ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសលើកពេលសំណុំរឿងអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលបច្ចុប្បន្នកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារ យកមកបើកសវនាការជំនុំជម្រះក្តី លើបណ្តឹងសាទុក្ខរបស់ជន ជាប់ចោទ ព្រោះតែមូល ហេតុជនជាប់ចោទមានសុខភាពមិនល្អ។ចំណែកជាប់ចោទឈ្មោះ ឡាយ ណារិទ្ធ ជាបងប្រុសរបស់ជនជាប់ចោទឈ្មោះ ឡាយ វណ្ណះ បានមកចូលរួមសវនាការតាមការកំណត់ តែក៏ត្រូវបានក្រុមអនុរក្សពន្ធនាគារដឹកយកទៅឃុំខ្លួនវិញដែរ ។
ជាក់ស្តែងសំណុំរឿងជនជាប់ចោទ២នាក់ខាងលើ គឺលោក ឡាយ វណ្ណៈ និងលោកឡាយ ណារិទ្ធ ពាក់ព័ន្ធនឹងករណីឃាតកម្មលើស្ត្រីមេម៉ាយកូន៣រូបស្រស់ ចេវ សុវឌ្ឍនា កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តទន្ទាទោសលើឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគារកំណត់រយៈ ពេល១៣ឆ្នាំ ពីបទ.ឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។ ចំណែកឈ្មោះ ជឹម វុធ និង ឈ្មោះ ម៉េន សាម៉ៃ ត្រូវដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
គួររម្លឹកដែរថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលជាជនរងគ្រោះមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួនក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ហើយត្រូវបានគេដាក់ការសង្ស័យទៅលើលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុស។ក្រោយពីការប្រកាសសាល ក្រមនេះភ្លាម ជនជាប់ចោទ ឡាយ វណ្ណៈ និងបងប្រុស ឡាយ ណារិទ្ធ បានបញ្ចេញប្រតិកម្មកើតទុក្ខមិនសុខចិត្តចំពោះការកាត់ក្តីនេះ ថាមិនមានភាពយុត្តិធម៌ ហើយជនជាប់ចោទទាំង២នាក់បងប្អូន បានប្រកាសប្តឺងទៅសាលាឧទ្ធរណ៍តាមកំណត់ច្បាប់ ។ទាំង ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ ធ្លាប់បានបដិសេធថា ទាំង២នាក់បងប្អូនមិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ទេ ហើយបើមានពាក់ព័ន្ធមែននោះ សូមឲ្យវត្ថុស័ក្តិសិទ្ធិបរាមុខឲ្យស្លាប់តៃហោងទាំងប្រពន្ធកូន និងធ្លាក់នរក៩ជាន់កុំចាប់ជាតិចុះ ។ក្រោយមក សំណុំរឿងនេះសាលាឧទ្ធរណ៍បានលើកយកមកបើកសវនាការតាមបណ្តឹង
របស់ជនជាប់ចោទ និងបានប្រកាសសាលដីកា នៅរក្សាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ។ដោយឡែក ជនជាប់ចោទជាអ្នកបម្រើនិងអ្នកបើកបររថយន្ត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅពេលអនុវត្តទោសគ្រប់តាមការកំណត់ ។ ចំណែកជនជាប់ចោទទាំង២នាក់បងប្អូន នៅពេលដឹងថាសាលាឧទ្ធរណ៍ នៅតែរក្សានិងតម្កល់ទុកសាលក្រមរបស់សាលាដំបូងនោះ ក៏កើតទុកមិនសុខចិត្ត និងបានពឹងពាក់មេធាវីការពារផ្លូវច្បាប់ប្តឹងសាទុកទៅតុលាការកំពូល ដើម្បីទាមទាររកយុត្តិធម៌ឡើងវិញទៀត ។លុះនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ តុលាការកំពូលលើកយកសំណុំរឿងនេះមកបើកសវនាការជំនុំជម្រះក្តី ប៉ុន្តែដោយជនជាប់ចោទ ឡាយ វណ្ណៈ មានបញ្ហាសុខភាព សវនាការនោះក៏ត្រូវបានប្រកាសលើកពេលវិញ ។
មហាជននៅរង់ចាំអ៊ុតមើលអាប៉ោង ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុសតើវាសនាទៅជាយ៉ាងណា !។ដោយឡែកជុំវិញករណីខាងលើ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កន្លងមកធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានថារឿងស្រ្តីមេម៉ាយកូនបី (អ្នកស្រី ចេវ សុវឌ្ឍនា) នៅក្រុងដូនកែវ ខេត្តតាកែវ គឺជារឿងឃាតកម្ម ហើយរឿងនេះ អ្នកនៅជាមួយជនរងគ្រោះបានសារភាពអស់ហើយថា លោក ឡាយ វណ្ណៈ ជាអ្នកនៅពីក្រោយ។ជាមួយគ្នានេះ លោក ខៀវ សុភ័គ បានបន្ថែមទៀតថា រឿងនេះ មិនមាននរណាពាក់ព័ន្ធទៀតទេ គឺបញ្ចប់ត្រឹមលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ យើងមិននឹកស្មានថា គាត់ហ៊ានធ្វើបែបនេះសោះ។
No comments:
Post a Comment