ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : “ប្រទេសជាតិ ប្រជាពលរដ្ឋ របស់យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យនៃសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩” - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : “ប្រទេសជាតិ ប្រជាពលរដ្ឋ របស់យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យនៃសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩”


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបន្តថ្លែងថា ប្រទេសជាតិ ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យនៃសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលជម្ងឺនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងទាំងផ្អែកសុខភាព ទាំងផ្នែកជីវភាពរស់នៅ ព្រមទាំងបានបង្កើតនូវការរើសអើង ការភ័យខ្លាចក្នុងចំណោមពលរដ្ឋនានាទូទាំងប្រទេសក៏ដូចជាទូទាំងសកលលោក។ការថ្លែងនេះ ក្នុងពិធីពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក នៅកងពលតូចលេខ៧០, រាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ពេលនេះប្រទេសជាតិ និងប្រជាជនត្រូវការកងកម្លាំងរបស់យើង ដើម្បីចូលរួមទប់ស្កាត់ជាមួយសត្រូវដែលមើលមិនឃើញមួយនេះ ដូច្នេះត្រូវត្រៀមលក្ខណៈក្នុងការហ្វឹកហ្វឺន និងបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិដោយភាពជោគជ័យតាមបទបញ្ជាប្រកបដោយសុវត្ថិភាព ក្នុងការបំពេញភារកិច្ចរួមគ្នាការពារតំបន់ចត្តាទ្បីស័កឲ្យបានហ្មត់ចត់ ធានាបានការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសត្រូវធំបំផុតរបស់ប្រទេសជាតិ សង្គមជាតិ និងសង្គមគ្រួសាររបស់យើង។ ជាមួយគ្នាអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក មានភារកិច្ចទទួលខុសត្រូវអនុវត្តឲ្យបានជាដាច់ខាតនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងទទួលខុសត្រូវលើកម្លាំងប្រតិបត្តិការដោយផ្តល់ការហ្វឹកហ្វឺនឲ្យបានពេញលេញ និងបំពាក់ឲ្យបានគ្រាប់គ្រាន់ ដើម្បីធានានូវភាពជោគជ័យក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីសេ្នហាជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តទៀតថា ភារកិច្ចចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩មានបីដំណាក់កាលធំៗគឺ៖ទី១. ជាដំណាក់កាលស្រាវជ្រាវរកឲ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីការពារកុំឲ្យគាត់បង្កការឆ្លងរាលដាលទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះកម្លាំងពេទ្យរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អធ្រាត្រ និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។ទី២. ជាដំណាក់កាលគ្រប់គ្រងការពារធានាឲ្យបាននូវការរក្សាទុកអ្នកដែលមានការពាក់ព័ន្ធឲ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះកងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាងសកម្មអស់រយៈកាលកន្លងមក ហើយកងកម្លាំងដែលបានទទួលការហ្វឹកហ្វឺននាពេលនេះនឹងត្រៀមចូលរួមចំណែកនៅពេលដែលមានស្ថានការណ៍ចាំបាច់កើតទ្បើង។

ទី៣. គឺជាដំណាក់កាលផុ្តល់ការព្យាបាលជូនដល់អ្នកដែលមានជំងឺកូវីដ-១៩។ ដំណាក់កាលនេះគឺជាសមត្ថកិច្ចរបស់ក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលគ្រប់ខេត្ត-ក្រុង និងក្រសួងសុខាភិបាលបានខិតខំយ៉ាងខ្លាំងក្លាដើម្បីបន្តព្យាបាលបងប្អូនដែលមានករណីវិជ្ជមាន ហើយជាលទ្ធផលមកទល់ពេលនេះអ្នកជំងឺបានទទួលការជាសះស្បើយច្រើន និងមិនទាន់មានករណីស្លាប់ដោយជំងឺកូវីដ-១៩ណាមួយនៅក្នុងប្រទេសកម្ពុជាយើងនៅទ្បើយទេ។ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសូមអរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល និងបណ្តាកងឯកភាពដែលបានសហការជ្រោមជ្រែង ក្នុងការផ្តល់ក្រុមគ្រូឧទ្ទេស ក្រុមបច្ចេកទេសក្នុងការតាក់តែងឯកសារ និងធ្វើបទបង្ហាញដល់ការហ្វឹកហ្វឺននេះ ហើយបានធ្វើការរៀបចំកម្លាំងដែលមានសុខភាពល្អ និងបានទទួលនូវការចាក់ថ្នាំបង្ការរួចរាល់ ព្រមទាំងអរគុណដល់កងកម្លាំងរបស់យើងសម្រាប់ទឹកចិត្តមុះមុត និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕

   

No comments:

Post a Comment

Pages