ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែមករា នេះបានអះអាងថា អនុវត្តតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំហើយ ណែនាំទៀតឲ្យប្រើប្រាស់ឱកាសមាសក្នុងការដាំដុះ ចិញ្ចឹមត្រី និងសត្វ ដើម្បីឈានទៅដល់ការកាត់បន្ថយការនាំចូល និងសំណូមពររបស់សមាគមវារីវប្បករនៅកម្ពុជាផងនោះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានធ្វើការពិនិត្យ និងពិចារណាក្នុងការផ្អាកជាបណ្តោះ អាសន្ននូវការនាំចូល ផលិតផលជលផល ដែលវារីវប្បករក្នុងស្រុកអាចផលិតបាន ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្ពោះជាដើម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន រួមចំណែកជំរុញការផលិតក្នុង ស្រកឲ្យបានខ្លាំងក្លា និងឈានទៅរកការនាំចេញនាពេលខាងមុខ។
ក្រសួងកសិកម្មអះអាងថា ថ្មីៗនេះ មានក្រុមអាជីវករនាំចេញ នាំចូលផលិតផលជលផលមួយចំនួន មានការមិនពេញចិត្តចំពោះចំណាត់ការនៃការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផលដែលអាចផលិតបានក្នុងស្រុកនាពេលកន្លងមក។ ដូចនេះ ដើម្បីដោះ ស្រាយបញ្ហាខាងលើនៅ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមមានសមាគមវារីវប្បករនៅកម្ពុជា និងតំណាងអាជីវករនាំចេញ នាំចូលផល ផលិតផល ជលផល និងបានព្រមព្រៀងគ្នាអនុវត្តនូវវិធានការបន្ទាន់មួយចំនួនដូចខាងក្រោម៖
ទី១-សមាគមវារីវប្បករនៅកម្ពុជាត្រូវរៀបចំផ្តល់ជូននូវព័ត៌មានដែល ទាក់ទងទៅនឹងប្រភេទ បរិមាណផល ផលិតផលវារីវប្បកម្មដែលត្រូវដល់ពេលប្រមូលផលនៅតាមខែនីមួយៗ ដល់អាជីករប្រមូលទិញ នាំចេញ នាំចូលផល ផលិតផលជលផល ដើម្បីចុះប្រមូលទិញផល ផលិតផលជលផលដែលផលិត បានក្នុងស្រុកទាំងនោះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ទី២-តំណាងអាជីវករនាំចេញ នាំចូលផល ផលិតផលជលផល បានយល់ព្រមផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រីដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និង ត្រីឆ្តោ ព្រមទាំង ប្រភេទត្រីមួយចំនួនទៀតដែលអាចចិញ្ចឹមបានក្នុងស្រុក តាមការជូនដំណឹងរបស់សមាគមវារីវប្បករនៅកម្ពុជា។
ទី៣-តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល បានឯកភាពក្នុងការបង្កើតនូវសមាគម និងបណ្តុំអ្នកប្រមូលទិញផល ផលិតផលជលនៅតាមតំបន់ ដើម្បីប្រមូលទិញផល ផលិតផលជលផលដែលផលិតបានក្នុងស្រុក។
ទី៤-ចំពោះការនាំឆ្លងកាត់ផល ផលិតផលជលផល តំណាងអាជីវករនាំចេញ នាំចូលផល ផលិតផលជលផល ធានាថានឹងមានការចុះបញ្ជីទទួលស្គាល់នៅដើមទីនិងចុងទីពីមន្ត្រីជលផលមានសមត្ថកិច្ច និងធានាថា មិនមានការទម្លាក់ចែកចាយផល ផលិតផលជលផលឆ្លងកាត់នេះចូលទៅក្នុងទីផ្សារក្នុងស្រុកឡើយ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា វារីវប្បករ អាជីវករនាំចេញ នាំចូលផល ផលិតផលជលផលទាំងអស់សាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាននានា មេត្តាជ្រាប ព្រមទាំងផ្តល់កិច្ចសហការ ជាមួយ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបំពេញភារកិច្ចនេះឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ក្នុងការ ចូលរួមដល់ការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជា៕
No comments:
Post a Comment