តើពិតទេ ករណីមន្ត្រីពន្ធនាគារម្នាក់ ចូលនិវត្តន៍ស្លាប់ជាងបីខែពេលទូរស័ព្ទសុំបើកលុយសមាគមគេឆ្លើយថាទាល់តែមានអ្នកស្លាប់បួនដប់នាក់ទើបគេបើកឲ្យម្ដង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តើពិតទេ ករណីមន្ត្រីពន្ធនាគារម្នាក់ ចូលនិវត្តន៍ស្លាប់ជាងបីខែពេលទូរស័ព្ទសុំបើកលុយសមាគមគេឆ្លើយថាទាល់តែមានអ្នកស្លាប់បួនដប់នាក់ទើបគេបើកឲ្យម្ដង


ខេត្តកំពង់ឆ្នាំង ៖ ប្រសិនបើមានករណីនេះពិតប្រាកដមែន វាជាអំពើមាកងាយ និងសំដីគ្មានសីលធម៌របស់មន្ត្រីដែលកំពុងបំពេញការងារ។ ខណៈ មានអំពើមួយ ពិតជាធ្វើអោយមានការហួសចិត្ត ត្រង់ថាស្ត្រីម្នាក់ប្ដីរបស់គាត់ជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងក្រោយពីប្តីស្លាប់ជាង៣ខែ ដល់ពេលស្ត្រីជាប្រពន្ធទូរស័ព្ទសួរទៅអ្នកបើកលុយ គេឆ្លើយថាអត់មានលុយទេ ទាល់តែមានអ្នកស្លាប់បួនដប់នាក់ ទើបបានគេបើកលុយឲ្យម្ដង ។ តាមរយៈការលើកឡើងបែបនេះ ក្លាយជាចម្ងល់ថា តើប្រាក់គោលនយោបាយសមាគមខាងលើនេះ ពិតជាត្រូវធ្វើបែបនេះមែនឬទេ ? ឬមួយមានចេតនាឱ្យមន្ត្រីបន្តទទួលមរណភាពអោយបានច្រើន ? ។

សូមបញ្ជាក់ថា លោកស្រី វង្សវណ្ណារី អាយុ ៦០ ឆ្នាំ មុខរបរ ជាអាជីវករលក់ដូរ រស់នៅក្នុងភូមិដំណាក់ពពូល សង្កាត់-ក្រុង-ខេត្តកំពង់ឆ្នាំង បានរៀបរាប់អោយដឹងទាំងទឹកភ្នែកនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ម្សិលមិញប្រាប់អ្នកសារព័ត៌មានថា លោកស្រីជាភរិយារបស់ លោកវរសេនីយ៍ទោ ពេជ្រ សុខ អាយុ៦២ ឆ្នាំជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង។គាត់បានបន្តថា ប្ដីលោកស្រីបានចូលនិវត្តន៍ពីរបីឆ្នាំហើយនិងកាលពីថ្ងៃទី០៦ ខែ១០ ឆ្នាំ ២០២០  ប្ដីលោកស្រីបានស្លាប់ដោយសារជំងឺឡើងឈាម គិតមកដល់ពេលនេះមានរយៈពេលជាងបីខែហើយ។ លោកស្រីបានបញ្ជាក់ថា ដោយឡែកក្នុងពេលប្ដីស្លាប់លោកស្រីបានចំណាយប្រាក់ធ្វើបុណ្យឱ្យប្ដីសរុបអស់ ៨លានរៀល ក្នុងនោះ ៣លានរៀលជាប្រាក់ខ្ចីគេផងដែរ ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី ឲ្យបានចប់ចុង ចប់ដើមរួចរាល់។ 

ផ្ទុយទៅវិញកាលពីជាង ១០ថ្ងៃមុន លោកស្រីបានទូរស័ព្ទទៅសួរស្ត្រីម្នាក់ជាអ្នកបើកលុយធ្វើការនៅសាលាខេត្ត ប្រើប្រាស់លេខទូរស័ព្ទ ០១២ ៥៧០ ៣៥៤ ពេលនោះស្ត្រីខាងលើបានឆ្លើយតបមកវិញថាអត់មានលុយទេទាល់តែមានអ្នកស្លាប់បួនដប់នាក់ទើបគេបើកលុយសមាគមនេះឲ្យម្ដង ។ លោកស្រី វង្ស វណ្ណារី បានរៀបរាប់ទាំងទឹកភ្នែកទៀតថា លោកស្រីមានកូន ៦នាក់ ក្នុងនោះកូនបីនាក់បានមានគ្រួសារបែកចេញទៅហើយ នៅសល់កូន៣នាក់ទៀតក្នុងបន្ទុក។ក្នុងនោះដែលកូនប្រុសម្នាក់អាយុ ៣២ ឆ្នាំគឺជាមនុស្សដែលមានសតិមិនប្រក្រតី និងបានបង្កការលំបាកយ៉ាង ច្រើនដល់រូបគាត់ ក្នុងការរស់នៅសព្វថ្ងៃ   

