ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានផ្ទះរស់នៅ និងដីចំការ ចាប់ពីដើមគីឡូតិ៍ម៉ែត្រលេខ១៣៦ ជិតដល់ស្ពានលេខ ៣៥ មិនដល់ចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧(មិនឋិតក្នុងផ្លូវអន្ទង់អាំង ភ្នំ១៥០០) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់បានដាក់ពាក្យស្នើសុំដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌, ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន សូមឲ្យអន្តរាគមន៍ជួយពួកគាត់ដែលត្រូវបានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្តឹងចោទប្រកាន់ទៅតុលាការ លើទីតាំងដីដែលមិនត្រូវបានហាមឃាត់ និងបណ្តេញចេញ ដូចមានកំណត់នៅក្នុង លិខិតលេខ១១០០ សជណ.ដប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់។ នេះបើយោងតាមពាក្យសុំឲ្យជួយអន្តរាគមន៍ពីប្រជាពលរដ្ឋដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
នៅក្នុងពាក្យសុំឲ្យជួយអន្តរាគមន៍ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ចាប់ពីពាក់កណ្តាលខែសីហា មកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងអយ្យការ និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់បាន ធ្វើការចោទប្រកាន់យើងខ្ញុំជាប្រជាពលរដ្ឋចំនួន២៨នាក់នៃ២០សំណុំរឿងធ្វើឡើងយ៉ាងលឿនដោយខ្វះការស៊ើបអង្កេត លើអង្គហេតុ និងមិនពិនិត្យលើភស្តុតាង ជឿតែទៅតាមកំណត់ហេតុបទល្មើសដែលកសាងឡើងដោយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដោយគ្មានមូលដ្ឋានច្បាប់ និងគ្មានអង្គហេតុជាក់ស្តែង។តុលាការ បានកោះហៅយើងខ្ញុំជាបន្តបន្ទាប់ និងបានចាប់ឃុំខ្លួនប្រជាពលរដ្ឋម្នាក់ដាក់ពន្ធនាគាខេត្តពោធិ៍សាត់។ ក្នុងខ្លឹមសារនៃកំណត់ហេតុបទល្មើសរបស់មន្ទីរបរិស្ថានខេត្ត គឺ(ទី១). ចោទថា យើងខ្ញុំកាប់ឆ្កាព្រៃឈើ រុករានដីព្រៃ យកជាកម្មសិទិ្ធ ទាំងការពិតដីផ្ទះយើងខ្ញុំជាភូមិករចាស់ជាង ២០ឆ្នាំ ជាដីវាល គ្មានព្រៃឈើនោះទេនិង(ទី២). ចោទថា យើងខ្ញុំរស់នៅចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧ ស្ពានលេខ ៣៥ ឡើងទៅលើ ទាំងការពិតយើងខ្ញុំមិនរស់នៅទីនោះទេ គឺរស់នៅចន្លោះពីស្ពានលេខ៣៥ ចុះក្រោម ដល់គីឡូតិ៍ម៉ែត្រលេខ ១៣៦។ ដូច្នេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តំណាងអយ្យការ និងសាលាដំបូងខេត្តពោធិ៍សាត់ ធ្វើការចោទប្រកាន់ និងចាប់ឃុំខ្លួនប្រជាពលរដ្ឋ ដោយមិនស៊ើបអង្កេតលើអង្គហេតុ មិនពិនិត្យភស្តុតាងជា លិខិតលេខ ១១០០ សជណ.