(កណ្ដាល)៖ រឿងហួសចិត្តម្ដងរួចមកហើយ កាលពីយប់ថ្ងៃឆ្លងឆ្នាំសកល ២០២៤-២០២៥គឺមាត់ទន្លេក្រុងតាខ្មៅមានសភាពងងឹត ដោយអាជ្ញាធរក្រុងពុំបានរៀបចំតុបតែងភ្លើងបំភ្លឺឲ្យភ្លឺដើម្បីប្រជាពលរដ្ឋអាចដើរលេងកំសាន្តតាមសួនច្បារនៃមាត់ទន្លេបាននោះទេ ប៉ុន្តែសំណាងបានអំពូលភ្លើងរបស់អ្នកលក់ដូរតាមដងផ្លូវដែលជះទៅជួយបំភ្លឺបានភ្លឺខ្លះៗ ទោះបីយ៉ាងណាក៏នៅតែមានសភាពងងឹតគួរឲ្យព្រួយបារម្ភដែរ។ ហើយឥឡូវនេះ បញ្ហាបរិស្ថាននិងសោភ័ណភាពនៅមាត់ទន្លេក្រុងតាខ្មៅដែលជាបេះដូងខេត្តកណ្ដាលគឺពោរពេញទៅដោយសំរាម ដែលមើលទៅគ្មានសុភ័ណភាពគួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍បន្តិចសោះឡើយ។
ប្រជាពលរដ្ឋ,ភ្ញៀវទេសចរណ៍បានចោទសួរថា បញ្ហាសំរាមនៅមាត់ទន្លេក្រុងតាខ្មៅ វាជាការទទួលខុសត្រូវរបស់ខាងណា? រដ្ឋបាលខេត្តកណ្ដាល? រដ្ឋបាលក្រុងតាខ្មៅ? រដ្ឋបាលសង្កាត់តាខ្មៅ? ឬមន្ទីរបរិស្ថាន? ព្រោះ តែអ្នកទទួលខុសត្រូវច្រើនគ្នា,ច្រើនស្ថាប័ននេះហើយទើបធ្វើឲ្យមាត់ទន្លេក្រុងតាខ្មៅពោរពេញទៅដោយសំរាមហើយមិនមានការអភិវឌ្ឍអ្វីគួរឲ្យកត់សម្គាល់ និងមើល ទៅ គ្មានសណ្ដាប់ធ្នាប់ គ្មានអនាម័យ គ្មានសោភ័ណ្ឌភាព និងគ្មានរបៀបរៀបរយនោះទេ បើទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តច្រើនរូបក៏ដោយ។ប្រជាពលរដ្ឋក្រុងតាខ្មៅក៏ដូចជាខេត្តកណ្ដាលទាំងមូលមានចិត្តរីករាយនៅពេលទទួលដំណឹងថា លោក គួច ចំរើន បានមកកាន់តំណែងជាអភិបាលខេត្តកណ្ដាល ដោយក្តីរំពឹងថា លោកនឹងធ្វើ ឲ្យសួនច្បារមាត់ទន្លេក្រុងតាខ្មៅ មានការរីកចម្រើនប្រែមុខមាត់។ ប៉ុន្តែរយៈពេលមកកាន់តំណែងរបស់លោកគួច ចំរើន ប៉ុន្មានខែមកនេះ មិនមានការផ្លាស់ប្ដូរដូចការរំពឹងទុករបស់ប្រជាពលរដ្ឋនោះទេ។
ជាការពិតបញ្ហាសំរាម មិនឋិតនៅលើការទទួលខុសត្រូវរបស់បុគ្គលណាម្នាក់នោះក៏ពិតមែន។ ប៉ុន្តែនៅក្នុងភូមិ សាស្ត្ររដ្ឋបាលក្រុងតាខ្មៅ ក៏ដូចជាការទទួលខុសត្រូវរបស់មន្ទីរបរិស្ថានខេត្តកណ្ដាល បញ្ហាទាំងនេះ គួរតែត្រូវបានកែសម្រួលដើម្បីធ្វើឲ្យប្រសើរឡើងពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ជាពិសេសសោភ័ណភាព។ ផ្ទុយទៅវិញបើទោះនបីជាក្រុងតាខ្មៅជាប់នឹងរាជធានីភ្នំពេញក៏ដោយក៏ប៉ុន្តែបញ្ហាសោភ័ណភាព,បញ្ហាបរិស្ថាន ដូចដែលបានឃើញនេះ មិនគួរកើតឡើងនោះឡើយ។ សំរាមនៅមាត់ទន្លេ ក៏ដូចជាការមិនយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋមួយ ចំនួន ធ្វើឲ្យបញ្ហានេះ បានប៉ះពាល់ដល់សោភ័ណភាពមាត់ទន្លេក្រុងតាខ្មៅយ៉ាងខ្លាំង។
លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅមិនបានឲ្យដឹងអំពីការទទួលខុសត្រូវរបស់ខាងណានោះ ដោយលោកបានប្រាប់ថា លោកជាប់ប្រជុំនៅសាលាខេត្ត ចាំពេលទំនេរ លោកនឹងទូរស័ព្ទមកវិញ។លោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅឲ្យដឹងថា បញ្ហាសំរាមនេះ ទី១គឺដោយសារទឹកហូរមកពីលើពាំសំរាមមក ប្រជាពលរដ្ឋមកបន់ស្រន់នៅកន្លែងសាថៃជីដោយយកសាកីដូង សំបកដូង សាធម៌ដូងមកបោះ ចោលនៅទី នេះនិងទី២ដោយសារប្រជាពលរដ្ឋមិនបានជួយសំអាត ទេ គឺហូបហើយបោះចោលៗ។ លោកចៅ ហ្វាយក្រុងបន្តថា លោកទើបចាត់ក្រុមការងារឲ្យចុះសំអាតម្ដងរួច មកហើយកាលពីថ្ងៃទី១៤ ខែ១២ ឆ្នាំ ២០២៤ មិនទាន់ដល់១ខែផង សំរាមឡើងគរទៀត ហើយ។ លោកបន្តទៀត ថា កន្លងមកក៏មានការចូលរួមពីអង្គការបរិស្ថានផ្សេងៗ និងសិស្សសាលាផងដែរ។ ទោះបីជាយ៉ាងណាលោកនឹងចាត់ឲ្យក្រុមការងារចុះសំអាតទៀត។
លោកអភិបាលក្រុងតាខ្មៅបានបន្ថែមឲ្យដឹងថា ខាងសង្កាត់បានយកបង្គន់មកដាក់ដោយគ្មានរបៀបរៀបរយនោះទេ ហើយអ្នកប្រើប្រាស់បន្ទប់ទឹកនិងបង្គន់គឺរញ៉េ រញ៉ៃណាស់។ លោកបន្តថា លោកបានកំពុងស្នើសុំទៅខាងខេត្តដើម្បីជួសជុលរៀបចំឲ្យបានស្អាតផងដែរ។ជាមួយគ្នានេះ រដ្ឋបាលក្រុងក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកមានទម្លាប់បោះចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ សូមមេត្តាបញ្ឈប់ការបោះចោលសំរាមជាបន្តទៀត ដើម្បីបរិស្ថានក្រុងតាខ្មៅស្អាតផង និងម្យ៉ាងទៀត ចង់បញ្ជាក់ថា អ្នកបោសសំអាតមានគ្នាតិចណាស់ បើប្រៀបធៀបនឹងចំនួនអ្នកបោះចោលសំរាម ដូចនេះ រើសមិនទាន់អ្នកបោះទេ ។ទាក់ទិននឹងបរិស្ថានលោក ពៅ សោម៉ាណាក់ ប្រធាន មន្ទីរបរិស្ថានខេត្តកណ្ដាលក៏មិនបានឲ្យដឹងអ្វីនោះដែរ ដោយបាននិយាយយ៉ាងខ្លីថា ជាប់ប្រជុំ រួចក៏ចុចបិទទូរស័ព្ទទៅ។លោក ឌឹម បូរ៉ា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលឲ្យដឹងថា លោកទទួលបាន,លោកបានឲ្យរដ្ឋបាលក្រុងតាខ្មៅពិនិត្យករណីនេះភ្លាម។ បើតាមឲ្យ ដឹងបឋមរដ្ឋបាលក្រុងតែងតែសម្អាត ប៉ុន្តែដោយខែនេះជាខែត្រជាក់ ដូចនេះ ក៏មានខ្យល់បក់បោកសំរាម។
លោក ឌឹម បូរ៉ា បានឲ្យដឹងទៀតថា សំរាមនៅទីនេះមានច្រើនដោយសារសំរាមភាគច្រើនគឺហូរជាប្រចាំតាមទឹកមកតាមស្ទឹងព្រែកត្នោត និងទន្លេបាសាក់ និងមកទើនៅចំណុចនេះ។ សំរាមមួយចំនួនទៀតគឺកើតឡើងដោយ សារអ្នកមកអុចធូបសែននៅវិហាររួចតែងតែបោះចោលសំណែន (ស្លាធម៌ដូង) ក្នុងទឹកនៅមុខវិហារនោះតែ ម្តង។ កន្លងមករដ្ឋបាលក្រុងតាខ្មៅ បានណែនាំដល់រដ្ឋបាលសង្កាត់តាខ្មៅឱ្យមានការសំអាតនៅចំណុចនេះជាប្រចាំផងដែរ។ កន្លងមក រដ្ឋបាលក្រុងដោយមានការគាំទ្រ និងសហការមន្ទីរបរិស្ថានខេត្ត អង្គការសំអាតទន្លេសមុទ្រ សាលារៀនបានសំអាតនៅទីតាំងនោះបានស្អាត រួចរាល់ផងដែរក្នុងខែធ្នូ ឆ្នាំ២០២៤។ ជាបន្តនេះ រដ្ឋបាល ក្រុងកំពុងរៀបចំដាក់ស្លាកអប់រំ ហាមចោលសំរាម ចាត់ តាំងក្រុមពិន័យអ្នកបោះសំរាម នៅទីនេះនិងរៀបចំជាកម្លាំងប្រចាំមួយក្រុមចូលសំអាតឱ្យបានស្អាត និងទៀង ទាត់៕
No comments:
Post a Comment