ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលផ្តើមគំនិតក្នុងធ្វើគុតព្រះចៅអធិការវត្តចេតិយ៍ថ្មី ស្ថិតនៅឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាលនោះ ត្រូវបានកម្លាំងសមត្ថកិច្ចវែកមុខចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ។សេចក្តីរាយការណ៍បន្តថា ជនសង្ស័យរូបនេះមានឈ្មោះ ឡៅ ទ្រី ហៅឃាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររកស៊ីពុះដីឡូតិ៍លក់ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។
សូមរំលឹកថា កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវត្តចេតិយ៍ថ្មី ក្នុងភូមិចេតិយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដោយគេឃើញព្រះចៅអធិការវត្ត ត្រូវគេរឹត.កធ្វើគុតនៅលើគ្រែក្នុងបន្ទប់ដែលព្រះអង្គសឹង ។ ព្រះចៅអធិការដែលរងគ្រោះរូបនេះព្រះនាម ភោគ ធារិទ្ធ ហៅតាតឿ ហៅតាតុប មានព្រះជន្ម៥៣ព្រះវស្សា ។កណីខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា អំពើផ្តាច់ជីវិតទៅលើព្រះចៅអធិការវត្តចេតិយ៍ថ្មី ត្រូវជនសង្ស័យរូបនេះបានប្រើប្រាស់ខ្សែនីឡុងពណ៌ស (ខ្សែកន្ទុយកណ្តុរ) មករឹត.កធ្វើគុតព្រះអង្គ ។ ហើយមុនពេលដឹងថា ព្រះចៅអធិការត្រូវធ្វើគុត គឺមានលោកយាយ ប៉ិច សារឿន ហៅយាយប៊ុក អាយុ៦៧ឆ្នាំ ដែលសំណាក់នៅក្នុងវត្ត បានទៅនិមន្តព្រះអង្គដែលគង់នៅលើកុដិ ដើម្បីនិមន្តទៅឆាន់ចង្ហាន់ពេលព្រឹកដូចសព្វដង ។
លុះពេលទៅដល់មុខកុដិ លោកយាយបានស្រែកហៅរកព្រះចៅអធិការ ប៉ុន្តែមិនឮសម្លេងឆ្លើយតបទេ លោកយាយក៏ត្រឡប់ទៅសាលាឆាន់វិញ ។សមត្ថកិច្ចបង្ហើបបន្តថា ដោយមិនអស់ចិត្ត និងខ្លាចផុតចង្ហាន់ពេលព្រឹកផងនោះ លោកយាយប៉ុក បានដឹកដៃលោកយាយម្នាក់ទៀតឈ្មោះ ធ្លក យន អាយុ៧០ឆ្នាំ ដែលសំណាក់នៅក្នុងវត្តនោះដែរ ឲ្យទៅជួយនិមន្តចៅអធិការឆាន់ចង្ហាន់ ។ ពេលនោះលោកយាយធ្លក យន បានឡើងលើកុដិ និងរុញទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញព្រះចៅអធិការសុគតនៅលើគ្រែ និងមានភួយពណ៌លឿងគ្របលើព្រះកេស ទើបមានការភ្ញាក់ផ្អើលឆោឡោហៅសេក្ខលោក និងទួងស្គរហៅពុទ្ធបរិស័ទឲ្យមកមើល ។
សមត្ថកិច្ចបង្ហើបទៀតថា បន្ទាប់មកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានបង្កើតគណៈកម្មការព្រួតពិនិត្យសពនៅកន្លែងកើតហេតុ ដែលនៅលើផ្ទៃព្រះភក្ត្រព្រះអង្គមានស្នាមឈាមហូរ និងលៀនអណ្តាត នៅត្រង់.កមានខ្សែនីឡុងពណ៌សរឹតជុំវិញ និងស្នាមរលាត់ទ្រូងខាងស្តាំ និងស្នាមរលាត់សើស្បែកនៅកញ្ចឹង.កផងដែរ ។ បើតាមរយៈការពិនិត្យ និងធ្វើកោសល្យវិច័យ ព្រះសពព្រះអង្គ សមត្ថកិច្ចសន្និដ្ឋានថា ព្រះចៅអធិការសុគតដោយសារប្រើប្រាស់ខ្សែរឹត.កបណ្តាលឲ្យថប់ដង្ហើម ។ ហើយករណីនេះសមត្ថកិច្ចបានសហការជាមួយកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ធ្វើការស៊ើបអង្កេត ដើម្បីវែកមុខជនសង្ស័យតែម្តង ។
ជាក់ស្តែង បានតែមួយសប្តាហ៍គត់ គឺនៅថ្ងៃ២៧ ខែធ្នូ ពិតជាឈាមស្រែកស្បែកហៅមែន កិច្ចប្រត្តិបត្តិការ និងស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឈានទៅដល់ការឃាត់ខ្លួនជនផ្តើមគំនិតក្នុងអំពើផ្តាច់ជីវិតទៅលើព្រះចៅអធិការវត្តចេតីយថ្មីនេះ ។លោកស្នងការនគរបាលខេត្តកណ្តាលដឹកនាំផ្ទាល់ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាលក្នុងរយៈពេល៧ថ្ងៃ ក៏ឈានដល់ការកំណត់បានមុខសញ្ញាមេខ្លោងផ្ដើមគំនិតជួលជនសង្ស័យឲ្យទៅធ្វើគុតព្រះសង្ឃ នោះគឺឈ្មោះ ឡៅ ទ្រី ហៅឃាង នេះ ។