ដប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋបានបន្តថា ទីតាំងដី និងផ្ទះរបស់យើងខ្ញុំស្ថិតនៅអមសងខាងផ្លូវជាតិលេខ ៥៥ ចន្លោះពីដើមគីឡូតិ៍ម៉ែត្រលេខ ១៣៦ ជិតដល់ស្ពានលេខ ៣៥ មិនដល់ចុងគីឡូតិ៍ម៉ែត្រលេខ១៣៧ នោះទេ ហើយក៏មិនមែនជាទីតាំងត្រូវបានហាមឃាត់ និងជាការតាំងទីលំនៅមិនស្របច្បាប់នោះដែរ។ ផ្អែកតាមលិខិតជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់ មានខ្លឹមសារចាត់វិធានការរដ្ឋបាលបោសសម្អាតទីតាំងរស់នៅមិនស្របច្បាប់ គិតចាប់ពីចំណុច “ស្ពានអូរ១៧ (បច្ចុប្បន្នស្ពានលេខ ៣៥) រហូតដល់លើភ្នំ១៥០០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធ៍សាត់។” ក្រោយមក ជាការឆ្លើយតបទៅនឹងការផ្តល់ជូនឱ្យយើងខ្ញុំតាមពាក្យបណ្តឹងស្នើសុំរបស់យើងខ្ញុំ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតលេខ ១១០០ សជណ.ដប ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅកថាខណ្ឌទី២ បានបញ្ជាក់យ៉ាងច្បាស់ថា “មិនអនុញ្ញាតឱ្យមានការរស់នៅ និងអាស្រ័យផល នៅក្នុងទីតាំងភូមិដីក្រហម ស្ថិតនៅចុងគីឡូម៉ែត្រលេខ ១៣៧ (ស្ពានលេខ ៣៥) តំបន់អន្ទង់អាំងភ្នំ១៥០០ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។” ដូច្នេះ បញ្ជាក់ថា រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តពោធិ៍សាត់កាលជំនាន់ ឯកឧត្តម ម៉ៅ ធនិន បានហាមឃាត់ និងចាត់ទុកជាការតាំងទីលំនៅមិនស្របច្បាប់ តែចំណុចចាប់ពីចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧ ស្ពានលេខ ៣៥ (ស្ពានអូរ ១៧) ឡើងទៅលើតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០។ បែបនេះ មិនប៉ះពាល់ដល់ទីតាំងដី និងផ្ទះរបស់យើងខ្ញុំដែលរស់នៅខាងក្រោមស្ពាន លេខ ៣៥ ចុះមកដល់ដើមគីឡូតិ៍ម៉ែត្រលេខ ១៣៦ នោះទេ។
ពួកគាត់បន្ថែមថា លើសពីនេះទៀត ទីតាំងដីផ្ទះរបស់យើងខ្ញុំ ជាដីភូមិករចាស់ជាង ២០ឆ្នាំហើយ (គិតពេលកាន់កាប់តាំងពីម្ចាស់ដីដើម) និងជាដីវាលស្រាប់គ្មានព្រៃឈើនោះទេ ដែលកាលដំបូងភាគច្រើនជាគ្រួសារកងទ័ព និងក្រោយមកមានការលក់ដូរបន្តបន្ទាប់ ពីមួយទៅមួយ ខ្លះទិញលក់ដូរម្ចាស់ច្រើនតំណហើយ។ រាល់ការទិញលក់ ឬធ្វើអំណោយផ្តាច់ គឺមានការទទួលស្គាល់ និងដឹងឮពីអាជ្ញាធរមូលដ្ឋានភូមិឃុំ។ការដែលប្រជាពលរដ្ឋហ៊ានទិញលក់ និងអាជ្ញាធរ ហ៊ានប្រថាប់ត្រាទទួលស្គាល់ការទិញលក់ នោះព្រោះតែទីតាំងដីនេះ ត្រូវបានអនុញ្ញាតដោយរដ្ឋបាលខេត្តពោធិ៍សាត់ និងជាពិសេសជាទីតាំងដីស្ថិតនៅក្នុងអនុក្រិត្យ លេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ដែលកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិលើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាពចេញប័ណ្ណកម្មសិទិ្ធស្របច្បាប់ តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងលិខិតបទដ្ឋានជាធរមាន។ ដូច្នេះ ករណីមន្ទីរបរិស្ថានខេត្ត និងតុលាការ ខេត្តពោធិ៍សាត់ ចោទទោសយើងខ្ញុំទាំង ២៨ នាក់ និងមានការចាប់ឃុំខ្លួនឈ្មោះ សេន ពិសី ដាក់ពន្ធនាគារ ដោយចោទថា យើងខ្ញុំ កាប់ឆ្កាឈូសឆាយដីព្រៃ រុករានទន្ទ្រានដីព្រៃកាលអំឡុងខែសីហា ខែកញ្ញា ឆ្នាំ២០២៤ ជាការមិនពិតមូលបង្កាច់អង្គហេតុ ខុសទីតាំងដី ផ្ទុយស្រឡះពីគុណធម៌ និងមិនមានភាពយុត្តិធម៌។ នេះជាភាពមិនប្រក្រតីនៃដំណើការស៊ើបអង្កេត។
ការចោទប្រកាន់យើងខ្ញុំ និងការឃុំខ្លួន គឺជាការអនុវត្តផ្ទុយពីស្មារតីនៃលិខិតលេខ ៧៨៥ សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលមានខ្លឹមសារបង្ហាញជំហរទន់ភ្លន់ និងសម្របសម្រួលដោយសន្តិវិធី មិនចាប់បង្ខំនោះទេ ហើយបានចាត់ទុកយើងខ្ញុំគឺជាប្រជាពលរដ្ឋ មិនមែនជាក្រុមជនល្មើសដែលត្រូវបង្រ្កាប និងផ្តន្ទាទោសនោះដែរ។ ឈ្មោះ សេន ពិសី ទិញដីលំនៅឋាន (បើកហាងលក់បាយ) ពីនាយទានហានម្នាក់ អំឡុងឆ្នាំ២០១៧ និងមានលិខិតផ្ទេរកម្មសិទិ្ធដី ធ្វើឡើងក្នុងឆ្នាំ២០១៩ មានមេភូមិ មេឃុំ ប្រថាប់ត្រាទទួលស្គាល់ថាមិនខុសច្បាប់ តែឥឡូវឈ្មោះ សេន ពិសីត្រូវបានចោទថាបានកាប់ឆ្កាព្រៃឈើលើដីលំនៅឋានគ្មានព្រៃ ហើយឃុំខ្លួនក្នុងពន្ធនាគារ ខណៈមេភូមិមេឃុំ ប្រថាប់ត្រា និងទាហានដែលលក់ដីឱ្យមិនមានទោស។ នៅព្រឡប់យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រាប បានប៉ុនប៉ងចាប់ខ្លួនឈ្មោះ ឈន ឃាង និងអ្នកមួយចំនួនផ្សេងទៀត។ពួកគាត់បានបន្តទៀតថា យើងខ្ញុំជាប្រជាពលរដ្ឋ ស្មោះស្ម័គ្រតាំងតែពីដើមរៀងមក ដើរតាមមាគ៌ា ឥតងាករ ក្រោមការដឹកនាំដ៏ល្អរបស់សម្តេចស្ថាបនិកសន្តិភាព និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ យើងខ្ញុំបានមើលឃើញថា ក្នុងរយៈពេលជាង០១ ឆ្នាំនេះ ត្បិតតែពេលខ្លី និងក្នុងកាលៈទេសៈលំបាក ប៉ុន្តែសម្តេចមហាបវរធិបតី បានប្រឹងប្រែងខ្លាំងណាស់ ឱ្យប្រជាពលរដ្ឋបានសុខ បានរីកចម្រើន មានសុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវកាយក្នុងសង្គមសន្តិភាព និងមិនឱ្យមានការរងគ្រោះព្រោះការអនុវត្តគោលនយោបាយរដ្ឋនោះទេ។
សមទ្ធិផលជាច្រើន ត្រូវបានពង្រីក និងបង្កើតឡើង ដូចជាការអនុគ្រោះពន្ធដែលផ្តល់ផលដល់ការប្រកបអាជីវកម្ម និងប្រជាពលរដ្ឋ, ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការពង្រីកការអនុវត្តគោលនយោបាយកិច្ចគាំពារសង្គម ដូចជាការចែកដីដល់អ្នកក្រីក្រ ការឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្រ ការពង្រឹងប្រសិទិ្ធភាពសេវាដល់អ្នកមានប័ណ្ណក្រីក្រ និងពង្រីកកាន់តែទូលំទូលាយដល់អ្នកដែលអាចចុះឈ្មោះប្រើប័ណ្ណ ប.ស.ស, ការពង្រាយមន្ត្រីជំនាញកសិកម្មដល់មូលដ្ឋាន, ការកែទម្រង់ល្អ និងមានប្រសិទិ្ធដល់ការប្រឡងជ្រើសរើស មន្ត្រីរាជការ, ការធ្វើឱ្យប្រសើរឡើងនូវប្រសិទិ្ធភាពនៃការផ្តល់សេវាសាធារណៈ, ការធ្វើឱ្យកាន់តែប្រសើរឡើងនូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីសាធារណៈ និងការបោសសម្អាតមន្ត្រីប្រព្រឹត្តខុសច្បាប់។ល។ យើងខ្ញុំគាំទ្រ និងពេញចិត្តនូវរបៀបរបបធ្វើការតាមបែបគុណភាព ច្បាស់លាស់ និងប្រកាន់គោលការណ៍ត្រឹមត្រូវ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនអនុញ្ញាតឱ្យបុគ្គលណាមួយឆ្លៀតឱកាសពង្រីកទំហំបទបញ្ជា នាំបង្កើតបញ្ហាឱ្យប្រជាពលរដ្ឋលំបាកបន្ថែមនោះទេ។
នៅក្នុងពាក្យសុំឲ្យជួយអន្តរាគមន៍ខាងលើនេះ ប្រជាពលរដ្ឋក៏បានសំណូមពរឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌, ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដូចខាងក្រោម៖១៖ សូមមេត្តាជួយដល់ឈ្មោះ សេន ពិសី ឱ្យបាននៅក្រៅឃុំពីការឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងខេត្តពោធិ៍សាត់ ដែលបានឃុំខ្លួនកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទីតាំងដីរបស់ឈ្មោះ សេន ពិសី មិនឋិតនៅតំបន់ហាមឃាត់ (ស្ពានលេខ ៣៥ ចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧) នោះទេ។២៖ សូមជួយអន្តរាគមន៍ឱ្យមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គោរពស្មារតីនៃលិខិតលេខ ១១០០ សជណ.ដប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់។៣៖ សូមជួយអន្តរាគមន៍ឱ្យមន្ទីរបរិស្ថានខេត្ត ដកពាក្យបណ្តឹងព្រហ្មទណ្ឌពីតុលាការខេត្តពោធិ៍សាត់ ឈប់ប្តឹងយើងខ្ញុំជាប្រជាពលរដ្ឋ ព្រោះយើងខ្ញុំក៏ជាជនរងគ្រោះពីអាជ្ញាធរមូលដ្ឋានភូមិឃុំ និងសេចក្តីជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់។ សូមមេត្តាប្រើវិធានការ រដ្ឋបាល និងការអប់រំពន្យល់ណែនាំឱ្យអស់លទ្ធភាពដល់ប្រជាពលរដ្ឋ និងប្រើបេះដូងគុណធម៌។៤៖ សូមជួយអន្តរាគមន៍ទៅតុលាការខេត្តពោធិ៍សាត់ មេត្តាកុំចាប់ និងឃុំខ្លួនប្រជាពលរដ្ឋបន្ថែមទៀតពាក្យសុំឲ្យជួយអន្តរាគមន៍៕
No comments:
Post a Comment