SHARE- TWEET
ភ្នំពេញ ៖ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលការណ៍ដឹកនាំប្រទេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺផ្តោតការលើការជួយសង្គ្រោះប្រជាពលរដ្ឋដោយជាក់ស្តែង និងប្រកបដោយនិរន្តរភាព។ គោលនយោបាយនេះ គឺត្រូវបានអនុវត្តជាប់រហូតមកក្នុងរយៈកាលកន្លងមកនេះ ហើយនឹងបន្តអនុវត្តជាហូរហែជាប់ទៅមុខទៀត។ ទីណាមានការលំបាក ពេលណាមានការលំបាក គឺមានការជួយសង្គ្រោះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, មានការយកចិត្តទុកដាក់របស់ក្រុមការងារថ្នាក់ជាតិ និងមានការចុះជួយផ្ទាល់របស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយគ្មានការរើសអើងអ្វីទាំងអស់។

ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកបន្តថា នេះ គឺជាភាពជាក់ស្តែង នៃការខិតខំប្រឺងប្រែង ដោយបានអនុវត្តពិតប្រាកដ និងមិនមែនជាការសន្យា ដោយខុសពីអ្នកនយោបាយមួយចំនួន ដែលមិនខ្វល់ខ្វាយអើពើអំពីសុខទុក្ខរាស្ត្រ ហើយអ្វីដែលពួកគេបានធ្វើ គឺការញុះញង់បំបែកបំបាក់មិនរើសពេល មិនរើសវេលា សូម្បីតែក្នុងពេលរាស្ត្រមានទុក្ខនៅក្នុងគ្រោះទឹកជំនន់ដូចពេលនេះ ធ្វើយ៉ាងណាបង្កចលាចល និងអសន្តិសុខ ដើម្បីបម្រើឲ្យមហិច្ឆតានយោបាយរបស់ពួកគេ។

លោកហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ០៣ ចំណុច៖ ទី១. សូមអរគុណប្រជាពលរដ្ឋខេត្តក្រចេះទាំងអស់ ដែលតែងជឿទុកចិត្ត និងការផ្តល់ការទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា។ ទី២. សូមអរគុណចំពោះការចូលរួមរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំនយោបាយ គ្រាន់តែជាកត្តាដឹកនាំប៉ុណ្ណោះ ប៉ុន្តែការបង្កើត និងថែរក្សាបាននូវសន្តិភាពបានឋិតថេរយូរអង្វែង គឺអាស្រ័យលើប្រជាពលរដ្ឋ ។ ជាក់ស្តែង សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយសារនយោបាយឈ្នះ-ឈ្នះ ប៉ុន្តែប្រសិនបើប្រជាជនមិនត្រូវរ៉ូវគ្នា និងមិនទុកចិត្តគ្នា នោះសង្គ្រាមមិនអាចបញ្ចប់ទេ ហើយក៏គ្មាននិរន្តរភាពផងដែរ។ ដោយហេតុនេះហើយ ទើបរាល់ការប៉ុនប៉ងនានាក្នុងការបង្កចលាចល និងអសន្តិសុខ ដោយអ្នកនយោបាយមួយចំនួន ក្នុងរយៈកាលកន្លងមក ក្នុងចេតនាបំផ្លិចបំផ្លាញគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនបានទទួលជោគជ័យសោះឡើយ នេះក៏ដោយសារតែប្រជាពលរដ្ឋមិនគាំទ្រ និងមិនចូលរួម។

ប្រជាពលរដ្ឋយើងដែលគិតគូរដល់ប្រទេសជាតិ ប្រាកដជាយល់ច្បាស់ណាស់ថា ប្រទេសជាតិមួយរីកចម្រើនទៅបានដោយសារប្រជាពលរដ្ឋប្រទេសនោះ ដែលរួមសាមគ្គីគ្នា។ បច្ចុប្បន្ននេះ យើងជាខ្មែរដែលលែងបែកបាក់ ជាខ្មែរដែលរួបរួមគ្នាជួយគ្នា។ ទី៣. សូមចូលរួមបង្ការទប់ស្កាត់ និងយកចិត្តទុកដាក់បង្ការថែទាំ និងពិនិត្យសុខភាពឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាជម្នះលើវិបត្តិនៃជំងឺកូវីដ-១៩។ កត្តាជោគជ័យធំទៅកាន់ជោគជ័យនេះ គឺការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ដើម្បីសេចក្តីសុខរបស់ជាតិយើងទាំងមូល៕

No comments:
Post a Comment