ប្រជាពលរដ្ឋ២៤គ្រួសារ នៅភូមិ អូរឧកញ៉ាហេង ភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានផ្តិតមេដៃបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុនលោក ភឺន ផល្លា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រជាពលរដ្ឋ២៤គ្រួសារ នៅភូមិ អូរឧកញ៉ាហេង ភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានផ្តិតមេដៃបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុនលោក ភឺន ផល្លា

ព្រះសីហនុ៖កាលពីពេលថ្មីៗកន្លងទៅនេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានទំនាស់ដីធ្លីជាមួយ ក្រុមហ៊ុនលោក ភឺន ផល្លា រហូតឈានដល់កើតមានអំពើហឹង្សាបណ្តាលមនុស្សមួយចំនួនរងរបួសស្នាម និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។ ប្រជាពលរដ្ឋ និងក្រុមហ៊ុនបានស្នើសុំមកខ្ញុំអោយចុះទៅជួយដោះស្រាយវិវាទដ៏រោលរាលនេះ។

ដោយមើ់លឃើញបងប្អូនពលរដ្ឋយើងមានទុក្ខលំបាក និងដើម្បីបញ្ចៀសរាល់អំពើហឹង្សាដែលអាចកើតមានឡើងទៀតនោះ នៅថ្ងៃទី ២៦ ធ្នូ ២០២០ ខ្ញុំបានដឹកនាំក្រុមការងារបច្ចេកទេសចុះទៅទីតាំងកើតហេតុ និងជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ១៤២គ្រួសារ ដែលបានផ្តិតមេដៃស្នើសុំជំនួយអន្តរាគមន៍លើករណីវិវាទខាងលើ។ ខ្ញុំក៏បានចុះទៅលើកទី ២ នៅថ្ងៃទី ២៧ មករា ២០២១ និងលើកទី ៣ នៅថ្ងៃទី ២៩ មករា ២០២១ ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនលោក ភឺន ផល្លា ដែលមានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋនៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ។

ផ្អែកតាមការពិនិត្យឯកសារពាក់ព័ន្ធយ៉ាងល្អិតល្អន់ បានបង្ហាញថា លោក ភឺន ផល្លា បានចុះកិច្ចសន្យាទិញដីដែលមានប័ណ្ណកម្មសិទ្ធិចំនួន ១០៨ ប័ណ្ណដីពីឈ្មោះ ជិន យានមីង និងប្រពន្ធឈ្មោះ ចូវ ស៊ីម៉ី ដែលមានទីតាំងស្ថិតនៅភូមិអូរតាសេក និងភូមិ អូរឧកញ៉ាហេង ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋកំពុងរស់នៅលើដីនេះប្រមាណ ១៥% លើផ្ទៃដីសរុប។ខ្ញុំបានចរចារជាមួយក្រុមហ៊ុនឲ្យមានការយោគយល់ចំពោះប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់ដីធ្លីនៅក្នុងទីតាំងរបស់ក្រុមហ៊ុនទាំងអស់ប្រមាណ២០០គ្រួសារ ដោយឈរលើគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ ដើម្បីកុំអោយវិវាទនេះក្លាយទៅជាជម្ងឺរាំរ៉ៃ។ 

ក្រុមហ៊ុនក៏បានឯកភាពតាមការសម្របសម្រួលរបស់ខ្ញុំ ដោយសម្រេចថា បើប្រជាពលរដ្ឋណាដែលបានកាន់កាប់អាស្រ័យផលលើដីក្រុមហ៊ុនដែលមានទំហំក្រោម១ហិកតា ក្រុមហ៊ុនសម្រេចផ្តល់ជូនទីតាំងរស់នៅអាស្រ័យផលនោះទៅតាមទំហំកាន់កាប់ជាក់ស្តែង។ជាលទ្ធផល យើងបានចុះកំណត់ទីតាំងជាក់លាក់រួចស្រេចចំពោះគឺមានប្រជាពលរដ្ឋ ២៧គ្រួសារ ដែលក្នុងនោះមាន ២៤គ្រួសារ បានយល់ព្រមបញ្ចប់វិវាទជាមួយក្រុមហ៊ុនភឺនផល្លា ហើយបានចុះកិច្ចសន្យាសះជានៅថ្ងៃទី ២៩ មករា និងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

ដោយឡែកប្រជាពលរដ្ឋផ្សេងទៀត នៅមានភាពស្រពេចស្រពិល មិនទាន់សម្រេចចិត្ត ដោយសារមានសកម្មភាពមួយចំនួនរារាំងមិនឲ្យប្រជាពលរដ្ឋទាំងនោះមកចូលរួមដោះស្រាយបញ្ចប់បញ្ហាវិវាទនេះ ដូចជាមានការគំរាមកំហែងប្រើអំពើហិង្សា និងសកម្មភាពផ្សព្វផ្សាយព័ត៌មានដែលបង្កើតមន្ទឹលសង្ស័យដល់ប្រជាពលរដ្ឋក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្តេច ចំពោះប្រជាពលរដ្ឋណាដែលបបួលគ្នាមកចូលរួមដោះស្រាយបញ្ចប់វិវាទនេះ។ 

ហេតុនេះហើយទើបមានតែពលរដ្ឋ២៧គ្រួសារបានដោះស្រាយបញ្ចប់វិវាទ ដោយឡែកគ្រួសារផ្សេងទៀត(១១៥គ្រួសារ) កំពុងពិចារណានឹងចូលរួមនៅពេលក្រោយ។ជាលទ្ធផល កិច្ចសន្យាសះជានិងបញ្ចប់វិវាទដែលបានធ្វើឡើងរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនលោកភឺនផល្លា គឺជាការដែលបានពន្លត់ជម្លោះដ៏រាំរ៉ៃ ហើយប្រជាពលបានបន្តកាន់កាប់ទីតាំងដីដែលខ្លួនកំពុងរស់នៅនិងអាស្រ័យផលដោយគ្មានការរករឿងប្តឹងផ្តល់ពីក្រុមហ៊ុនទៀតឡើយ។

 ពួកគេនឹងអាចទទួលបានសិទ្ធិចុះបញ្ជីកាន់កាប់ដីធ្លីពីអាជ្ញាធរជំនាញ ឃុំ ស្រុក ខេត្ត នៅពេលដែលដីរបស់ភាគីទាំងពីរមានការទទួលស្គាល់ថាបានកាន់កាប់ត្រឹមត្រូវតាមច្បាប់ពីមុនមកមែន។ខ្ញុំយល់ថាជម្លោះដីធ្លីខាងលើរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនគឺមានសភាពហឹង្សាស្រួចស្រាវស្លាប់រស់ដែលបានកើតឡើងនាពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះមានតែដំណោះស្រាយក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេចទេ ទើបអាចដោះស្រាយបញ្ចប់វិវាទនានាដោយសន្តិភាពបាន។ 

ដំណោះស្រាយនេះ គឺនឹងបញ្ចប់វិវាទទាំងស្រុងដែលអាជ្ញាធរក៏ងាយស្រួលនឹងរៀបចំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងក្រុមហ៊ុនទៀតផង នៅពេលដែលពិនិត្យឃើញថាពួកគេមានប្រវត្តិបានកាន់កាប់រស់នៅអាស្រ័យផលត្រឹមត្រូវតាមច្បាប់ពិតប្រាកដមែននោះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕






























































No comments:

Post a Comment

Pages