ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសធានារ៉ាប់រងដល់ការសិក្សារហូតដល់ចប់ សម្រាប់កូនតូចៗទាំង ៣ នាក់ របស់សពលោក ជាង សុខា ដែលបានទទួលមរណភាពដោយរោគាពាធ ដែលសពត្រូវបានបូជាកាលពីម្សិលមិញ។លោក ជាង សុខា វ័យ ៤២ ឆ្នាំ ដែលជាអ្នកកាសែតអាជីព និងវិជ្ជាជីវៈ ១ រូប បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ ដោយរោគាពាធនៅគេហដ្ឋានរបស់លោកក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ សពរបស់លោកត្រូវបានបូជានៅវត្តកម្សាន្តក្នុងខណ្ឌច្បារអំពៅ កាលពីព្រឹកម្សិលមិញដោយមានបងប្អូន ក្រុមគ្រួសារសព និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិរាប់រយនាក់ចូលរួម។ មរណភាពរបស់លោក ជាង សុខា គឺជាការបាត់បង់អ្នកសារព័ត៌មានដ៏ឆ្នើម និងជាការបាត់បង់ធនធានមនុស្សដ៏កម្រ ១ រូប ក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។
លោក ខៀវ កាញារីទ្ធ ដែលជាអធិបតី និងជាអ្នកអុជភ្លើងបូជាសពបានផ្តែផ្តាំទៅដល់ភរិយារបស់លោក ជាង សុខា បន្ទាប់ពីការបូជាសពថា សូមកុំឱ្យបារម្ភពីការសិក្សារបស់កូនដោយលោកធានារ៉ាប់រងក្នុងការចំណាយលើថ្លៃសិក្សាដល់កូនទាំង ៣ រហូតដល់ចប់ការសិក្សា។ «ខ្ញុំនឹងចេញថ្លៃសិក្សាដល់ក្មេងៗ ថ្លៃសម្លៀកបំពាក់ ព្រមទាំងថ្លៃរថយន្តដឹកសិស្សផងដែរ»។នៅព្រឹកថ្ងៃដែលលោក ជាង សុខា បានបាត់បង់ជីវិតលោក ខៀវ កាញារីទ្ធ បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា៖ «នៅព្រឹកថ្ងៃទី ២២ មករា ២០២១ នេះយើងបានបាត់បង់សហភាតរៈដ៏ឆ្នើមម្នាក់ទៀតរបស់យើងហើយ គឺលោក ជាង សុខា! សូមព្រលឹងលោកបានទៅកាន់សុគតិភព និងសូមកុំបារម្ភពីអនាគតកូនទាំង ៣ ឱ្យសោះ»។
ភរិយារបស់លោក ជាង សុខា គឺលោកស្រី សុខ សោភ័ណ្ឌ វ័យ ៣៨ ឆ្នាំ បានប្រាប់ថា លោកស្រីបានបាត់បង់ស្វាមីដែលជាបង្គោលរបស់គ្រួសារ ហើយលោកស្រីមិនដឹងជាត្រូវធ្វើយ៉ាងណានោះទេ ពីព្រោះពេលនេះជីវិតគឺដូចជាកំពុងនៅតែលតោលកណ្តាលសមុទ្រ។ ប៉ុន្តែលោកស្រីបានសម្តែងការត្រេកអរជាខ្លាំង ចំពោះទឹកចិត្តរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអគ្គនាយកសាលាវេស្ទឡាញ លោក ប៉ិច បូឡែន ដែលបានជួយផ្តល់អាហារូបករណ៍ និងផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗលោកស្រីរហូតដល់ចប់។លោកស្រីនិយាយនៅខាងមុខមឈូសរបស់ប្តីថា៖ «ខ្ញុំធូរស្រាលបន្ទុក ចំពោះការរកលុយផ្គត់ផ្គង់ការសិក្សារបស់កូនៗដែលបានរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជួយ។ គាត់បានប្រាប់ខ្ញុំ ខ្ញុំសប្បាយចិត្ត និងអរគុណចំពោះទឹកចិត្តរបស់គាត់»។
លោក ជាង សុខា បានសិក្សាជំនាញវិជ្ជាជីវៈអ្នកសារព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងខែវិច្ឆិកាឆ្នាំ១៩៩៩។ ក្រៅពីជាអតីតអ្នកកាសែត និងជាប្រធានក្រុមអ្នកយកព័ត៌មាននៅកាសែត ភ្នំពេញ ប៉ុស្តិ៍ និងជាអ្នកកាសែតនៅតាមស្ថាប័នមួយចំនួនទៀត និងក្រោយមកជានិពន្ធនាយកនៅកាសែតខ្មែរថាមស៍លោក សុខា ក៏ជាទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក រហូតដល់វេលាចុងក្រោយនេះផងដែរ។លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានសម្តែងការសោកស្តាយចំពោះការបាត់បង់លោក ជាង សុខា។ លោកថ្លែងថា ការចងចាំរបស់លោក និង ស.ស.ស.ក ចំពោះសណ្តានចិត្ត និងមនសិការរបស់សហការីដ៏ល្អនេះគឺមានច្រើនណាស់។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានក៏បានសម្តែងការសោកស្តាយចំពោះការបាត់បង់លោក សុខា ដែលធ្លាប់បានបំពេញការងារជាមួយគ្នានៅស្ថាប័នកាសែត ភ្នំពេញ ប៉ុស្តិ៍ ផងដែរ។ «ខ្ញុំពិតជាតក់ស្លុតនៅពេលដែលដឹងថាបង សុខា បានទទួលមរណភាព ទោះបីជាយើងបានធ្វើការខុសស្ថាប័នក៏ដោយ ប៉ុន្តែយើងនៅតែធ្វើការជាមួយគ្នានៅក្នុងនាមជាមិត្តភក្តិ អ្នកដែលធ្វើការលើវិស័យសារព័ត៌មាន»។លោក ជាង សុខា មានស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ។ លោកបានរៀបការជាមួយលោកស្រី សុខ សោភ័ណ្ឌដោយទទួលបានបុត្រ ៣ នាក់ក្នុងនោះមាន សុខា ដេវីត អាយុ ១២ ឆ្នាំ សុខា រតនៈ អាយុ ១០ ឆ្នាំ និងសុខា សូលីតា អាយុ ៥ ឆ្នាំ៕
No comments:
Post a Comment