ម្តាយក្មេក ឪពុកក្មេកធ្វើប្លង់យកដីពីកូនប្រសារវិញក្រោយពេលកូនបង្កើតខ្លួនទទួលមរណៈភាព - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ម្តាយក្មេក ឪពុកក្មេកធ្វើប្លង់យកដីពីកូនប្រសារវិញក្រោយពេលកូនបង្កើតខ្លួនទទួលមរណៈភាព

កំពង់ចាម៖រឿងរ៉ាវដ៏កំសត់មួយកើតឡើងចំពោះប្អូនស្រី ទូច កញ្ចនា អាយុ៣១ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក និងមានមុខរបរជាជាងកាត់ដេរ។ ប្អូនស្រីបានរៀបការជាមួយប្តីឈ្មោះ ឡៃ វិរៈ កាលពីឆ្នាំ ២០១១ មានមុខរបរជាងជួសជុលរថយន្ត ជាអកុសលប្តីប្អូនស្រីបានទទួលមរណភាពដោយសារជម្ងឺគាំងបេះដូងកាលពីឆ្នាំ ២០១៧។

 មុនពេលមរណៈភាព ពីរនាក់ប្តីប្រពន្ធបានខិតខំរកសុីសន្សំប្រាក់បានមួយចំនួនហើយបានទិញដីមួយកន្លែងទំហំ១៧ម x ៥៧.៣០ម ស្ថិតនៅភូមិអូលើ ឃុំមេសរជ្រៃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម (លេខរៀងក្នុងបញ្ជី ៣៥៨)។ ក្នុងពេលទិញដីនោះ ពីរនាក់ប្តីប្រពន្ធបានខ្ចីលុយឪពុកម្តាយក្មេក (ឪពុកម្តាយរបស់ប្តី) មួយចំនួន ហើយបន្ទាប់មកក៏បានសងគាត់គ្រប់ចំនួនវិញអស់ហើយដែរ។ ថ្លៃទិញដីសរុបមានចំនួនជាង៦ពាន់ដុល្លារ ហើយពេលនោះឪពុកម្តាយក្មេកក៏បានជួយលុយមួយចំនួនតូចដើម្បីបង្រ្គប់ថ្លៃទិញដីអោយកូនបានរស់នៅក្រោយពេលរៀបការ។

ក្រោយពីប្តីស្លាប់ទៅ ឪពុកម្តាយក្មេកក៏បានមកទាមទារយកដីនោះពីកូនប្រសារវិញ ដោយអះអាងថាជាដីគាត់បានទិញយូរហើយ ដោយបានបញ្ជាក់ថាគាត់មានប្លង់រឹងទៀតផង(ធ្វើតាំងពីឆ្នាំ២០១៥) ទើបធ្វើអោយមានវិវាទកើតមានឡើងរវាងកូនប្រសារស្រី និងឪពុកម្តាយក្មេកហើយបានក្តីក្តាំគ្នាតាមផ្លូវតុលាការមកដល់ពេលនេះ។ ក្នុងលិខិតទិញដីគឺដាក់ឈ្មោះប្តី ឡៃ វិរៈ និង បងស្រី ឡៃ ធីតា (មិនមានឈ្មោះប្រពន្ធ)។

 ពេលនោះឪពុកម្តាយក្មេកជាអ្នករក្សាទុកក្រដាសស្នាមទិញលក់នៅគាត់។ លោកមេឃុំមេសរជ្រៃក៏បានចេញលិខិតបញ្ជាក់ទិញដីថាពិតជាដីរបស់កូនប្រាកដមែន។ ទន្ទឹមនឹងនោះដែរ លោកមេភូមិអូលើ ឈ្មោះ វ៉ាន វី និង លោកមេឃុំមេសរជ្រៃឈ្មោះ ប៊ីន ថៃលាង និងសាក្សី១០នាក់ទៀតក៏បានបញ្ជាក់អះអាងថា ទូច កញ្ចនា ពិតជាប្រពន្ធ ដែលបានរស់នៅជាមួយប្តីលើដីក្នុងអាស័យដ្ឋានខាងលើពិតប្រាកដអស់រយៈពេល៦ឆ្នាំ (២០១១-២០១៧) ពិតប្រាកដមែន។

 ដោយភាពទាល់ច្រកខ្លាចបាត់បង់ទីកន្លែងជ្រកកោនសម្រាប់ខ្លួន និងកូនៗ កាលពីថ្ងៃទី ១៤ កញ្ញា ២០២០ ប្អូនស្រី ទូច កញ្ចនា បានដាក់ពាក្យគោរពសុំសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយផ្តល់យុត្តិធម៌ដល់រូបគាត់និងកូនតូចៗទាំង២។រឿងរ៉ាវក្តីក្តាំនេះពិតជាគួរអោយសង្វេគណាស់ ព្រោះជីវិតក្មេងៗ២នាក់ដែលឪពុកស្លាប់បាត់ទៅ ត្រូវនៅក្នុងបន្ទុកម្តាយមេម៉ាយចិញ្ចឹមបីបាច់ថែរក្សា ហើយពេលនេះកំពុងប្រឈមនឹងក្តីក្តាំជាមួយជីដូនជីតានិងជាឪពុកម្តាយក្មេក។

 បើឈ្នះក្តី គឺនឹងមានដំបូលស្នាក់នៅបន្តជាមួយម៉ែកូនទាំង២តទៅទៀត ប៉ុន្តែបើចាញ់ក្តីគឺនឹងត្រូវប្រឈមនឹងបាត់បង់ទីកន្លែងជ្រកកោន និងអត់ផ្ទះសម្បែងស្នាក់នៅ រួមទាំងបញ្ហាមួយចំនួនធំទៀត។ ពេលនេះ តុលាការកំពូលបានស្តាប់ហេតុផលគ្រប់យ៉ាង រួមទាំងទទួលស្គាល់ថាប្តីប្រពន្ធជាអ្នកទិញពិតប្រាកដ។ តុលាការកំពូលក៏បានបញ្ជូនសំណុំរឿងនេះទៅឧទ្ធរអោយកាត់ក្តីឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ត្រឹមត្រូវជូនពលរដ្ឋរងគ្រោះពិតប្រាកដ។ 

សង្ឃឹមថាប្អូនស្រីនិងកូនទាំង២ នឹងទទួលបានយុត្តិធម៌ពិតប្រាកដនាពេលដ៏ខ្លីខាងមុខ។ សច្ចធម៌ យុត្តិធម៌ និងមេត្តាធម៌ ត្រូវដើរទន្ទឹមគ្នា ទើបពលរដ្ឋអាចរស់នៅប្រកបដោយសេចក្តីសុខ ក្រោមដំបូលសន្តិភាព។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕























No comments:

Post a Comment

Pages