បាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាប់ទៅលើព្រះសង្ឃមួយកាំបិត ព្រោះខឹងសុំបួសមិនបាន ដោយហេតុការណ៍នេះ កើតឡើងនៅចំណុចវត្តឈើទាល ឋិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា បន្ទាប់ពីជនដៃដល់បានធ្វើសកម្មភាពកាប់ទៅលើព្រះសង្ឃមួយអង្គ បណ្តាលឲ្យរងរបួសកាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅចំណុចវត្តឈើទាល ឋិតក្នុងស្រុកបាណន់រួចមក ក៏បានគេចខ្លួនបាត់តែម្តង។ លោកបន្តថា ក្រោយសមត្ថកិច្ចទទួលបាននូវព័ត៌មាននេះ ភ្លាមៗនោះ លោកបានប្រើប្រាស់កម្លាំងចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនបង្កនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះតែម្តង។
ជនបង្កមានឈ្មោះ ហេង សារិន ហៅពៅ អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិអូរចារ សង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង បានកាប់ជនរងគ្រោះជាសង្ឃគ្រូសូត្រឆ្វេងព្រះនាម សូត្រ សុផុនព្រះជន្ម៧២ព្រះវស្សា គង់នៅក្នុងវត្តឈើទាលស្រុកបាណន់។ លោកបន្តថា ពេលធ្វើសកម្មភាពជនដៃដល់ខាងលើ បានពាក់ម៉ាសនិងមួកបិទមុខហើយចូលទៅកាប់លើព្រះសង្ឃអង្គខាងលើចំនួន១កាំបិតលើផ្ទៃមុខ បណ្តាលឲ្យរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដេរចំនួន៩ថ្នេរ។
លោកអធិការបន្តថា យោងតាមសាកសួរព្រះសង្ឃជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យជនបង្កកាប់ព្រះអង្គ ដោយសារមូលហេតុជនបង្កមានគំនុំគំកួន ព្រោះកន្លងមកបានសុំព្រះអង្គចូលបួសចំនួន៣លើក តែព្រះអង្គមិនអនុញ្ញាត។ ព្រះតេជគុណមានសង្ឃដីកាបន្តថា មូលហេតុដែលព្រះអង្គមិនអនុញ្ញាតឲ្យជនបង្កបានបួស ដោយសារជននេះ កន្លងមកមានជាប់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ដែលជាបច្ច័យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាធ្ងន់ធ្ងរ។ ក្រោយឃាត់ខ្លួនជនដៃដល់មកសាកសួរកម្លាំងការិយាល័យជំនាញនៃអធិការស្រុកបាណន់ បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនជនបង្កនិងវត្ថុតាងបន្តទៅកាន់ស្នងការខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
No comments:
Post a Comment