ភ្នំពេញ៖ឯកឧត្តមដួង ដារ៉ា ជំនួយការសម្តេចតេជោ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនដោយបានលើកឡើងថា?មុនចេញទៅណាមកណា សូមបងប្អូនគិតពី កូវីដ-១៩! គឺត្រូវមានម៉ាស់ មានជិល ឬដបបាញ់ទឹកអាល់កុលតូចៗជាប់តាមខ្លួននឹងជាប់នៅក្នុងឡាន ម៉ូតូ ទុកទុក…។ ទោះបី កូវីដជាជំងឺឆ្លងដ៏សាហាវឬមិនទាន់មានថ្នាំព្យាបាលមែន ប៉ុន្តែសូមបងប្អូនកុំភ័យតក់ស្លុតខ្លាំងពេករហូតដល់គិតថាជំងឺធម្មតាៗដូចជា ក្តៅខ្លួន, ក្អក, ហៀរសំបោរ, តឹងច្រមុះ, ផ្តាសាយ… ក៏គិតជាជំងឺកូវីដ១៩ ទាំងអស់នោះ គឺមិនពិតទេ។
បើមានការមន្ទឹលសង្ស័យ សូមខលមកលេខ ១១៥ ដែលមានអ្នកជំនាញក្រសួងសុខភិបាលអំពីកូវីដ-១៩ នឹងផ្តល់ព៍ត៌មានពិតជូនបងប្អូន។ ម៉្យាងវិញទៀត បងប្អូនក៏អាចទៅពិគ្រោះស្ថានភាពជំងឺផ្ទាល់ខ្លួននៅមណ្ឌលសុខភាពដែលនៅជិតផ្ទះបងប្អូនបំផុត ដើម្បីចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយពីខេត្តមកមន្ទីរពេទ្យរុស្សី នៅភ្នំពេញ។ ធ្វើដំណើរឆ្ងាយហើយអស់សោហ៊ុយច្រើន ហើយត្រូវរងចាំយូរទៀត។ បើមានរឿងអ្វីមិនទុកចិត្ត សូមកុំភ័យស្លន់ស្លោរអោយសោះ ព្រោះនោះមិនមែនជាដំណោះស្រាយទេ។
ចំពោះករណីខ្ញុំវិញ បើអ្នកខ្សោយបេះដូង គឺចប់ជាស្ថាពរបាត់ទៅហើយ ព្រោះមានអ្នកប្រឌិតថាខ្ញុំមានកូវីដ ១៩ វិជ្ជមាន ហើយមានការវាយប្រហារជាច្រើនដែលបង្កអោយមានការស្អប់, ខឹង នឹងរើសអើងមកលើរូបខ្ញុំ។ ខ្ញុំអរគុណបងប្អូនដែលស្រឡាញ់រាប់អាន នឹងផ្តល់កម្លាំងចិត្តដល់ខ្ញុំ។
ថ្ងៃនេះខ្ញុំសុខភាពល្អដូចធម្មតា ខ្ញុំបានធាក់កង់ម៉ាស៊ីននៅក្នុងផ្ទះធ្វើចត្តាឡីស័កទម្លាក់ខាឡូរី (Calorie) បាន ១៧៧ នឹងគិតជាចម្ងាយបាន១០គីឡូម៉ែត្រដែរ។ កម្តៅខ្ញុំថ្ងៃនេះគឺ ៣៦.១។ ស្អែកថ្ងៃទី ១៤ វិច្ឆិកា នេះ ខ្ញុំនឹងធ្វើតេស្តពិនិត្យរកមើលកូវីដ ១៩ ជាលើកទី៣បន្តទៀត។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
No comments:
Post a Comment