកាតព្វកិច្ចពន្ធ-អាករនាំចូល ជាពិសេសការតម្រូវឱ្យមានត្រាគយលើទំនិញកំណត់ពិសេសដូចជា ទូរសព្ទ និងគ្រឿងអេឡិកត្រូនិចមួយចំនួន ហើយក៏មានការបិទផ្សាយខិតបណ្ណអំពីការអនុវត្តកាតព្វកិច្ចពន្ធ-អាករនេះនៅតាមអាជីវកម្មដ្ឋានផងដែរ។ជាចុងបញ្ចប់ អគរ សូមអំពាវនាវឱ្យគ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាចូលរួមគាំទ្រអនុវត្តច្បាប់តាមរយៈការជួញដូរ និងប្រើប្រាស់ទំនិញដែលបានបំពេញកាតព្វកិច្ចពន្ធនិងអាករត្រឹមត្រូវដើម្បីចូលរួមលើកកម្ពស់វប្បធម៌សារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នា។
No comments:
Post a Comment