ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រិយមិត្ត នៅខណ្ឌកំបូល និងក្នុងរាជធានីភ្នំពេញទាំងមូល ពិតជាបានដឹងករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កើតឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យជាឃាតករ មានឈ្មោះ យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព (ង៧០ ) មានឋាន្តរសក្តិវរសេនីយ៍ត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ ។ជនសង្ស័យជាឃាតកររូបនេះ អាចសមត្ថកិច្ចឃាត់ខ្លួនបាន ប្រសិនជាមានកិច្ចសហការ ជាមួយអង្គភាពកងពលតូចលេខ ៧០ ខណៈឃាតកររូបនេះនៅមិនឆ្ងាយពីទីនោះទេមើលទៅ?
ចំណែកជនរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរនិសិត្សពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ (ម៉ាកឡុក ) ចំកញ្ចឹង.ក ។ អ្នកទាំងពីរជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ ហើយគ្រោងចូលការ នាខែមីនា ឆ្នាំ២០២០។ រហូតមកទល់នេះគឺជិត មួយឆ្នាំហើយ សមត្ថកិច្ចនៅតែមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេតើមូលហេតុអ្វីទៅ។
យ៉ាងណាមិញគ្រួសារជនរងគ្រោះ ជុន ឌីណា បានសុំឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។នេះជាភាពអយុត្តិធម៌បំផុត សម្រាប់ក្រុមគ្រួសាររងគ្រោះ ខណៈសមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជនដៃដល់ជាឃាតករ ដែលកំពុងរស់នៅសោយសុខ និងបំពេញមុខងារជានាយទាហានដដែល។ ប្រសិនបើចាប់ឃាតករនេះមិនបានទេ និទណ្ឌភាពនៃការប្រព្រឹត្តបទល្មើស អាចនិយាយបានថានៅតែបន្តកើតមាន៕
No comments:
Post a Comment