បាត់ដំបង÷ទីតាំងកត់កន្ទុយលេខឆ្នោតសៀម-និងយួន ត្រូវបានគេបង្ហើបប្រាប់ថា ជាកូនកញ្ច្រែងរបស់បុគ្គលម្នាក់មានរហ័សនាម ចែវ៉ែនតា ដែលជាក់ស្ដែងទីតាំងមួយកន្លែងនេះស្ថិតនៅភូមិអូរតាគាំ១,សង្កាត់ទួលតាឯក,ក្រុងបាត់ដំបង ក្នុងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ហាក់បីដូចជាមិនហ៊ានរំខានឡើយ។ប្រភពបានឱ្យដឹងថា មុនថ្ងៃទី១និងថ្ងៃទី១៦រៀងរាល់ខែអ្នកកត់កន្ទុយលេខឆ្នោតសៀម និងយួន តែងតែមកមមាញឹក ពីព្រោះក្នុង១ខែឆ្នោតសៀមចេញ២ថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី១៦ ដែលទីតាំងខាងលើ ត្រូវតែមើលឃើញថាមានសភាពមមាញឹកខុសពីធម្មតា។ ប្រភពបានបង្ហើបទៀតថា ក្រុមអ្នកញៀនល្បែងឆ្នោតកន្ទុយ លេខសៀម,យួននេះ នាំគ្មាលេងតាមប្រព័ន្ធបណ្ដាញសង្គមផ្សេង ទៀតដូចជាការផ្ញើលុយតាមប្រព័ន្ធធនាគារ និងការចាក់តាមប្រព័ន្ធអនឡាញផ្សេងទៀត។ ដូច្នេះ បើមើលទៅមិនសូវជាឃើញមនុស្សមមាញឹកទេ ប៉ុន្តែទំហំទឹកប្រាក់គឺច្រើនខ្លាំងណាស់។
បើតាមប្រជាពលរដ្ឋសង្កេតឃើញថា ជាទូទៅល្បែងកន្ទុយលេខឆ្នោតសៀម,និងយួន ដែលគ្រប់គ្រងដោយបុគ្គល ចែវ៉ែនតា នៅក្រុងបាត់ដំបង គឺមានច្រើនកន្លែង។ គេមិនដែលឃើញសមត្ថកិច្ចក្រុងបាត់ដំបង ក៏ដូចជាកម្លាំងស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបឆ្នោតកន្ទុយលេខទាំងនោះឡើយ។ភាពស្ងៀមស្ងាត់,មិនដឹងមិនឮរបស់អាជ្ញាធរ សមត្ថកិច្ចក្រុងបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ប្រហែល ជាអស់លោក បានទទួលលាភសក្ការៈ ពីមេឆ្នោតកន្ទុយ លេខទាំងនោះហើយ បានជាស្ងាត់ស្ងៀមល្អយ៉ាងនេះ។ ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង បានត្រឹមសំដែងមតិប្រាប់អ្នកកាសែត អំពីទីតាំងកត់កន្ទុយលេខ និងរស់នៅខ្វល់ខ្វាយអំពីបញ្ហាសុខសុវត្ថិភាព,ភ័យខ្លាចករណីចោរ លួចចោរប្លន់ ស្របពេលដែលអាជ្ញាធរមាន សមត្ថកិច្ចសម្ងំស្ងៀមឈឹង។ ដូច្នេះតើស្ថាប័នជាតិណាខ្លះ ដែលអាចជួយកាត់បន្ថយក្តីកង្វល់របស់ប្រជាពលរដ្ឋក្រុងបាត់ដំបងបាននោះ?៕
បើយោងតាមបទបញ្ជា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាពិសេស សារសំឡេងរម្លឹកពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤៕ប៉ុន្តែផ្ទុយទៅវិញអស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្រុងបាត់ដំបង ទំនងនាំគ្នាផ្គើននិងបទបញ្ជារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយមើលទៅ ទើបបានជាបណ្តែតបណ្តោយឲ្យបុគ្គលដែលមានរហ័សនាម ចែ វ៉ែនតា ធ្វើភ្ជុះធ្វើភ្លៀង បើកល្បែងស៊ីសងកន្ទុយលេខឆ្នោតសៀម និងយួនតាមតែអំពើចិត្ត។ ពាក់ព័ន្ធនិងករណី ល្បែងស៊ីសងកន្ទុយលេខឆ្នោតសៀម និងយួនខាងលើនេះ លោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង បានប្រាប់(សាន់ដេ)តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកនិងឲ្យលោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ចុះពិនិត្យដើម្បីមានវិធានការតាមផ្លូវច្បាប់។
No comments:
Post a Comment