ខេត្តតាកែវ÷ សកម្មភាពជីកកកាយយកអាចម៍ដីពីព្រែក៦មករា ថិតនៅ ក្នុងភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ កំពុងបង្កហានិភ័យដល់ដីស្រែប្រជាពលរដ្ឋជិតខាង នៅជាប់ប្រឡាយនោះ ក្នុងពេលដែលឈ្មួញឈ្មោះឈន ឈាន កំពុងកើបលុយតាមរយៈការលក់អាចម៍ដីរាប់រយឡានក្នុង១ថ្ងៃៗ។ រីឯ អាជ្ញាធររដ្ឋបាលស្រុកអង្គរបុរី ជំរុញឲ្យអ្នកកាសែតទៅជួបដោយផ្ទាល់នៅសាលាស្រុក បើចង់ដឹងរឿងច្បាស់លាស់។
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រុមអ្នកកាសែតបានឃើញទិដ្ឋភាពផ្ទាល់ នៃការកំពុងជីកកកាយយកអាចម៍ដីលក់ បែបអាណាធិបតេយ្យ របស់ឈ្មួញឈ្មោះឈន ឈាន នៅចំណុចព្រែក៦មករា នៃទីតាំងភូមិឃុំខាងលើ។ មិនតែប៉ុណ្ណោះក្រុមរថយន្តដឹកដីទាំងនោះបែរជាមកចាក់លុបព្រែកខាងលើនេះ ឲ្យម្ចាស់ខ្ចុះមួយកន្លែងនៅលើព្រែកនេះទៅវិញ។ ប្រជាពលរដ្ឋនិយាយថា តាមច្បាប់មិនអនុញ្ញាតឲ្យចាក់ដីដើម្បីលុបព្រែកនេះទេ។
នៅទីនេះ គឺឈ្មួញកំពុងជីកកកាយយកអាចម៍ដីពីព្រែកនៅចំណុចទីតាំងមួយកន្លែងហើយយកមកចាក់ទៅលើខ្ចុះមួយកន្លែងទៀត នៅក្នុងព្រែកដដែលនេះ។ នេះគឺជាទង្វើនៃការល្មើសច្បាប់ទ្វេគុណ ដែលនោះគឺការជីកកកាយយកអាចម៍ដីខុសបទដ្ឋានបច្ចេកទេសនោះផង និងការយកមកចាក់លុបលើចំណីព្រែក៦មករានេះផង។
ការជីកយកអាចម៍ដីដែលមានជម្រៅជ្រៅ ខុសបទដ្ឋានបច្ចេកទេស,មិនសមស្របលក្ខណៈបច្ចេកទេសនេះបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងដល់ ផ្ទៃដីស្រែប្រជាពលរដ្ឋដែលនៅជិតខាងព្រែក៦មករាក្នុងភូមិសាស្ត្រ ភូមិ-ឃុំខាងលើនេះ។ ប្រជាពលរដ្ឋដែលមានដីស្រែនៅតំបន់ព្រែកខាងលើនេះ ធ្លាប់ប្រតិកម្មប្ដឹងផ្ដល់ឱ្យអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានជួយដោះស្រាយផងដែរ ប៉ុន្តែហាក់មិនមានប្រសិទ្ធភាពចំពោះទង្វើល្មើសច្បាប់របស់ឈ្មួញឈន ឈាន នេះឡើយ។ទង្វើការជីកកកាយយកអាចម៍ ដីនេះគឺមិនសមស្របតាមអ្វីដែលគេហៅថា បទដ្ឋានបច្ចេកទេសនោះទេ។
ម្ចាស់គ្រឿងចក្រ,ការដ្ឋានរណ្ដៅដីការយកអាចម៍ដីខាង លើលោកឈន ឈានអះអាងថា ការជីកកកាយយកអាចម៍ដីលក់បានលុយស្រួលៗនេះ គឺមានការអនុញ្ញាតច្បាប់ទម្លាប់ត្រឹមត្រូវចេញដោយរដ្ឋបាលស្រុកអង្គរបុរីលោករស់ ប៊ុនធឿន។ ជាមួយនោះលោកក៏បានបដិសេធផងដែរថា គ្រឿងចាក់របស់លោកមិនបានដឹកដីទៅចាក់លុបព្រែកនៅទីតាំងខ្ចុះមួយកន្លែងនោះ ដែលជាទង្វើខុសច្បាប់នោះទេ។លោករស់ រត្ន អភិបាលស្ដីទីស្រុកអង្គរបុរីបានប្រាប់អ្នក កាសែតថា កំពុងជាប់រវល់ចូលរួមសម្ពោធផ្លូវដូច្នេះតម្រូវឲ្យអ្នកកាសែតទៅសួរនាំព័ត៌មាននៅរដ្ឋបាលស្រុកអង្គរបុរីដោយផ្ទាល់តែម្ដងទៅ៕
No comments:
Post a Comment