កណ្ដាល ៖ នៅថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក និងក្រុមការងារបច្ចេកទេស បានចុះត្រួតពិនិត្យនិងជួយរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ និង កន្លែងចត្តាឡីស័ក សម្រាប់អ្នកមានហានិភ័យខ្ពស់ឆ្លងកូវីដ១៩ នៅតំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។ដើម្បីស្តារស្ថានភាពការរាតត្បាតកូវីដ១៩ នៅតំបន់ជ្រៃធំនោះអោយមានភាពល្អប្រសើរឡើងវិញ និងឆ្លើយតបសំណើរពីអាជ្ញាធរខេត្ត កណ្តាល នៅពេលនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្រេចផ្តល់ការគាំទ្រជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំង និងប្រែក្លាយទីតាំងអាគារមួយចំនួនធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងកន្លែងចត្តាឡីស័ក សម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះ នៅតំបន់ជ្រៃធំ។
តាមការបញ្ជាក់បន្ថែមពីឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៨ ខែមីនានេះថា នៅក្នុងចុះជួយផ្តល់ពិសោធន៍ និងផ្តល់បច្ចេកទេសរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ របស់ឧត្តមសេនីយ៍ ឯកហ៊ុន ម៉ាណែត នាពេលនេះ គឺយើងបានសម្រេចខ្ចីអាគារកាស៊ីណូយុងជីន ដែលអាចផ្ទុកមនុស្សស្នាក់ជាង២០០នាក់នោះ ធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ បណ្តោះអាសន្ននៅតំបន់ជ្រៃធំ នៃស្រុកកោះធំ។ឯកឧត្តម គីម រិទ្ធី បញ្ជាក់ថា បើពិនិត្យស្ថានភាពជារួម បច្ចុប្បន្នពលរដ្ឋខ្មែរនៅក្នុងភូមិចំនួនបីសរុបចំនួនជាង១០២៥គ្រួសារនៅក្នុងតំបន់ជ្រៃធំឃុំសំពៅពូន ស្រុកកោះធំ នោះមិនមាននរណាម្នាក់នៅក្នុងមូលដ្ឋាននោះ មានឆ្លងមេរោគកូវីដ១៩នោះទេ ពោលគឺមានឆ្លងតែនៅក្នុងអាគារកាស៊ីណូក្នុងតំបន់នោះតែប៉ុណ្ណោះ។
ដើម្បីទប់ស្កាត់កុំអោយកូវីដ១៩នេះរាតត្បាតបន្តចេញមកខាងក្រៅ នៅពេលនេះ អាជ្ញាធរ បានសម្រេចបិទបណ្តោះអាសន្នកាស៊ីណូចំនួន៦ទីតាំង និងបានយកអាគារកាស៊ីណូទាំងអស់នោះ ទៅធ្វើជាទីតាំងចត្តាឡីស័កទៅលើបណ្តាបុគ្គលិក និងអ្នកពាក់ព័ន្ធចូលក្នុងកាស៊ីណូនោះ ដោយឡែកសម្រាប់អាជីវកម្មតូចធំគ្រប់ប្រភេទនៅក្នុងតំបន់ជ្រៃធំនោះ ត្រូវបានអាជ្ញាធរក៏បានស្នើអោយបិទបណ្តោះអាសន្ន ហើយសម្រាប់ចរាចរណ៍ធ្វើដំណើរវិញ គឺពលរដ្ឋខ្មែរនៅក្នុងតំបន់នោះគឺអនុញ្ញាតធ្វើដំណើរធម្មតា តែជនបរទេសវិញគឺបានហាមធ្វើដំណើរជាបណ្តោះអាសន្នសិន។ គិតត្រឹមព្រឹកថ្ងៃទី១៨ខែមីនានេះ នៅខេត្តកណ្តាល មានករណីឆ្លងថ្មីកូវីដ១៩ ចំនួន២១នាក់ បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅស្រុកកោះធំ មានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៧៧នាក់
No comments:
Post a Comment