កំពត៖លោកឧកញ៉ាប្រធានក្រុមហ៊ុនរៀលអេស្ទេតមួយ បានជួលរថយន្តធុនធំអ្នកដទៃជាង១០គ្រឿង យកទៅប្រើការ បែរជាបញ្ចាំ និងលក់គ្មានសល់។ ជាមួយទង្វើនេះ ត្រូវចៅក្រមសាលាដំបូងខេត្តកំពត សម្រេចឃុំខ្លួនបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ពីបទរំលោភលើទំនុកចិត្ត។
លោក លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនឈ្មោះធី ហួត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារពីបទរំលោភលើទំនុកចិត្ត។
លោកនាយការិយាល័យបានរៀបរាប់អំពីដំណើររឿងថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ក្នុងនាមជាប្រធានក្រុមហ៊ុនហ្គោលរៀលអ៊ីស្ទេត លោកឧកញ៉ា ធី ហួត បានជួលរយន្តធុនធំជាង១០គ្រឿង ពីប្រជាពលរដ្ឋនៅខេត្តកំពត ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ព្រោះតែជួបវិបត្តិហិរញ្ញវត្ថុ លោកធី ហួតបានយករថយន្តទាំងនោះទៅលក់ និងបញ្ចាំដាច់ទាំងអស់។ ជាមួយហេតុការណ៍ទាំងនេះម្ចាស់រថយន្តនៅខេត្តកំពត បានដាក់ពាក្យបណ្តឹងរហូតសាលាដំបូងតម្រូវឱ្យចូលខ្លួន តែជនសង្ស័យបានព្យាយាមគេចវេះ។
លោក លក ញ៉ាវ បានបន្តថា ជាមួយដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់បទបញ្ជាដល់កម្លាំងក្រោមឱវាទឱ្យអនុវត្តដោយយកចិត្តទុកដាក់បំផុត។ លុះដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពេលកំពុងល្បាតតាមដងផ្លូវជាតិលេខ៣ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ធ្វើដំណើរលើផ្លូវជាតិលេខ៣ ក៏នាំគ្នាដេញតាមទាន់ និងឃាត់ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាំមកអនិវត្តតាមនីតិវិធីតែម្តង៕
No comments:
Post a Comment