ឯកឧត្តមដួង ដារា ខ្ញុំសូមចូលរួមត្រេកអរជាមួយ លោក គង់ សារុន ដែលបានទទួលយុត្តិធម៍ក្រោយពេលមានវិវាទអស់រយៈពេល២៦ឆ្នាំមកនេះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង ដារា ខ្ញុំសូមចូលរួមត្រេកអរជាមួយ លោក គង់ សារុន ដែលបានទទួលយុត្តិធម៍ក្រោយពេលមានវិវាទអស់រយៈពេល២៦ឆ្នាំមកនេះ


ភ្នំពេ៖តាមការបញ្ជាក់ពី លោក គង់ សារុន អំពីលទ្ធផលនៃការកាត់ក្តីករណីវិវាទដីធ្លីទំហំ (១០មx២០ម) ដែលរាំរ៉ៃអស់រយៈពេល២៦ឆ្នាំកន្លងមកនេះ គឺក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានសម្រេចអោយគាត់ឈ្នះក្តី ដោយយោងទៅលើភស្តុតាងទីតាំងដីនៃភាគីវិវាទទាំង២នៅទីតាំងផ្សេងគ្នា។ ករណីនេះបើភាគីណាមួយប្តឹងសាទុក្ខពីការសម្រេចនេះ នោះតុលាការកំពូលជាអ្នកសម្រេចចុងក្រោយម្តងទៀត។ 

កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ គង់ សារុន (ប្រុស) ជាអតីតកងទ័ពភូមិភាគ៤ បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសារមានភាគីម្ខាងទៀតឈ្មោះ (ស៊ិន យឿម) តំណាងដោយឈ្មោះ នង ចន្នី បានប្ដឹងទាមទារដីកម្មសិទ្ធិស្របច្បាប់របស់ គង់ សារុន ដែលគាត់មានប្លង់រឹងកាន់កាប់និងកំពុងរស់នៅមកទល់សព្វថ្ងៃ ទៅតុលាការគ្រាប់ជាន់ថ្នាក់ ធ្វើអោយគាត់ចាញ់ក្ដីទាំងអយុត្តិធម៌ ចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០២១ ។ ទោះបីមានការប្តឹងផ្តល់បែបនេះក៏ដោយក៏ លោក គង់ សារុន នៅតែបន្តរស់នៅកាន់កាប់លើដីនេះរហូតមកទល់សព្វថ្ងៃ ព្រោះគាត់អះអាងថាជាដីរបស់គាត់ពិតប្រាកដដែលមានកម្មសិទ្ធិប្លង់រឹងកាន់កាប់ទៀតផង។  ដោយមានការភ័យខ្លាចបើរឿងក្តីនេះបែរជាចាញ់ភាគីម្ខាងទៀតទាំងស្រុងមែននោះ គឺគាត់មិនដឹងជាត្រូវនាំប្រពន្ធនិងកូនទាំង៧ ទៅណាទីណាឡើយ។ នៅថ្ងៃទី ២៩ ធ្នូ ២០២០ ខ្ញុំបានអញ្ជើញគាត់មកជួបពិភាក្សានៅទីស្តីការគណៈរដ្ឋមន្រ្តី។

តាមការបំភ្លឺរបស់ លោក គង់ សារុន បញ្ជាក់ថា កាលពីឆ្នាំ១៩៩២  គាត់បានរស់នៅកាន់កាប់ អាស្រ័យផលលើទីតាំងដីកម្មសិទ្ធិទំហំ (១០ ម៉ែត្រ X ២០ ម៉ែត្រ) ដែលមានប្រពន្ធ និងកូន ៧នាក់កើតនៅលើទីតាំងដីដែលស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៤, មានបង្កាន់ដៃទទួលពាក្យលេខ ១០៤៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៤) ។ ក្រោយមកមន្ទីរសុរិយដីខេត្តសៀមរាប បានចុះធ្វើប័ណ្ណកម្មសិទ្ធិជាប្រព័ន្ធ និងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ (17100208-0479) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ផ្តល់ជូនលោក គង់ សារុន ត្រឹមត្រូវតាមច្បាប់។ 

កន្លងមក ឈ្មោះ គង់ សារុន បានចាញ់ក្តីនៅសាលាតំបូង និងសាលាឧទ្ធរណ៍ (១៦ មិនា ២០១៧) រួចហើ់យ។ ហើយនៅចុងក្រោយគឺតុលាការកំពូលត្រូវការអោយពិនិត្យលើភស្តុតាងបញ្ជាក់អំពីទីតាំងវិវាទ។នៅថ្ងៃទី ១៤ កុម្ភះ ២០១៨ មន្ទីរសុរិយោដីខេត្តសៀមរាប បានចេញលិខិតលេខ (១៥៥ ដនសស.សរ) ដោយបញ្ជាក់ថា តាមផែនទីបង្ហាញទីតាំងដីស្នើសុំលេខ (AII 0066) មានទំហំ (២៦៥៥ ម៉ែត្រការ៉េ) របស់ នង ចន្នី និងទីតាំងនៃក្បាលដីលេខ (479) ទំហំ (២២៣ ម៉ែត្រការ៉េ) របស់ ឈ្មោះ គង់ សារុន  គឺស្ថិតនៅទីតាំងផ្សេងគ្នា។

លោក គង់ សារុន បានដាក់ជូនលិខិតបញ្ជាក់ពីមន្ទីរដែនដី លេខ ១៥៥ ដនសសសរ ចុះថ្ងៃទី ១៤ កុម្ភះ ឆ្នាំ ២០១៨ ទៅតុលាការ។ តុលាការកំពូលក៏បានអោយសាលាឧទ្ធរណ៍ជំនុំជំរះករណីនេះឡើងវិញ។ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ កន្លងមកនេះ សាលាឧទ្ធរក៏បានប្រកាសសាលដីការដោយសម្រេចអោយភាគី លោក គង់ សារុន ឈ្នះក្តីដោយច្រានចោលការទាមទាររបស់ដើមចោទ។ លោក គង់ សារុន និងភរិយា ព្រមទាំងកូនៗទាំង៧នាក់ បានគោរពអរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យ៉ាងជ្រាលជ្រៅបំផុតដែលបានជួយផ្តល់យុត្តិធម៍ដែលគាត់បានទន្ទឹងរង់ចាំអស់រយៈពេល២៦ឆ្នាំកន្លងមកនេះ។ 

ខ្ញុំបាទផ្ទាល់សូមគោរពថ្លែងអំណរគុណសម្តេចតេជោដែលបានផ្តល់ឱកាសអោយខ្ញុំបាទបានជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចទទួលបានជោគជ័យ។ ខ្ញុំក៏សូមអរគុណចំពោះកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមផ្តល់នូវភស្តុតាងនិងការបញ្ជាក់ផ្សេងៗចំពោះករណីប្រជាពលរដ្ឋនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ចប់វិវាទដែលមារយៈពេល២៦ឆ្នាំមកនេះបានជោគជ័យជូនប្រជាពលរដ្ឋ៕











No comments:

Post a Comment

Pages