ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោកស្រី ជូ ប៊ុនអេង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជា ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស (គ .ជ .ប. ជ) បានសំដែងនូវប្រតិកម្មចំពោះ លោកអធិការនគរបាលស្រុកសៀមប៉ាង អោយស្ត្រីនាយនគរបាលចរាចរណ៍ ធ្វើលិខិតកិច្ចសន្យា ហើយគ្មានគំនិតលើកទឹកចិត្តស្ត្រី ក្នុងការបំពេញការងារ ។
លោកស្រីរដ្ឋលេខាធិការបានលើកឡើងថា, ករណីលោកអធិការស្រុកសៀមប៉ាង ព្រមានលោកស្រី អនុសេនីយ៍ទោម្នាក់ដែលបំបៅកូននៅ ក្នុងពេលបំពេញបេសកកម្ម តាមដងផ្លូវ ។យោង៖ អត្ថបទសារព័ត៌មាន ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្រោមចំណងជើង អធិការ ស្រុក សៀមប៉ាង ហៅប៉ូលីសស្រីមកធ្វើកិច្ចសន្យា ក្រោយបំបៅដោះកូនពេលធ្វើការ ថាប៉ះពាល់ដល់ កិត្តិយសនគរបាល និងស្ត្រីខ្មែរ ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្នុងនាមខ្ញុំជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស (គ .ជ .ប. ជ) ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឃើញអត្ថបទដែលផ្សព្វផ្សាយអំពី អធិការស្រុកសៀមប៉ាង ដែលបានកោះហៅ លោកស្រីនគរបាលម្នាក់ដែលគាត់បំបៅកូន នៅតុការងារ តាមផ្លូវ ប្រហែលជានគរបាលចរាចរណ៍ ដើម្បី ទៅព្រមាន និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការបំបៅដោះកូនបែបនេះ ។
បានអានអត្ថបទនេះ ខ្ញុំមានការសោកស្តាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបទបែបនេះ និងមិនបានវែកញែកឲ្យច្បាស់ពីកំហុស និងពីគុណសម្បត្តិ ។ ខ្ញុំសូមជម្រាបលោកអភិបាលខេត្ត មេត្តាជ្រាប ថា ក្នុងស្ថានភាពជាស្ត្រី ដែលមានភារកិច្ចទទួលខុសត្រូវទ្វេដង លើសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គ ភាពស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូន តាំងពីនៅក្នុងផ្ទៃរហូតកើតមក និងបន្តទៅទៀតដល់ពេញវ័យ បើទោះបីជាបុរស ជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់ បង្កលក្ខណៈឲ្យនាងទទួល បាននូវឱកាសថែទាំកូនបានងាយស្រួលយ៉ាងណាក៏ដោយ ក៏នាងមិនបានបោះបង់កូន និងការងារស្នូល របស់នាងដែរ ។ នេះជាទង្វើ ដែលខ្ញុំជាស្ត្រីម្នាក់ សូមគោរពកោតសរសើរ នូវឆន្ទៈ ដ៏មុះមុត ក្នុងការបំពេញ ភារកិច្ចរបស់មន្ត្រីជាស្ត្រី ទោះជាប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ ។
លោកស្រីបន្តថា, លោកអធិការ គួរតែសម្តែងនូវការកោតសរសើរ លើកទឹកចិត្ត និងរិះរកមធ្យោបាយ ឲ្យមន្ត្រីស្រ្តី បែបនេះទទួលបាននូវការយកចិត្តទុកដាក់ និងឲ្យគាត់មានឱកាសគ្រប់គ្រាន់ថែទាំកូនដូចម្តាយលោកថែទាំលោកកាលពីនៅទារក និងភរិយាលោកថែទាំកូនលោកដូចគ្នាដែរ ។ គាត់មិនបានសម្តែងការបញ្ចេញ ភាពសិចស៊ី ដើម្បីថតបង្ហាញសាធារណជនដើម្បីទាក់ទាញដូចអ្នករកស៊ីលក់ភាពសិចស៊ី ដែលលោកត្រូវ មាន ចំណាត់ការនោះទេ តែ ដោយសារតែមានអ្នកដែលចាប់អារម្មណ៍ និងកោតសរសើរគាត់ និងថតដើម្បី ជា ភស្តុតាងបង្ហាញ ថា នេះហើយ ជាស្ត្រី ជាតិជាមាតា និងជាអ្នកដែលមានតួនាទីបម្រើជាតិជាប់ខ្លួន។
អាស្រ័យហេតុនេះ សូមលោកអភិបាល លោកស្រីអភិបាលរងខេត្ត លោកស្នងការ និងថ្នាក់ដឹកនាំ ទាំងអស់ ពិនិត្យករណីនេះ និងរិះរកវិធីលើកទឹកចិត្ត លោកអនុសេនីយទោរូបនេះ និងស្រ្តីជាមន្ត្រីរាជការ ដទៃទៀត តាមតែអាចធ្វើទៅបាន ដើម្បីកុំឲ្យបាក់ទឹកចិត្ត ជាពិសេស ក្នុងឱកាសទិវាអន្តរជាតិនារី ខួបលើក ទី ១១០ និងសូមជូនពរដល់ស្ត្រីទាំងឡាយ ជាកូនស្រី ជាបងស្រី ជាម្តាយ ជាជីដូន ជាមន្ត្រីរាជការ ជាអ្នក ទ្រទ្រង់គ្រួសារ សូមរួចផុតពីអំពើហិង្សា ការប្រមាថមាក់ងាយ ការរើសអើង និងការរំលោភបំពានគ្រប់រូប ភាព និងសូមទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ការគោរព ការឲ្យតម្លៃ និងការទទួលស្គាល់នូវកិច្ចខិតខំ ប្រឹងប្រែង នៅក្នុងការងារគ្រួសារ ការងារសង្គម និងការងារប្រទេសជាតិ ។
សូមបារមី វត្ថុសក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សា និងប្រទានពរ ឲ្យស្ត្រី ដែលជាអ្នកទ្រទ្រង់ពិភពលោក ឲ្យមានជីវិតបន្តពូជពង្ស និងមាន សុខសន្តិភាព ទទួលបាននូវសេចក្តីសុខ សុខភាពល្អបរិបូណ៍ ជៀសផុតគ្រោះថ្នាក់ និងឧបសគ្គផងទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ។លោកស្រីសូមថ្លែងអំណរគុណ លោកអភិបាលខេត្តដែលបានយកចិត្តទុកដាក់ចំពោះការលំបាករបស់មន្ត្រីជាស្ត្រី និង រង់ចាំទទួលព័ត៌មានត្រឡប់អំពីចំណាត់ការសមស្រប ។ សូមលោកជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
No comments:
Post a Comment