ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអំពាវនាវដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាព និងបន្តអនុវត្តវិធានអនាម័យសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តន៍នូវវិធានការ ការពារកូវីដ-១៩ ៣កុំ និង៣ការពារ។
ការអំពាវនាវរបស់ឯកឧត្តមបែបនេះ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញទទួលអំណោយជាម៉ាស គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បរសជនខេត្ត ដែលមានការអញ្ជើញពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមលោកជំទាវអភិបាលរងខេត្តផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ ដល់សប្បរសជនដែលបានជួយឧបត្ថម្ភជាម៉ាស់ គ្រឿងឧបភោគបរិភោគ និងថវិកាពេលនេះ ស្របពេលដែលរដ្ឋបាលខេត្ត កំពុងមានតម្រូវការជាសម្ភារៈការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌល ចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។
ឯកឧត្តមបន្តថា អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានអំពាវនាវដល់សប្បុរសជន អង្គការដៃគូអភិវឌ្ឍន៍ ទាំងអស់សូមបន្តជួយគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជានោះ ពិសេសចូលរួមគាំទ្ររដ្ឋបាលខេត្ត ក្នុងការជួយជ្រោមជ្រែងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តទទួលអំណោយពីសប្បុរសជនរួមមាន ៖ ក្រុមហ៊ុនខ្មែរភូល វែលស៊្វែ ឡូតធើរី ឧបត្ថម្ភម៉ាសចំនួន ២ម៉ឺនម៉ាស។ ក្រុមហ៊ុនដីឡូត៍បឹងស្នាយ ថវិកាចំនួន ២លានរៀល និងលោកជំទាវ មែន ស្រីពៅ និងលោកស្រី ជ័យ ហ៊ុយឡេង និងស្វាមី ឧបត្ថម្ភទឹកបរិសុទ្ធ ១០០យួរ ទឹកផ្លែឈើ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕
Home
Unlabelled
អភិបាលខេត្តកំពង់ចាមអំពាវនាវដល់មន្រ្តីរាជការ និងជាពលរដ្ឋឲ្យចូលរួមអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment