ភ្នំពេញឃាតក២នាក់ដែលសម្លាប់មនុស្សដើម្បីប្លន់យកទ្រព្យសម្បត្តិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមនាថ្ងៃទី២៥ធ្នូ ឆ្នាំ២០២០នេះ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ១៨ឆ្នាំ ពីបទហឹង្សាដោយចេតនាមានស្ថានទំងន់ទោស ដោយមរណៈភាពនៃជនរងគ្រោះ ។បទចោទប្រកាន់ថ្មីនេះ បន្ទាប់ពីតុលាការបានប្ដូរពីបទឃាតកម្ម ។
ជនជាប់ចោទដែលតុលាការផ្ដន្ទាទោស ទី១ឈ្មោះ អឿង ភាព ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកអ្នកទទួលទិញសម្ភារៈដែលចោរប្លន់បានឈ្មោះ ប៉ុក សុខនី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ត្រូវតុលាការដោះលែងបាត់ហើយ ។
សូមរំលឹកថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យជាករណីឃាតកម្មវៃសម្លាប់ប្លន់យកម៉ូតូ ដោយហេតុការណ៍នេះបានកើតឡើងនឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦នឹង៣០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩ ។
សមត្ថកិច្ចបញ្ជាក់ថាសពបុរសខាងលើមានឈ្មោះ មែក ភីន អាយុ២៩ឆ្នាំ មុខរបរជាងកញ្ជក់ នឹងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិសែនជ័យ។ នឹងមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍សាកសំពៅបានសហការជាមួយកម្លាំងជំនាញនៃអធិការខណ្ឌដង្កោបានចុះមកពិនិត្យជាក់ស្តែងនៅ កន្លែងកើតហេតុ ឃើញក្បែរសាកសពមានកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាព នឹងកញ្ជក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី ។
តាមសាច់ញាតិសពបុរសខាងលើបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រឹមសង់សេរីឆ្នាំ២០១៥ ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដោយទាក់ទងមិនបាននោះទេ។ លុះព្រឹកថ្ងៃទី១៦ ស្រាប់តែសមត្ថកិច្ចទាក់ទងមកថាជនរងគ្រោះត្រូវបានគេវៃសម្លាប់ប្លន់យកម៉ូតូបាត់ទៅហើយ ៕
No comments:
Post a Comment