ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
ប្រភពដដែលបានបន្តថា ពិព័រណ៍នេះនឹងត្រូវរៀបចំឡើងក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ។ ពិពណ៌នេះនឹងផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអាស៊ាន និងចិន។
ប្រភពដដែលបានបន្តទៀតថា នាឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងថ្លែងសន្ទរកថាគន្លឹះ ដោយ នឹងគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញាទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ប្រភពដដែលបានបន្តថា សម្តេចតេជោក៏ នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដើម្បីសម្របទៅនឹងកាលៈទេសៈប្រក្រតីភាពថី្ម លើកកម្ពស់ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយនិងសម្រេចបានវឌ្ឍនភាពបន្ថែមទៀត។ សម្តេចតេជោ ក៏នឹងមានប្រសាសន៍ផងដែរអំពីការខិតខំរបស់កម្ពុជា សំដៅជំរុញការធ្វើឌីជីថលូបនីយកម្មលើផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋបាលសាធារណៈ ព្រមគ្នាជាមួយនឹងការអនុវត្តវិធានការកែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឲ្យបានកាន់តែប្រសើរ។
ពិព័រណ៍អាស៊ាន-ចិន គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាក្នុងវិស័យសេដ្ឋកិច្ចរវាងអាស៊ាន និងចិន។ វេទិកានេះក៏បានផ្តល់នូវកាលានុវត្តភាពធំធេងដល់កម្ពុជា ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារនាំចេញ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងពង្រឹងពង្រីកកិច្ចសហការលើគ្រប់វិស័យជាមួយប្រទេសទាំងអស់ដែលចូលរួមពិព័រណ៍៕
No comments:
Post a Comment