កំពត៖តម្លៃពងទាចុះថោកមកត្រឹមតម្លៃ៣០០រៀលក្នុង១គ្រាប់ គឺដោយសារតែ ស្ថានភាពកូវីដ បានធ្វើអោយការលក់បាយឆា មីឆា លតឆានៅតាមសាលារៀន មានការថយចុះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ចុះថ្ងៃទី២៣ ធ្នូ ២០២០កន្លងទៅនេះ ។
សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្មខេត្តកំពតខាងលើ បានធ្វើឡើងក្រោយពីប៉ុន្មានថ្ងៃចុងនេះ ប្រជាពលរដ្ឋជាច្រើនដែលប្រកបរបរចិញ្ចឹមទាយកស៊ុត បានត្អូញត្អែរពីទុក្ខលំបាកបាត់ចំណូលដោយសារតមលៃពងទាធ្លាក់ថ្លៃយ៉ាងគំហុក និងបានអំពាវនាវឲ្យក្រសួងពាក់ព័ន្ឋជួយអន្តរាគមន៍អំពីការធ្លាក់តម្លៃពងទានៅពេលនេះ។
ឆ្លើយតបទៅនឹងអ្នកប្រកបរបរចិញ្ចឹមបក្សីយកស៊ុតដែលរអ៊ូរទាំករណីស៊ុតទា (ពងទា) ចុះថ្លៃក្រោម៣០០រៀលក្នុង១គ្រាប់នោះ ក្រសួងកសិកម្មបានពន្យល់ថា ដោយសារពលរដ្ឋផ្អាកការជួបជុំចូលរួមក្នុកម្មវិធីផ្សេងៗ ព្រោះតែជំងឺកូវីដ១៩ និងរដូវនេះជារដូវត្រី ដូច្នេះពលរដ្ឋមួយចំនួនងាកមកហូបត្រី និងការចិញ្ចឹមបក្សីយកស៊ុតមានការកើនឡើង ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចុះថ្ងៃទី២១ ធ្នូ ២០២០ ក៍បានឆ្លើយតបជុំវិញការលើកឡើងអំពីការធ្លាក់ថ្លៃពងទាដោយសារការនាំចូលស៊ុតពីប្រទេសជិតខាងនោះ ក្រសួងក៍បានបញ្ជាក់ដែរថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៍ដូចជាក្រសួងកសិកម្មពុំដែលអនុញ្ញាតឲ្យមានការនាំចូលស៊ុតពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាមចូលមកទីផ្សារកម្ពុជានោះទេ ៕
No comments:
Post a Comment