ដោយឡែកមុនពេលប្ដីស្លាប់បីខែ កូនប្រុសម្នាក់នៅខេត្តកំពង់ចាមក៏បានស្លាប់ បន្ទាប់មកប្ដីគាត់ក៏បានឈឺស្លាប់ទៀត គឺទុក្ខជាន់លើទុក្ខ តែម្តង ។មកដល់ពេលនេះគាត់ពិតជាជួបការលំបាកខ្លាំងណាស់ គឺខ្វះខាតជីវភាពរស់នៅ ព្រមទាំងនៅជំពាក់លុយគេពេលធ្វើបុណ្យសពប្តីថែមទៀតថ្វីត្បិតតែគាត់មានផ្ទះថ្មរស់នៅមែន តែផ្ទះថ្មនេះគឺនៅបន្តបង់លុយសងធនាគារជារៀងរាល់ខែនៅឡើយមិនទាន់បានសងគេរួចទេ ។ ហេតុនេះគាត់សូមសំណូមពរដល់លោកអភិបាលខេត្តក៏ដូចជាប្រធានពន្ធនាគារខេត្ត មេត្តាជួយបើកប្រាក់គោលនយោបាយប្ដីស្លាប់ របស់សមាគមជូនគាត់ផង ដើម្បីបានប្រាក់សងគេ និងសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គ្រាដែលរស់នៅជាស្ត្រីមេម៉ាយ។

ជុំវិញបញ្ហាខាងលើនេះ ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងលោក ពៅ វុទ្ធី បានឆ្លើយប្រាប់ក្រុមអ្នកយកព័ត៌មានដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៤មករា២០២១នេះថា លោកមិនបានដឹងថាគ្រួសារលោក ពេជ្រ សុខ មិនទាន់បានបើកប្រាក់គោលនយោបាយរបស់សមាគមនោះឡើយ ។លោកបានបញ្ជាក់ថានឹងជួយជំរុញឲ្យអ្នកកាន់លុយបើកប្រាក់គោលនយោបាយរបស់សមាគម ឱ្យបានលឿនបំផុត ក្នុងពេលឆាប់ៗនេះដើម្បីជួយដោះស្រាយការលំបាករបស់គ្រួសារសពរបស់លោកពេជ្រ សុខ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ចំពោះប្រាក់របបគោលនយោបាយ សមាគមអតីតមន្ត្រីរាជការដែលបានទទួលមរណភាព ។ ជាពិសេសនៅតាមបណ្ដាលអង្គភាពនីមួយៗ ដូចជាយោធភូមិ , កងពល , តំបន់ប្រតិបត្តិការសឹករងរាជធានី-ខេត្ត ,ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បណ្ដាអង្គភាពផ្សេងៗ តែងតែយកប្រាក់ទាំងនោះទៅប្រគល់ជូនដល់លំនៅឋាន។ ផ្ទុយទៅវិញនៅមានមន្ត្រី មិនបានបំពេញការងាររបស់ខ្លួន ស្របតាមតួនាទីភារកិច្ច និងប្រើពាក្យសម្ដីមិនគប្បី សុទ្ធតែបន្សល់ទុកនូវអំពើស្អប់ខ្ពើមបំផុតក្នុងសង្គម។ ដូចលោកស្រីខាងលើ បានលើកបញ្ជាក់ជូនជាភ័ស្តុតាងស្រាប់ ។ បញ្ហានេះ គួរតែសាមុីអង្គភាព មេត្តាពិនិត្យអំពីបុគ្គលិកលក្ខណៈរបស់មន្ត្រីរូបនេះ ឲ្យបានត្រឹមត្រូវផង ជៀសវាងក្លាយទៅជាទម្លាប់ដែលប្រជាពលរដ្ឋស្អប់ខ្ពើមក្នុងសង្គម៕

 


No comments:

Post a Comment

Pages