មេដឹកនាំ​អ៊ុង សាន ស៊ូ​ជី និង​ឥស្សរជន​ជាន់ខ្ពស់​ដទៃ​ទៀត​ត្រូវបាន​ចាប់ខ្លួន​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មេដឹកនាំ​អ៊ុង សាន ស៊ូ​ជី និង​ឥស្សរជន​ជាន់ខ្ពស់​ដទៃ​ទៀត​ត្រូវបាន​ចាប់ខ្លួន​


មីយ៉ាន់ម៉ា៖​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង សាន ស៊ូ​ជី និង​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​គណបក្សកាន់អំណាច​ដទៃទៀត ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការ​ឆ្មក់​ចូល​ចាប់​នៅ​ដើម​ថ្ងៃ​ចន្ទ​​ទី​០១​កុម្ភៈ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​សម្ពន្ធជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុងកាន់​អំណាច​។​​ចំណាត់ការ​នេះ​បាន​កើត​ឡើង​ក្រោយ​មាន​ភាព​តានតឹង​អស់​ពេល​ជាច្រើន​ថ្ងៃ​មក​នេះ​រវាង​រដ្ឋាភិបាល​ស៊ីវិល និង​យោធា​ដ៏​មាន​អំណាច​ដែល​បាន​បង្ក​ការព្រួយបារម្ភ​អំពី​ការ​កើត​មាន​រដ្ឋប្រហារ​មួយ​ក្រោយ​​ការបោះឆ្នោត​ជាតិ​ដែល​យោធា​ចោទប្រកាន់ថា​មាន​ការលួចបន្លំ​។​វា​ក៏​បាន​កើតឡើង​មួយ​ថ្ងៃក្រោយ​យោធា​មី​យ៉ាន់​ម៉ា​បាន​និយាយថា​ខ្លួន​នឹង​ការពារ​ព្រមទាំង​គោរព​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស ហើយ​អនុវត្ត​ស្របតាម​ច្បាប់ ។​

​អ្នកនាំពាក្យ​គណបក្ស លោក​ម្យ៉ូ នី​អ៊ុន បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា លោកស្រី​ស៊ូ​ជី ប្រធានាធិបតី អ៊ូ វីន មី​យីនត៍ រួម​ជាមួយ​មេដឹកនាំ​ដទៃ​ទៀត​ត្រូវបាន​ចាប់ខ្លួន​កាលពី​ដើម​ថ្ងៃនេះ​។​«​ជាមួយនឹង​​សភាពការណ៍​ដែល​យើង​កំពុង​ឃើញ​នៅ​ពេល​ឥឡូវ យើង​គិតថា យោធា​ធ្វើ​រដ្ឋប្រហារ​»​។​​អ្នកនាំពាក្យ​បាន​បន្ថែមថា « ខ្ញុំ​ចង់​ប្រាប់​ប្រជាជន​របស់​យើង​ថា​កុំ​ប្រញាប់​ប្រតិកម្ម​លឿន​ពេក និង​ចង់​អោយ​ពួកគេ​ធ្វើ​តាម​ច្បាប់​»​។​ការ​ទូរស័ព្ទ​ទៅកាន់​រដ្ឋធានី​ណៃ​ពីដោរ មិនអាច​ទាក់ទង​បាន​ទេ​នៅ​ព្រឹក​នេះ​ខណៈ​ដែល​ទូរទស្សន៍​រដ្ឋ​បាន​និយាយ​នៅក្នុង​ការផ្សាយ​តាម​ហ្វេ​សប៊ុក​ថា ខ្លួន​មិន​អាច​ផ្សាយ​ដោយសារ​បញ្ហា​បច្ចេកទេស​។​ចំណែក​​អ្នកនាំពាក្យ​យោធា​ក៏​មិន​លើក​ទូរស័ព្ទ​ដែរ នៅពេល​ទូរស័ព្ទ​ចូល​សុំ​ការបំភ្លឺ​។​

​សូមបញ្ជាក់​ថា លោកស្រី ស៊ូ​ជី បាន​ចូល​កាន់​អំណាច​ក្នុងការ​ឈ្នះ​ការ​ឆ្នោត​នៅ​ឆ្នាំ​២០១៥ បន្ទាប់​ពី​ស្ថិត​ក្នុង​ការ​បង្ខាំង​អោយ​នៅ​ក្នុងផ្ទះ​អស់​រាប់​ទសវត្សរ៍ នៅក្នុង​ការតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​មួយ​ដែល​​បានប្រែក្លាយ​លោកស្រី​ទៅ​ជា​ជន​គំរូ​អន្តរជាតិ​មួយរូប​។​សភា​ថ្មី​របស់​មី​យ៉ាន់​ម៉ា​ត្រូវ​ចាប់ផ្តើម​ប្រជុំ​លើកដំបូង​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​ដែល​គណបក្ស សម្ពន្ធជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​បាន​ឈ្នះ​ភ្លូកទឹកភ្លូកដី ដោយ​បំបាក់​គណ​​បក្ស​ដែល​គាំទ្រ​យោធា​យ៉ាង​អាម៉ាស់​។​តែ​យោធា​បាន​អះអាង​ថា ការបោះឆ្នោត​នេះ​មាន​ភាព​មិន​ប្រក្រតី​និង​ទាមទារ​ការស៊ើបអង្កេត​តែ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​បដិសេធ​៕

   

No comments:

Post a Comment

Pages