បន្ទាប់ឃាត់ខ្លួនជនផ្តើមគំនិតក្នុងករណីខាងលើនេះ មេក្លោងផ្តើមគំនិតរូបនេះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា នៅថ្ងៃមិនចាំខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅឃាង ណាត់ជួបគ្នានៅហាងម្លប់ស្វាយ ជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាល វិហារលួង ។ ពេលជួបគ្នាជនសង្ស័យបាននិយាយរឿងឈ្លោះគ្នាជាមួយចៅអធិការវត្តចេតតិយ៍ថ្មី ហើយបានសួររកអ្នកស្មាត់ (អ្នកផ្តាច់ជីវិត) ។ ពេលនោះឈ្មោះ ស្រេង ស្រ៊ុន ថា រឿងហ្នឹងកុំភ័យឲ្យតែលុយម៉ោ ទើបឈ្មោះ ឡៅ ទ្រី ហៅឃាង សួរថាប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុនឆ្លើយថា ៧.០០០ដុល្លារ ហើយខ្លួន (ឡៅ ទ្រី) បានយល់ព្រម ។
មេក្លោងផ្តើមគំនិតរូបនេះសារភាពបន្តថា រំលងបានប្រហែល២០ថ្ងៃ ក្រោយមកវេលាម៉ោងប្រហែល៤រសៀល ឈ្មោះស្រេង ស្រ៊ុន (ជនដៃដល់) បានទូរស័ព្ទហៅខ្លួនឲ្យទៅជួបនៅហាងម្លប់ត្នោត ដោយប្រាប់ថា ១០.០០០ដុល្លារទើបបានធ្វើកើត ព្រោះទាល់តែគ្នា៣នាក់បានធ្វើឈ្នះ ពេលនោះខ្លួនក៏បានយល់ព្រម ហើយបានប្រគល់លុយឲ្យមុន៣.០០០ដុល្លារ រួចក៏បែកគ្នាចេញមកមុន ។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង៤០នាទី ល្ងាចឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកប្រាប់ខ្លួនថា «ប្លង់រឹង» (ភាសាដាក់ម៉ូធ្វើសកម្មភាព) ធ្វើរួចហើយ ខ្លួនក៏ថា ធ្វើរួចក៏រួចទៅ ។ប្រភពដដែលបន្តថា លុះដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ បានឆាតតាម Telegram ថា បានផ្តាច់ជីវិតចៅអធិការរួចហើយ ដោយរឹត.ករួចលើកដាក់លើគ្រែគ្របភួយ ពេលនោះឈ្មោះស្រេង ស្រ៊ុន បានទារលុយពីខ្លួនបង្គ្រប់ តែខ្លួនថា ចាំស្អែកទៅ ។ លុះស្អែកឡើងវេលាម៉ោង១០និង៣០នាទី ខ្លួន (ឡៅ ទ្រី មេក្លោងផ្តើមគំនិត) បានបើករថយន្តម៉ាកព្រុស យកលុយទៅឲ្យឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ នៅជិតរោងចក្រស្រែចិន្តា។
ពេលទៅដល់ឃើញឈ្មោះ ស្រេង ស្រ៊ុន ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ផ្លាកលេខចាំនៅទីនោះ ហើយក៏ហុចលុយ៧.០០០ដុល្លារតាមកញ្ចក់ឡានឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន រួចហើយឈ្មោះ ស្រេង ស្រ៊ុន បានប្រាប់ថា ពេលប៉ូលិសសួរ កុំឆ្លើយអ្វីទាំងអស់ និយាយតែមិនដឹងៗទៅប៉ូលីសមិនអាចធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបពាក់ពន្ធ័ទាំងអស់ចោល រួចក៏បែកគ្នាទៅ ។ចម្លើយរបស់មេខ្លោងផ្តើមគំនិតរូបនេះបន្តថា មូលហេតុដែលខ្លួន (ឡៅ ទ្រី) បានរៀបចំផែនការធ្វើគុតព្រះសង្ឃជាជនរងគ្រោះ ព្រោះបានយកផ្ទះ និងតូបផ្សារនៅផ្សារម៉ាន់អាំង រាជធានីភ្នំពេញ និងដី២ឡូតិ៍នៅផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដោយបានយកលុយពីលោកចំនួន ១ ១៥០០ ដុល្លារថា ទៅសង់ផ្ទះ តែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិរបស់លោក(ចៅអធិការ) ដែលជនរងគ្រោះឲ្យខ្លួនឈរឈ្មោះជំនួស យកទៅលក់អស់ទៀតផង ។
ហើយចុងក្រោយនេះខ្លួនបានលេចឮព័ត៌មានថា ព្រះចៅអធិការលោកជិតសឹក នៅដំណាច់ឆ្នាំនេះ ដើម្បីទៅកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់របស់លោកវិញ ទើបខ្លួនរៀបចំផែនការធ្វើគុត ដើម្បីបំបិទមាត់ព្រះអង្គឲ្យបានសម្រេចនៅថ្ងៃទី១៩ ខែធ្នូ នេះតែម្ដង ក្នុងគោលបំណងប្រមូល និងកាន់កាប់លុយកាក់ និងទ្រព្យសម្បត្តិរបស់ព្រះចៅអធិការទាំងអស់។ ក្រោយបញ្ចប់ការសួរយកចម្លើយ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តតាមស្វែងបក្សពួក ដែលជាជនដៃដល់បន្តទៀត ៕
No comments:
Post a Comment