ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងការយល់ច្រឡំជាមួយនឹងលោកស្រី ហ៊ុន ស៊ីណាត ឈានដល់តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានចេញមកការពារភាពត្រឹមត្រូវរបស់ខ្លួន ក្រោយពីមានការប្ដឹងប្តល់គ្នាកាលពីពេលកន្លងទៅ ។ ប៉ុន្តែការប្ដឹងនេះ ក៏បានធ្វើការសម្របសម្រួលគ្នារួចទៅហើយដែរ។សូមបញ្ជាក់ថា ការចេញមុខមកបកស្រាយ និងការពារកុំឲ្យមានការយល់ច្រឡំពីអ្នកនាង ម៉េង កែវពេជ្ជតា នេះបានធ្វើឡើងបន្ទាប់ពីលោកស្រី ហ៊ុន សុីណាត ប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុនសែន បានបង្ហោះសារតាមបណ្ដាញសង្គម facebook ជុំវិញការចុះផ្សាយពីបណ្ដាញសារព័ត៌មានក្នុងស្រុកមួយដែលបានដកស្រង់សម្តីតារាចម្រៀងរូបនេះទៅលើករណីការដកពាក្យបណ្ដឹងនានា ក្នុងនោះក៏មានពាក្យបណ្ដឹងលោកស្រី ហ៊ុន ស៊ីណាត ផងដែរ។
សូមជម្រាបជូនថា លោកស្រី ហ៊ុន ស៊ីណាត បានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបថតអ្នកនាង ម៉េង កែវពេជ្ជតា និងលិខិតសុំទោសរបស់តារាចម្រៀងរូបនេះ ដោយលោកស្រីសរសេរយ៉ាងដូច្នេះថា (ខ្ញុំសូមជម្រាបបងប្អូន កូនក្មួយ មិត្តរួមហ្វេសប៊ុកជាទីស្រលាញ់ ជួយមើល តើមុខមីមួយហ្នឹងវាមកសុំទោសខ្ញុំដល់ផ្ទះ រួមទាំងធ្វើលិខិតថែមទៀត តែអនិច្ចាមីមមាចនេះ វាឡាយថា ខ្ញុំដកពាក្យបណ្ដឹងវា។ លោកស្រីបន្តថា នេះហើយបានជាខ្ញុំស្អប់អាវប្បធម៌អន្តរាគមន៍អញ្ចឹង បានមីមមាចនេះវាឡើងចាង)។តាមរយៈការបង្ហោះសារបែបនេះធ្វើឡើងដោយលោកស្រី ហ៊ុន ស៊ីណាត ទើបតារាចំរៀង ម៉េង កែវពេជ្ជតា បានព្យាយាមចេញមុខបកស្រាយឡើងវិញ ទាក់ទងទៅនឹងអ្វីដែលនាងបាននិយាយ ដើម្បីការពារខ្លួន និងកុំឲ្យមានការភាន់ច្រឡំ។
នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា (យប់មិញខ្ញុំសម្រាកមិនលក់ទេ, ព្រោះតែការហួសចិត្តនឹងព័ត៌មានកាឡៃពាក្យសម្តីខ្ញុំ ) អ្វីដែលខ្ញុំនិយាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនបានសំដៅលើលោកជំទាវមីងសោះ ខ្ញុំមានទាំងវីដេអូច្បាស់ៗ គ្រប់គ្នាដែលទស្សនាការឡាយក៏អាចធ្វើជាសាក្សីបាន..! តារារូបនេះបន្តថា ខ្ញុំនិយាយតែពីអ្នកផ្សេង ខ្ញុំក៏មិនបានមានចរិតអំនួតអ្វីដែរ តែពាក្យខ្លះ គឺខ្ញុំចង់ផ្ញើទៅមនុស្សប្រុសម្នាក់ដែលខ្ញុំប្តឹង ព្រោះតែចូលមកជេរខ្ញុំក្នុងការឡាយរបស់ខ្ញុំ គឺដើម្បីចង់ប្រាប់ថា កុំឲ្យម្នាក់នោះប៉ះពាល់ខ្ញុំទៀតតែប៉ុណ្ណោះ។ ប៉ុន្តែព័ត៌មានចុះផ្សាយនិយាយផ្សេងទៅវិញគួរឲ្យហួសចិត្ត។
លោកស្រីបន្តថា យប់មិញដើម្បីកុំឲ្យមានការយល់ច្រឡំ នាងខ្ញុំក៏បានចេញមកឡាយបកស្រាយ ថែមទាំងធ្វើការសុំទោសលោកជំទាវមីងជាច្រើន ក្រោយពីខ្ញុំទទួលបានដំណឹងភ្លាម។ ខ្ញុំសូមបញ្ជាក់ជូនម្ដងហើយម្ដងទៀតថា ខ្ញុំគ្មានគំនិតអាក្រក់ណាមួយចង់ឲ្យលោកជំទាវមីងអាប់ឱនកិត្តិយសទេ។ ខ្ញុំបានទទួលការអភ័យទោសពីលោកជំទាវកាលណោះ គឺជាគុណបុណ្យណាស់ទៅហើយ ដូច្នេះគ្មានប្រយោជន៍អីដែលខ្ញុំត្រូវមកធ្វើអាក្រក់លើលោកជំទាវមីងនោះទេ ខ្ញុំក៏ស្រឡាញ់គោរពលោកជំទាវរហូតមកដែរ ខ្ញុំគ្មានថ្ងៃធ្វើបាបចិត្តលោកជំទាវទេ មានតែការពារ គ្រាន់តែគិតបន្តិចក៏យល់។ សូមបញ្ជាក់ផងដែរថា កន្លងទៅជុំវិញការវិវាទពាក្យសម្ដីរវាងតារាចម្រៀងរូបនេះ និងលោកស្រី ហ៊ុន ស៊ីណាត ពិតជាមានអ្នកតាមដានយ៉ាងច្រើន ជាពិសេសអ្នកនិយមលេងហ្វេសប៊ុកតែម្ដង៕
No comments:
Post a Comment