(កណ្ដាល)៖ បើគិតពីចម្ងាយគឺមានប្រវែងប្រមាណជា២៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីឆ្លងទន្លេមេគង្គក្រោមឆ្ពោះទៅស្រុកល្វាឯម ដោយគេត្រូវធ្វើដំណើរតាមសាឡាងដែលបំពាក់ដោយទូកម៉ាស៊ីននិងមានសភាពចាស់ទ្រុឌទ្រោម។ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយនៅត្រង់ចំណុចក្តាបន្ទះឆ្លងទៅខាងស្រុកល្វាឯម នៅភូមិផ្លូវត្រី ឃុំថ្មគរ ដែលកំពុងចម្លងនេះ តែងតែបង្កឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់រអ៊ូរទាំ អំពីបញ្ហាហានិភ័យនិងគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ។
នៅរដូវប្រាំងនេះ ផ្លូវចុះ-ឡើងហាក់ដូចជាមានចំណោទបន្តិច ប៉ុន្តែមិនមានការកែសម្រួលដើម្បីឲ្យយានយន្តគ្រប់ប្រភេទស្រួលធ្វើដំណើរចុះ-ឡើងនោះឡើយ។ ថ្វីបើវាមិនទាន់បង្កឲ្យមានគ្រោះថ្នាក់ដុំកំភួន ប៉ុន្តែអ្នកធ្វើដំណើរឆ្លងកាត់ទីនេះ បង្ហាញអារម្មណ៍មិនស្រួលចិត្តច្រើនលើកច្រើនសារ។ ភាពគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ មិនត្រូវបានម្ចាស់កំពុងចម្លងដែលកំពុងកើបលុយក្នុងមួយថ្ងៃៗ វាល់លានរៀលនោះ រៀបចំឲ្យមានរបៀបរៀបរយ និងបង្ការហានិភ័យគ្រោះថ្នាក់នោះទេ។
ប្រភពពីប្រជាពលរដ្ឋដែលតែងតែឆ្លងកាត់ធ្វើដំណើរតាមកំពុងចម្លងនេះ បាននិយាយថា បើទោះបីជាបញ្ហាគ្រោះ ថ្នាក់នៅលើផ្លូវទឹកបានកើតមានជាញឹកញាប់យ៉ាងណា ក៏ដោយ ក៏នៅលើទូកចម្លងទីតាំងខាងលើនេះ មិនទាន់មានពោងសុវត្ថិភាពបំពាក់នៅឡើយ។ វានៅតែជាក្តីព្រួយបារម្ភ សម្រាប់អ្នកធ្វើដំណើរ នៅពេលដែលបញ្ហាច្រាំងចុះ-ឡើងនៅកំពង់ចម្លងនេះ មិនត្រូវបានកែសម្រួលដើម្បីធានាបានសុវត្ថិភាពឲ្យយានយន្តគ្រប់ប្រភេទនោះឡើយ។ មានន័យថា ថៅកែកំពុងចម្លងនេះដឹងតែពីយកលុយដោយមិនគិតពីសុវត្ថិភាពអ្នកធ្វើដំណើរនោះទេ។
បើនិយាយពីអ្នកបើកបរសាឡាងវិញ ត្រូវបានប្រជាពលរដ្ឋអ្នកធ្វើដំណើររិះគន់គ្រប់ៗគ្នាដោយអ្នកខ្លះធ្លាប់ទាំងបានស្នើឲ្យថៅកែផ្លាស់ប្ដូរអ្នកបើកបរសាឡាងនោះចេញ ក៏ប៉ុន្តែថៅកែមិនស្ដាប់សំណូមពររបស់អ្នកធ្វើដំណើរនោះទេ។ ពេលខ្លះនៅគ្រាដែលរថយន្តកំពុងតែចុះមិនទាន់ឡើងលើសាឡាងផុតផង អ្នកបើកបរសាឡាងចេញដំណើរទៅហើយ។ ពេលខ្លះនៅលើសាឡាងមិនមានមនុស្សឬយានយន្តណែនណាន់តាន់តាប់នោះទេ ហើយទើបតែចេញផុតពីច្រាំង៤-៥ម៉ែត្រ នៅពេលដែលមានប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅជាមួយដោយប្រញាប់នោះក៏មិនត្រឡប់មកយកវិញដែរ។
ប្រជាពលរដ្ឋនិយាយថា បើរដូវវស្សាវិញនៅពេលជិះលើស្រឡាងនៅចំណុចខាងលើនេះម្ដងៗគឺពួកគាត់មានការព្រួយបារម្ភជាខ្លាំង។ បើនិយាយដល់អ្នកបើកបរវិញនោះគឺហាក់ដូចជាមិនបានយកចិត្តទុកដាក់អំពីបញ្ហាអាយុជីវិតមនុស្សនៅលើសាឡាងនោះឡើយ។ ប្រជាពលរដ្ឋព្រួយបារម្ភនៅពេលធ្វើដំណើរឆ្លងទន្លេមេគង្គនៅចំណុចខាងលើនេះ ដែលជួនកាលត្រូវជួបខ្យល់ខ្លាំង ភ្លៀងផ្គរ ឬទឹកហូរ ខ្លាំងនៅរដូវវស្សា ក៏ប៉ុន្តែអ្នកបើកបរហាក់ដូចជាមិនបានយកចិត្តទុកដាក់ ឬយល់ចិត្តអតិថិជនដែលកំពុងនៅលើសាឡាងនោះឡើយ។
គេមិនដឹងថា តើបញ្ហានេះថ្នាក់ដឹកនាំខេត្តកណ្ដាលបានដឹងអំពីករណីប្រឈមនេះដែរឬយ៉ាងណា? ហើយបើនិយាយអំពីបញ្ហាលុយកាក់វិញគឺគេអាចប្រមូលបានលុយរាប់បាវក្នុងមួយខែៗ។ ប៉ុន្តែមិនព្រមអភិវឌ្ឍន៍ផ្លូវចុះ-ឡើងឲ្យបានសមរម្យទៅនិងទំហំអ្វីដែលខ្លួនទទួលបាននោះឡើយ។ ករណីដែលបានលើកឡើងនេះ គួរតែមានការសម្របសម្រួលដើម្បីកាត់បន្ថយហានិភ័យឬភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ចំណុចខាងលើនេះផង៕
No comments:
Post a Comment