កំពង់ឆ្នាំងៈ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថ និងសង្កាត់រដ្ឋបាលជលផល ស្រុកជលគីរី បានបង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ នៅពេលបុរសនោះ បានដឹកត្រីនុយស្បៃមុង ហើយយកឈ្មោះត្រកូលថ្នាក់ដឹកនាំប្រទេស មកអួតក្អេងក្អាង គំរាមសមត្ថកិច្ច និងអ្នករកស៊ីដូចគ្នា។

ក្នុងការបង្ក្រាប និងឃាត់ខ្លួនបុរស ខាងលើនេះ ដឹកនាំដោយមេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកជលគីរី លោក គង់ សារឿន នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចចិន ឃុំពេកគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ បុរសម្នាក់នោះ ឈ្មោះ ឃឹម រតនៈ អាយុ ៣១ ឆ្នាំ មានមុខរបរ ជាអ្នកបើកបរ មានទីលំនៅបច្ចុប្បន្ន ភូមិតាសែន ឃុំសុទឹម ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រោយការឃាត់ខ្លួន ជនសង្ស័យនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកជលគីរី បានរាយការជូនមេបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង លោកឧុត្តមសេនីយ៍ត្រី សាក់ សារាំង និងសុំការអនុញ្ញាត ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា ដើម្បីនាំខ្លួនយកមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសាកសួរ និងកសាងឯកសារ បញ្ជូនបន្តទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការ តាមនីតិវិធី ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ច បានដកហូតរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ១តោនកន្លះ ១គ្រឿង , កូន ត្រី៣០ប៊ីដុង ក្នុង១ប៊ីដុង ទម្ងន់ ២៤ គីឡូក្រាម ។
យោងតាមសេចក្តីរាយការណ៍ ពីកន្លែងបង្ក្រាប ក៏ដូចជា ប្រជានេសាទ បានឲ្យដឹងថា រថយន្តនេះ ជារបស់ថៅកែម្នាក់ មានទីលំនៅផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ជាឈ្មួញម្នាក់ ដែលល្បីល្បាញ ខាងរកស៊ី បទល្មើសដឹកកូនត្រី របាំងស្បៃមុង ហើយបានយកឈ្មោះ អ្នកធំ មកអួតអាង ដើម្បីគំរាម បន្លាចសមត្ថកិច្ច ក៍ដូចជា អ្នកដទៃ ដោយយកឈ្មោះ អ្នកដឹកនាំប្រទេស ជាដើម។

ភាពអំនួតក្អេងក្អាង បែបខាងលើនេះ បានធ្វើឲ្យអ្នករកស៊ី ដែលមានមុខរបរដូចគ្នា មិនហ៊ានប្រជែង ជាមួយគាត់ឡើយ ហើយគាត់តែងតែធ្វើបាប គេឯងទៀតផង ហើយក៏បានជំរុញអោយ អ្នកប្រព្រឹត្តបទល្មើសនេសាទ ដាក់ស្បៃមុង នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ជាអ្នកលក់ត្រីឲ្យគាត់ ដោយសារតែភាពអំនួត និងជំនឿលើគាត់ និងប្រមូលផ្ដុំកាន់តែច្រើន ក្នុងការប្រព្រឹត្តបទល្មើស និងយកកូនត្រីមកលក់ឲ្យគាត់ ដោយមានឈ្មោះ ជា អ៊ិត និងប្រពន្ធ ជាមេខ្លោង ។
ពាក់ព័ន្ធនឹងករណីបង្ក្រាបខាងលើនេះ ប្រជាពលរដ្ឋ បានសំណូមពរ អោយព្រះរាជអាជ្ញា មានចំណាត់ការ ដល់ជនពាក់ព័ន្ធទាំងនោះ ជាប្រយោជន៍ ធ្វើការទប់ស្កាត់ និងលប់បំបាត់ បទល្មើសនេសាទ និងភាពយុត្តិធម៌ របស់សង្គម ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ មិនត្រូវជនប្រភេទ ខាងលើនេះ យកមកប្រើផ្ដេសផ្ដាសនោះឡើយ៕

No comments:
Post a Comment