សៀមរាប៖ប្រជាពលរដ្ឋ៧នាក់ បានប្តឹងមន្ត្រីអាជ្ញាធរជាតិអប្សរានិងបក្សពួកទៅសាលាដំបូងខេត្តសៀមរាប ដោយចោទថា បានរំលោភបំពានដីធ្លីនិងបំផ្លិចបំផ្លាញផលដំណាំរបស់ពួកគេ។យោងតាមបណ្តឹងចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដាក់ទៅសាលាដំបូងខេត្តសៀមរាប ដែលមានស្នាមមេដៃមនុស្ស៧នាក់ បានចោទប្រកាន់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល និងបក្សពួក ថាបានធ្វើសកម្មភាពរំលោភបំពានលើដីកម្មសិទ្ធិនិងបំផ្លាញផលដំណាំរបស់ពួគេ ស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០។
ក្រុមពលរដ្ឋលើកឡើងថា លោក ឡុង កសល និងបក្សពួក បានកាប់បំផ្លាញដំណាំឫស្សីផ្អែម ចំនួន២ ០០០ដើម លើដីប្រហែល១០០ហិកតា ដកបង្គោលរបងថ្មចំនួន១ ៥០០ដើម និងបង្គោលរបងគ្រាក់ ចំនួន៨០០ដើម រួមទាំងដើមដូង ដើមស្វាយ ដើមចេក ដែលសរុបជាទឹកប្រាក់ប្រមាណ២៩ ០០០ដុល្លារ។
បើតាមបណ្តឹង ក្រុមពលរដ្ឋបានទាមទារឱ្យមានការផ្តន្ទាទោសមន្ត្រីអាជ្ញាធរជាតិអប្សរាទាំងនោះ ហើយទាមទារថ្លៃសំណងខូចខាត ចំនួន២៩ ០០០ដុល្លារ និងសំណងជំងឺចិត្ត ចំនួន២០ ០០០ដុល្លារផងដែរ។ដើមបណ្តឹងទាំង៧នាក់នោះ រួមមាន អ្នកស្រី លី អ៊ុំអេង, អ្នកស្រី លី ឆេងឆៃ, លោក លី អ៊ុំចំរើន, លោក ធឿន ដារ៉ូ, លោក ម៉ៃ ម៉ុន, លោក សាន សាន់ និងលោក គយ រ៉ឺ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ធ្លាប់បានលើកឡើងថា? ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅរុះរើរបងរបស់ពលរដ្ឋទាំងនោះ ដោយសារតែពួកគេសាងសង់របង និងដាំដំណាំបំពាន និងគ្មានច្បាប់អនុញ្ញាតក្នុងតំបន់២ នៃរមណីយដ្ឋានអង្គរ។
អ្នកនាំពាក្យរូបនេះបន្តថា តាមព្រះរាជក្រឹត្យស្តីពីការចាត់ចែងនិងគ្រប់គ្រងតំបន់សៀមរាបអង្គរឆ្នាំ១៩៩៤ និង សេចក្តីសម្រេចស្តីពីការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺរាល់ការសាងសង់ឬអភិវឌ្ឍន៍អ្វីមួយក្នុងតំបន់នោះ ត្រូវមានការអនុញ្ញាតជាមុន។លោកឱ្យដឹងទៀតថា មុននឹងក្រុមការងារចុះអនុវត្តវិធានការរដ្ឋបាល គឺមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ហើយមុនសម្រេចធ្វើការរុះរើនោះ ក៏អាជ្ញាធរបានជូនដំណឹងឱ្យពលរដ្ឋទាំងនោះ រុះរើចេញវិញដោយខ្លួនឯងដែរ ប៉ុន្តែពួកគេមិនព្រមអនុវត្តតាម៕
No comments:
Post a Comment