ស្ទឹងត្រង់៖គ្រូបង្រៀនមុខវិជ្ជាឯកទេស គីមីវិទ្យា នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលល្បីពូកែគៀបសង្កត់សិស្សឲ្យរៀនគួរនោះ ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកភាព សម្រេចឲ្យបន្តបំពេញការងារនៅទីចាត់ការវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ ពោលគឺមិនអនុញ្ញាតឲ្យបង្រៀនរយៈ ១ឆ្នាំ។
បើតាមលិខិតមួយច្បាប់របស់លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម គោរពជូនលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវត្ថុ “របាយការណ៍ស្តីពីដោះស្រាយករណីរបស់លោកគ្រូ ប៉ូច កវី គ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់” ដោយសម្រេចលទ្ធផល, ស្នើសុំលោក ប៉ូច កវី គ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ បន្តបំពេញការងារនៅទីចាត់ការវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ បន្តទៀត ក្នុងឆ្នាំសិក្សា ២០២០-២០២១ ។ ជាមួយគ្នានេះដែរ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវរៀបចំលិខិត បែបបទឲ្យបានត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល ក្នុងករណីមានការអនុញ្ញាតឲ្យលោក ប៉ូច កវី ធ្វើការបង្រៀនសារជាថ្មី ក្រោយទទួលទណ្ឌកម្មខាងវិន័យរួចរាល់ ដោយមានចម្លងជូនរដ្ឋបាលស្រុកស្ទឹងត្រង់។
គួររម្លឹកផងដែរថា លោកគ្រូ ប៉ូច កវី ត្រូវបានអាណាព្យាបាលសិស្សប្តឹងទៅប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ចាម ម្តងហើយដែរ ក្រោយគ្រូបង្រៀនរូបនេះ បើកបង្រៀនគួរ និងគៀបសង្កត់សិស្ស ខណៈសិស្សខ្លះមិនមានលទ្ធភាពរៀន។ ហើយលោកគ្រូ ប៉ូច កវី ត្រូវបានលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ គឺសម្រួលភារកិច្ចលោកគ្រូ ប៉ូច កវី បង្រៀនមុខវិជ្ជាឯកទេស គីមីវិទ្យា មកបង្រើការងារជាបុគ្គលិករដ្ឋបាលនៅទីចាត់ការវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់វិញ។ យ៉ាងណាក៏ដោយជុំវិញការពិន័យលោកគ្រូ ប៉ូច កវី មិនឲ្យបង្រៀនរយៈពេល ១ឆ្នាំ ហើយត្រូវបំពេញការងារនៅទីចាត់ការវិទ្យាល័យវិញនេះ អាណាព្យាបាលសិស្សម្នាក់ សម្តែងនូវការសប្បាយរីករាយ បើទោះបីបច្ចុប្បន្ននេះ អាណាព្យាបាលសិស្សរូបនេះអះអាងថា នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ នេះ នៅតែមានការបើកបង្រៀនយ៉ាងគគ្រឹកគគ្រេង ។
កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រូបង្រៀនទូទាំងប្រទេស មិនឲ្យបង្រៀនគួរ ក្នុង ម៉ោងសិក្សា និងនៅចុងម៉ោងសិក្សា ព្រោះអាចប៉ះពាល់ដល់សុខភាពសិស្ស និង គ្រូដែលជាកត្តាប៉ះពាល់ដល់គុណភាពរៀន និងបង្រៀន”។ ជុំវិញការបើកបង្រៀនគួរនៅតាមសាលានេះដែរ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យ ដឹងនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថា “ការបង្រៀនគួរ មិនមែនជាអំពើខុសច្បាប់អប់រំទេ ។ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រូបង្រៀនទូទាំងប្រទេស មិនឲ្យបង្រៀនគួរ ក្នុង ម៉ោងសិក្សា និងនៅចុងម៉ោងសិក្សា ព្រោះអាចប៉ះពាល់ដល់សុខភាពសិស្ស និង គ្រូដែលជាកត្តាប៉ះពាល់ដល់គុណភាពរៀន និងបង្រៀន”។
លោកបន្តថា ក្រសួងអប់រំ មិនហាមការបង្រៀនគួរ ដែលមានការយោគយល់ព្រមព្រៀងគ្នារវាងអ្នកផ្តល់សេវាកម្មអប់រំ និងអ្នកទទួលសេវាកម្មអប់រំ ប្រកបដោយការអនុវត្តខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាព និងស្របតាមលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាអនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវ:គ្រូបង្រៀនឆ្នាំ២០០៨ ប្រកាសស្តីពីការលុបបំបាត់ការប្រមូល និង រៃអង្គាសប្រាក់ពីសិស្សនៅតាមសាលារៀនបឋមសិក្សា និងមធ្យមសិក្សាសាធារណៈឆ្នាំ២០០៥។
ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា មិនបានហាមលោកគ្រូ អ្នកគ្រូ បង្រៀនគួរ នៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យទេ ។ មន្ទីរអប់រំ យុវជន និងកីឡា អាចចេញបម្រាមនានា ដើម្បីឆ្លើយតប នឹងតម្រូវការ និងសំណូមពរជាក់ស្តែងពីសំណាក់អាណាព្យាបាលសិស្សានុសិស្ស សម្រាប់គ្រប់គ្រងសាលារៀនស្ថិតក្នុងដែនដីរបស់ខ្លួន។ ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វិធានការរដ្ឋបាលមាន២កម្រិត ពោលគឺ វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្តីបន្ទោសជាលាយល័ក្ខអក្សរ និងផ្លាស់ដោយបង្ខំ និង វិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខ័ណ្ឌ។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ពង្រឹងគុណភាពគ្រូបង្រៀន ដោយលើកកម្ពស់គុណវុឌ្ឍិ និងប្រាក់ខែរបស់គ្រូបង្រៀន។ នៅឆ្នាំ២០១៥ ប្រាក់ខែគ្រូបង្រៀនស្ថិតចន្លោះពី ៥សែនរៀល ទៅ ១លាន ២សែនរៀល។ នៅឆ្នាំ២០២០ ប្រាក់ខែគ្រូបង្រៀនស្ថិតនៅចន្លោះ ១លាន ២សែនរៀល ទៅ ២លាន ១សែនរៀល។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តធ្វើការជាមួយភាគីពាក់ព័ន្ធជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពបង្កើនប្រាក់ខែរបស់គ្រូបង្រៀន៕
No comments:
Post a Comment